(ប៉េកាំង)៖ ប្រទេសចិននឹងផ្តោតលើស្ថិរភាពសេដ្ឋកិច្ចនៅឆ្នាំ២០២៣ និងបង្កើនការកែសម្រួលគោលនយោបាយដើម្បីធានានូវការសម្រេចបានគោលដៅសេដ្ឋកិច្ចសំខាន់ៗ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយកាលពីថ្ងៃសុក្របន្ទាប់ពីកិច្ចប្រជុំរបស់មេដឹកនាំនិងអ្នកបង្កើតគោលនយោបាយ។

យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ កិច្ចប្រជុំបិទទ្វាររយៈពេលពីរថ្ងៃដែលត្រូវបានកោះប្រជុំដើម្បីកំណត់ទិសដៅសេដ្ឋកិច្ចនៅឆ្នាំ២០២៣នេះ ត្រូវបានឃ្លាំមើលយ៉ាងជិតស្និទ្ធដោយវិនិយោគិនក្នុងគ្រាដែលពេលមានការរំពឹងទុកថា ទីក្រុងប៉េកាំងនឹងបង្កើនវិធានការគាំទ្រសេដ្ឋកិច្ច។

ប្រទេសមហាអំណាចសេដ្ឋកិច្ចទីពីររបស់ពិភពលោកមួយនេះប្រឈមមុខនឹងបញ្ហាជាច្រើន ដោយសារករណីឆ្លងជំងឺកូវីដ-១៩ កើនឡើង បន្ទាប់ពីការបន្ធូរបន្ថយការរឹតត្បិតយ៉ាងធ្ងន់ធ្ងរ ដែលប៉ះពាល់ដល់អាជីវកម្ម និងអ្នកប្រើប្រាស់ ខណៈដែលការថយចុះកំណើនសេដ្ឋកិច្ចពិភពលោកប៉ះពាល់ដល់ការនាំចេញរបស់ចិន។

សេចក្តីថ្លែងការណ៍ដដែលនេះដែលត្រូវបានចេញបន្ទាប់ពីសន្និសីទស្តីពីការងារសេដ្ឋកិច្ចមជ្ឈិមប្រចាំឆ្នាំ និងដែលត្រូវបានចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានស៊ីនហួបានឱ្យដឹងថា ប្រទេសចិននឹងអនុវត្តគោលនយោបាយសារពើពន្ធសកម្ម និងគោលនយោបាយរូបិយវត្ថុប្រកបដោយការប្រុងប្រយ័ត្ននៅឆ្នាំក្រោយ។

ទីភ្នាក់ងារព័ត៌មានស៊ីនហួបានរាយការណ៍ថា គោលនយោបាយសារពើពន្ធនឹងត្រូវបានបង្កើន និងកាន់តែមានប្រសិទ្ធភាព ដោយរក្សាបាននូវអនុភាពការចំណាយចំបាច់ ខណៈដែលគោលនយោបាយរូបិយវត្ថុនឹងមានភាពច្បាស់លាស់ និងរឹងមាំ ដោយរក្សាសាច់ប្រាក់ងាយស្រួលគ្រប់គ្រាន់។

សេចក្តីថ្លែងការណ៍នេះបានឱ្យដឹងថា៖ «នៅឆ្នាំក្រោយ យើងនឹងផ្តល់អាទិភាពដល់ស្ថិរភាព និងខិតខំសម្រេចបានវឌ្ឍនភាព»។

សេចក្តីថ្លែងការណ៍ដដែលនេះបានបន្តថា ប្រទេសចិនគួរតែសម្របសម្រួលវិធានការបង្ការ និងគ្រប់គ្រងការរីករាលដាលជំងឺរាតត្បាត និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឱ្យកាន់តែប្រសើរឡើង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕