(ភ្នំពេញ)៖ លោក តឹករ៉េត សំរេច រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Cambodia Angkor Air បានបញ្ជាក់ឲ្យដឹងថា Cambodia Angkor Air នឹងរៀបចំបង្កើតគម្រោង មួយថ្មី «China's Air Silk Road» ដែលជាគម្រោងផ្លូវសូត្រអាកាស ដោយចង់ឲ្យភ្នំពេញ-សៀមរាប ជាមជ្ឍមណ្ឌល ក្នុងការទទួលបានភ្ញៀវទេសចរពីអាស៊ាន។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក តឹករ៉េត សំរេច អញ្ជើញក្នុងកម្មវិធីជួបជុំ ដើម្បីធ្វើការផ្សព្វផ្សាយ ពីកិច្ចសហប្រតិបត្ដិការ របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ សម្រាប់ពេលឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួម ពីភ្នាក់ងារទេសចរណ៍សំខាន់ៗ​។ ការជួបជុំនេះ ធ្វើឡើងនាសណ្ឋាគារ កាំបូឌីយ៉ាណា នាយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២។

លោក តឹករ៉េត សំរេច បានបញ្ជាក់យ៉ាងដូច្នេះថា «ដោយមានការគាំទ្រពីរដ្ឋាភិបាលចិន យើងនឹងរៀបចំបង្កើតគម្រោងមួយថ្មី Air Silk Road ដែលជាគម្រោងផ្លូវសូត្រអាកាស ដែលចង់ឲ្យ ភ្នំពេញ-សៀមរាប ជាមជ្ឈមណ្ឌល ក្នុងការទទួលភ្ញៀវទេសចរពីអាស៊ាន ហើយភ្ជាប់ពីអាស៊ាន ទៅកាន់ប្រទេសចិន ហើយភ្ជាប់ពីចិន មកភ្នំពេញ-សៀមរាប និងទៅប្រទេសគោលដៅ នៅអាស៊ាន»។

ពាក់ព័ន្ធនឹងការបង្កើតគម្រោងផ្លូវសូត្រអាកាស «China's Air Silk Road» នេះផងដែរ លោក តឹករ៉េត សំរេច មានក្ដីរំពឹងថា ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ អាចធ្វើរឿងនេះបាន ដោយសារតែ Cambodia Angkor Air មានដៃគូសុទ្ធតែមានសមត្ថភាព។

លោក តឹករ៉េត សំរេច បានឲ្យដឹងទៀតថា ឆ្នាំ២០២៣ ខាងមុខនេះ Cambodia Angkor Air នឹងពង្រីកបន្ថែម នូវការហោះហើរជាច្រើនទៀត ទៅកាន់ទីក្រុងហៃគូ ហាំងចូវ សៀងហៃ ប៉េកាំង នៃប្រទេសចិន និងសិង្ហបុរី ដែលអាចមានអ្នកដំណើរកើនឡើង ចំនួន៦៥០,០០០នាក់ ប្រមាណជិត១០,០០០ជើង និងបាននាំយកនូវយន្តហោះថ្មី ATR72 មួយគ្រឿង និង Airbus A320 មួយគ្រឿង។

លោក តឹករ៉េត សំរេច បានថ្លែងថា រយៈពេលដ៏លំបាកបំផុត សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ របស់យើងបានឈានដល់ទីបញ្ចប់ហើយ យើងកំពុងតែសម្លឹងឆ្ពោះ ទៅកាន់អនាគតដ៏ត្រចះត្រចង់ ការរីកចម្រើនកាន់តែលឿន និងពង្រីកការហោះហើរបន្ថែម ដោយនាំយកនូវវប្បធម៌ និងអរិយធម៌ខ្មែរទៅកាន់ពិភពលោក។

បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ Cambodia Angkor Air នៅដើមឆ្នាំ២០២២នេះ ភ្ញៀវទេសចរអន្តរជាតិ មានការកើនឡើងគួរឲ្យកត់សម្គាល់ចំនួន១.៥៧លាននាក់ ស្មើនឹង១០ដង បើធៀបទៅនឹងឆ្នាំ២០២១ ជាពិសេសខេត្តសៀមរាប ទទួលភ្ញៀវទេសចរក្នុងស្រុក និងអន្តរជាតិសរុបចំនួន១.៨លាននាក់ កើនឡើង៨ដង បើធៀបនឹងឆ្នាំមុន យោងតាមតួលេខ របស់ក្រសួងទេសចរណ៍។

ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ បានបន្ថែមជើងហោះហើរជាច្រើន ទៅកាន់ខេត្តសៀមរាប ខេត្តព្រះសីហនុ ទីក្រុងហូជីមិញ ទីក្រុងដាណាំង រាជធានីហាណូយ នៃប្រទេសវៀតណាម និងទីក្រុងចិនចូវ ទីក្រុងណាននីង នៃប្រទេសចិន។ ឆ្នាំ២០២២នេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ រំពឹងថា នឹងដឹកអ្នកដំណើរ បានចំនួន២១៤,០០០នាក់។

ដោយមានការគាំទ្រពីម្ចាស់ភាគហ៊ុនទាំងអស់ ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ មានគោលបំណងអភិវឌ្ឍជើងហោះហើររបស់ខ្លួន ដោយគ្របដណ្តប់លើគោលដៅ ដែលមានសក្តានុពល នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ អាស៊ីខាងកើត និងជាពិសេសទីផ្សាររបស់ប្រទេសចិន តាមរយៈការអភិវឌ្ឍគម្រោង «កិច្ចព្រមព្រៀងសហប្រតិបត្តិការយុទ្ធសាស្ត្រហោះហើរផ្លូវសូត្រ ហឺណាន-កម្ពុជា-អាស៊ាន» (Henan-Cambodia-ASEAN-Air Silk Road Strategic Cooperation Agreement) ហើយក្រុមហ៊ុនក៏គ្រោងនឹងបង្កើត ទីស្នាក់ការកណ្តាលទីពីរ នៅក្នុងប្រទេសចិន៕