(ភ្នំពេញ)៖ អ្នកជំនួញ២រូប នៅក្នុងវិស័យអចលនទ្រព្យមើលឃើញថា នៅឆ្នាំ២០២៣ខាងមុខនេះ គឺជាឱកាសល្អនៃការវិនិយោគ ទៅលើវិស័យអចលនទ្រព្យ ជាពិសេសវិនិយោគទៅលើដី ដែលហុចផលចំណេញច្រើនជាង ប្រភេទអចលនទ្រព្យផ្សេងទៀត។

អ្នកជំនួញអចលនទ្រព្យលើកឡើងបែបនេះ ដោយព្យាករណ៍ថា ស្ថានភាពសេដ្ឋកិច្ចកម្ពុជានឹងស្ទុះងើបឡើងវិញ និងរំពឹងថាចិនដែលនាំមុខគេ វិនិយោគវិស័យចលនទ្រព្យនៅកម្ពុជា នឹងបើកប្រទេសវិញ នៅដើមឆ្នាំ២០២៣។

ឧកញ៉ាបណ្ឌិត គឹម ហ៊ាង អ្នកជំនួញខាងផ្នែកអចលនទ្រព្យ និងប្រធាន KW Cambodia បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា សេដ្ឋកិច្ចកម្ពុជា ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ពោលគឺឆ្នាំ២០២០ ២០២១ និងឆ្នាំ២០២២ បានធ្លាក់ចុះស្ទើរដល់បាត ប៉ុន្តែឆ្នាំ២០២៣ខាងមុខនេះ នឹងស្ទុះងើបឡើងវិញ ដែលជាសញ្ញាណល្អសម្រាប់វិស័យអចលនទ្រព្យ។

លោកលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំមើលឃើញថា ឆ្នាំ២០២៣ សេដ្ឋកិច្ច និងល្អប្រសើរឡើងវិញជាងឆ្នាំ២០២២ ដែលជាពេលមួយយើងអាចធ្វើការរកស៊ីបានហើយ វិនិយោគ អភិវឌ្ឍន៍អីបាន»

លោកបន្ថែមថា នៅដើមឆ្នាំ២០២៣ ដែលអាចនៅក្នុងខែកុម្ភៈ គឺនៅក្រោយថ្ងៃបុណ្យចូលឆ្នាំចិន ចិននឹងបើកប្រទេសឡើងវិញ ដើម្បីឱ្យមានចរន្តនៃការរកស៊ី ដែលជាទម្លាក់ចូលឆ្នាំចិន គឺជាពេលឈប់សម្រាក និងដើរកម្សាន្តរបស់ជនជាតិចិន ខណៈតាមការប្រកាសរបស់អង្គការសុខភាពពិភពលោក នៅត្រីមាសទី១ នៃឆ្នាំ២០២៣ ជំងឺកូវីដ១៩ លែងជាជំងឺសាកលទៀតហើយ។

លោកលើកឡើងបន្តថា សម្រាប់វិស័យអចលនទ្រព្យ ដើម្បីរកស៊ីចំណេញ គ្មានអ្វីល្អជាការទិញដីនោះទេ។ លោកពន្យល់ថា នៅឆ្នាំ២០២៣ខាងមុខនេះ ការវិនិយោគដីធ្លីនៅតែជាឱកាសល្អជាងគេ ដែលហុចផលចំណេញខ្ពស់ ជាពិសេសគួរទិញដីទំនេរ ឬដីស្រែដែលទិញពីម្ចាស់ដើម។ ហើយតំបន់ ដែលមានសន្ទុះអភិវឌ្ឍល្អ គឺនៅភាគខាងជើងក្រុងភ្នំពេញ ដែលនឹងកំពុងក្លាយជាទីតាំងដ៏មានសក្តានុពល។ បើធៀបនឹងតំបន់ដទៃទៀត នៅជុំវិញរាជធានីភ្នំពេញ ភាគខាងជើងទីក្រុងនេះ ជាតំបន់មានការអភិវឌ្ឍលឿន និងអាចពង្រីកក្រុងបានឆ្ងាយនាពេលអនាគត។

លោកពន្យល់បន្ថែមថា «ហេតុផលដែលខ្ញុំនិយាយថា ទិសខាងជើង បើយើងនិយាយពីលក្ខខណ្ឌភូមិសាស្រ្ត ទិសខាងត្បូង គឺវាខ្លីពេក ក្នុងការពង្រីកក្រុងពីភ្នំពេញ ព្រោះបច្ចុប្បន្នភ្នំពេញយើងមានផ្ទៃក្រឡា ៧០០គីឡូម៉ែត្រការ៉េ ហើយឆាប់ៗនេះ នឹងពង្រីកក្រឡាផ្ទៃដល់៩០០គីឡូម៉ែត្រការ៉េ ចំណែកទិសខាងកើតដីភាគច្រើនទាបជាងផ្លូវ ខាងលិច គឺតំបន់រោងចក្រ ហេតុនេះ តំបន់ខាងជើង គឺល្អសម្រាប់ការវិនិយោគប្រភេទអាជីវកម្មថ្លៃៗ»

ឧកញ៉ា នួន រិទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន KFA Group មានប្រសាសន៍ដែរថា បន្ទាប់ពីកម្ពុជាបានរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ទទួលបានជោគជ័យ នាឆ្នាំ២០២២នេះ បានធ្វើឱ្យវិនិយោគទុនមានជំនឿចិត្ត ក្នុងការបណ្តាក់ទុននៅកម្ពុជា ហើយលោកជឿជាក់ថា ទុនវិនិយោគនឹងបន្តកើនឡើងថែមទៀត នៅឆ្នាំក្រោយ។

លោកលើកឡើងថា ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ បន្ទាប់ពីការរីករាលដាលនៃជំងឺកូវីដ១៩ បានធ្វើឱ្យប៉ះពាល់ដល់វិស័យអចលនទ្រព្យ ប៉ុន្តែយ៉ាងណាមិញចរន្តនៃការទិញលក់អចលនទ្រព្យ នៅតែមានដំណើរការ បើទោះបីជាតំបន់ខ្លះធ្លាក់ចុះពី ១៥%ទៅ៣០% តំបន់ខ្លះរក្សាការលក់នៅដដែល ដោយធ្លាក់ចុះខ្លាំងតែវិស័យខុនដូរ និងជួលទីតាំងប៉ុណ្ណោះ។

លោកយល់ថា នៅឆ្នាំ២០២៣នេះ គឺជាឱកាសមាសឱកាសប្រាក់ សម្រាប់ការវិនិយោគអចលនទ្រព្យនៅកម្ពុជា។

គួរជម្រាបថា កាលពីថ្ងៃទី៧ ខែធ្នូនេះរដ្ឋាភិបាលចិនបានសម្រេចបន្ធូរបន្ថយច្បាប់ប្រឆាំងកូវីដ-១៩ ដែលជាការផ្លាស់ប្តូរមួយដ៏ធំ គិតចាប់តាំងជំងឺនេះបានរាតត្បាត រយៈពេល៣ឆ្នាំមកនេះ។ ករណីនេះ គេរំពឹងថា ចិននឹងឈានទៅបើកប្រទេសឡើងវិញ នាពេលខាងមុខនេះ ដែលជំរុញឱ្យអ្នកវិនិយោគ និងភ្ញៀវទេសចរមកកម្ពុជា។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចកម្ពុជា អាចនឹងសម្រេចបានក្នុងរង្វង់ប្រមាណ ៥% ក្នុងឆ្នាំ២០២២នេះ និងប្រមាណ ៦% ក្នុងឆ្នាំ២០២៣៕