(ភ្នំពេញ)៖ ធនាគារពិភពលោក (World Bank) បានប្រកាសនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២នេះថា ខ្លួនទើបអនុម័តនូវហិរញ្ញប្បទានចំនួន ២៧៤លានដុល្លារអាមេរិកថែមទៀត សម្រាប់ជួយដល់កម្ពុជា ក្នុងស្តារកំណើនសេដ្ឋកិច្ច និងពង្រឹងភាពធន់ បន្ទាប់ពីរងការប៉ះទង្គិចពីវិបត្តិនានា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ World Bank ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២។

World Bank បានឲ្យដឹងថា សេដ្ឋកិច្ចរបស់កម្ពុជា បានរងការខូចខាតធ្ងន់ធ្ងរពីសំណាក់ជំងឺរាតត្បាតកូវីដ-១៩ ដោយធ្វើឲ្យផលិតផលក្នុងស្រុកសរុបបានធ្លាក់ចុះដក ៣.១ភាគរយ ក្នុងឆ្នាំ២០២០ ដែលជាការធ្លាក់ចុះដ៏ខ្លាំងលើកដំបូងក្នុង រយៈពេល៣០ឆ្នាំចុងក្រោយនេះ។ ការវិភាគទិន្នន័យបានបង្ហាញថា អត្រានៃភាពក្រីក្របានកើនឡើងចំនួន ២.៨ភាគរយ ដោយរុញមនុស្សប្រហែល ៤៦០ ០០០នាក់ ឲ្យធ្លាក់ក្នុងភាពក្រីក្រវិញ។ រដ្ឋាភិបាលបានឆ្លើយតបយ៉ាងរហ័ស និងប្រកបដោយប្រសិទ្ធភាពទៅនឹងជំងឺរាតត្បាត តាមរយៈអន្តរាគមន៍ជួយដល់អាជីវកម្ម និងគ្រួសារដែលងាយរងគ្រោះ ប៉ុន្តែដោយសារចំណាយពាក់ព័ន្ធមានការកើនឡើង រដ្ឋាភិបាលចាំបាច់ត្រូវពង្រឹងមូលដ្ឋានសារពើពន្ធ ឲ្យបានរឹងមាំ ចាប់ពីពេលនេះទៅមុខទៀត។

បើទោះជាសេដ្ឋកិច្ចបានងើបឡើងវិញ នៅឆ្នាំ២០២១ និង២០២២ មែនក្តី បរិយាកាសចុះខ្សោយនៅខាងក្រៅមានន័យថា លទ្ធភាពវិលទៅទទួលបានអត្រាកំណើនដ៏រឹងមាំដែលធ្លាប់មាន នៅមុនការផ្ទុះជំងឺរាតត្បាត ពិតជានឹងមិនងាយរកបានទេ។ សង្រ្គាមដែលនៅតែបន្តមានក្នុងប្រទេសអ៊ុយក្រែន ការធ្លាក់ចុះនៃសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិក ដែលជាទីផ្សារនាំចេញដ៏ធំបំផុតរបស់កម្ពុជា និងកំណើនយឺតនៅក្នុងប្រទេសចិន កត្តាទាំងអស់នេះ នឹងជះឥទ្ធិពលមិនល្អមកលើទស្សនវិស័យពាណិជ្ជកម្ម របស់កម្ពុជា។ ប្រទេសនេះក៏ងាយរងគ្រោះខ្លាំងពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុផងដែរ ដោយសារត្រូវប្រឈមនឹងទឹកជំនន់ និងគ្រោះរាំងស្ងួតញឹកញាប់។

ហិរញ្ញប្បទាននេះ ទ្រទ្រង់ដល់កំណែទម្រង់ដែលនឹងសម្រួលដំណើរការចុះបញ្ជីអាជីវកម្ម, លើកកម្ពស់ការប្រកួតប្រជែង និងពង្រីកលទ្ធភាពទទួលបានហិរញ្ញវត្ថុ សម្រាប់សហគ្រាសធុនតូច និងមធ្យម។ កំណែទម្រង់ផ្សេងទៀតនឹងបង្កើនភាពធន់នៃសារពើពន្ធ រួមទាំងការកែលម្អការគ្រប់គ្រងភាពជាដៃគូ រវាងផ្នែកសាធារណៈ និងឯកជន និងការសម្រួលដល់ការលក់ប័ណ្ណបំណុល របស់រដ្ឋាភិបាលក្នុងទីផ្សារក្នុងស្រុក។ ប្រតិបត្តិការរបស់ហិរញ្ញប្បទាននេះ ក៏នឹងជួយសម្រួលដល់ការផ្តល់ជំនួយទាន់ពេលវេលា ដល់ក្រុមគ្រួសារដែលងាយរងគ្រោះ ក្នុងករណីមានគ្រោះមហន្តរាយធម្មជាតិ ឬវិបត្តិសេដ្ឋកិច្ច ណាមួយកើតឡើង។

លោកស្រី ម៉ារៀម សាលីម ប្រធានគ្រប់គ្រងរបស់ធនាគារពិភពលោកប្រចាំកម្ពុជា បានថ្លែងថា ខណៈដែលយុទ្ធសាស្ត្រ «រស់ជាមួយកូវីដ-១៩» បានជួយស្តារសេដ្ឋកិច្ចឲ្យរើបឡើងវិញក៏ពិតមែន ប៉ុន្តែកម្ពុជានៅតែងាយរងគ្រោះដោយសារតែចរន្តធ្លាក់ចុះនូវតម្រូវការក្រៅប្រទេស និងការរអាក់រអួលនានា នៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់សកល នៅឡើយ។ ប្រតិបត្តិការរបស់ហិរញ្ញប្បទាននេះ នឹងជួយកម្ពុជាក្នុងការជំរុញភាពប្រកួតប្រជែងរបស់ផ្នែកឯកជន, ពង្រឹងស្ថានភាពសារពើពន្ធរបស់កម្ពុជា និងផ្តល់ជំនួយដល់ប្រជាជនងាយរងគ្រោះបំផុតរបស់ខ្លួន។

ហិរញ្ញប្បទាននេះ ឈរលើផែនការរបស់រដ្ឋាភិបាល សម្រាប់ស្តារសេដ្ឋកិច្ចឡើងវិញក្រោយសម័យជំងឺរាតត្បាត ដែលមានគោលបំណងទូលំទូលាយបី គឺការស្តារសេដ្ឋកិច្ច, កំណែទម្រង់ និងការបង្កើនភាពធន់ និងបន្ថែមពីលើហិរញ្ញប្បទានចំនួន ២០០ លានដុល្លារអាមេរិក សម្រាប់ Cambodia Relief, Recovery, and Resilience Development Policy Financing ដែលត្រូវបានអនុម័តនៅក្នុងឆ្នាំ២០២១។

ហិរញ្ញប្បទាននេះនឹងជួយសម្រាលសម្ពាធផ្នែកសារពើពន្ធខ្លះ ដែលរដ្ឋាភិបាលកំពុងជួបប្រទះ ដោយសារតែមានឱនភាពក្រែលគួរសមដែរ នៅក្នុងប៉ុន្មានឆ្នាំនេះ។ ឥណទានចំនួន ២៧៤លានដុល្លារអាមេរិកនេះ ត្រូវបានផ្តល់ដោយសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) ដែលជាមូលនិធិរបស់ធនាគារពិភពលោក សម្រាប់ជួយដល់ប្រទេសក្រីក្រ៕