(ភ្នំពេញ)៖ រយៈពេល១១ខែ ចាប់ពីខែមករា-វិច្ឆិកា ឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបចំនួន ១ ៩១៤ ០៥៥នាក់ កើនឡើងជាង១ពាន់ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។

នៅកិច្ចប្រជុំត្រួតពិនិត្យលើការសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស (គ.អ.ច.ទ.) ដែលធ្វើឡើងនាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានឱ្យដឹងថា ចំនួនភ្ញៀវទេសចរអន្តរជាតិចូលមកកម្ពុជាមានការកើនជាលំដាប់ពីមួយខែទៅមួយខែ ដែលឆ្លុះបញ្ចាំងឱ្យឃើញពីភាពជឿទុកចិត្តក្នុងចំណោមភ្ញៀវទេសចរ សន្តិសុខសុវត្ថិភាព និងភាពទាក់ទាញក្នុងវិស័យទេសចរណ៍ និងយកចិត្តទុកដាក់ដឹកនាំ គិតគូរត្រឹមត្រូវរបស់ក្រសួងទេសចរណ៍ និងបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់។

លោកបានថ្លែងថា «ក្នុងរយៈពេល១១ខែ ដើមឆ្នាំ២០២២នេះ ភ្ញៀវទេសចរអន្តរជាតិចូលមកកម្ពុជាមានចំនួន១,៩១៤,០៥៥នាក់ ដែលមានកំណើនរហូតដល់ ១ ០៧១.៦% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលនេះគឺជាការកើនឡើងគួរឱ្យកត់សម្គាល់មួយ»

លោករដ្ឋលេខាធិការ ហោ សារុន បានបន្តថា ក្នុងនោះតាមផ្លូវអាកាសមានចំនួន៦៧៣,៦៦៩នាក់ ស្មើនឹង៣៥.២% តាមផ្លូវគោកមានចំនួន១,២២៦,១១៥នាក់ ស្មើនឹង៦៤.១% និងតាមផ្លូវទឹកមានចំនួន១៤,២៧១នាក់ ស្មើនឹង០.៧%។

ភ្ញៀវទេសចរនៃបណ្តាប្រទេសជិតខាងនៅតែមានចំនួនច្រើននាំមុខគេដដែល ក្នុងនោះភ្ញៀវទេសចរជនជាតិថៃបាននាំមុខគេដែលមានចំនួន៧២០,២០៣នាក់ ភ្ញៀវទេសចរជនជាតិវៀតណាមស្ថិតនៅក្នុងលំដាប់ទី២ ដែលមានចំនួន៤០១,១៩៣នាក់ ដោយឡែកភ្ញៀវទេសចរជនជាតិចិនស្ថិតនៅក្នុងលំដាប់ទី៣ដែលមានចំនួន៩០,៦៤៨នាក់។ ក្រៅពីនេះ មានភ្ញៀវទេសចរជនជាតិអាមេរិក ឡាវ ឥណ្ឌូណេស៊ី កូរ៉េខាងត្បូង បារាំង ម៉ាឡេស៊ី អង់គ្លេសជាដើម៕