(កូឡុំបូ)៖ សេដ្ឋកិច្ចរបស់ប្រទេសស្រីលង្កាបានធ្លាក់ចុះ ១១,៨ភាគរយនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២២ ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន ដែលជាការធ្លាក់ចុះប្រចាំត្រីមាសខ្លាំងបំផុតទីពីរមិនធ្លាប់មានសម្រាប់ប្រទេសដែលឆ្លងកាត់វិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ការគ្រប់គ្រងសេដ្ឋកិច្ចមិនត្រឹមត្រូវ និងផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ បានធ្វើឱ្យប្រទេសស្រីលង្កាខ្វះខាតប្រាក់ដុល្លារសម្រាប់ការនាំចូលទំនិញសំខាន់ៗ ដូចជាម្ហូបអាហារ ប្រេងឥន្ធនៈ ជី និងថ្នាំពេទ្យជាដើម។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់ទិន្នន័យដែលបានចេញផ្សាយដោយនាយកដ្ឋានជំរឿន និងស្ថិតិស្រីលង្កានៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា វិស័យកសិកម្មបានធ្លាក់ចុះ ៨,៧ភាគរយនៅក្នុងត្រីមាសទី៣ ហើយឧស្សាហកម្មធ្លាក់ចុះ ២១,២ភាគរយ ខណៈដែលសេវាកម្មបានធ្លាក់ចុះ ២,៦ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោក Dimantha Mathew ប្រធានផ្នែកស្រាវជ្រាវប្រចាមក្រុមហ៊ុន First Capital បានប្រាប់រ៉យទ័រថា៖ «នេះគឺជាការធ្លាក់ចុះដ៏អាក្រក់បំផុតទីពីរដែលស្រីលង្កាបានជួបប្រទះបន្ទាប់ពីធ្លាក់ចុះ ១៦,៤ភាគរយនៅក្នុងត្រីមាសទីពីរ ឆ្នាំ២០២០»

លោកមានប្រសាសន៍ថា៖ «ការព្យាកររបស់យើងគឺថា វានឹងកាន់តែអាក្រក់ ប្រហែលជាការធ្លាក់ចុះប្រហែល ២០ភាគរយ ប៉ុន្តែឥឡូវនេះការធ្លាក់សរុបសម្រាប់ឆ្នាំនេះអាចមានប្រហែល ៩ ភាគរយ»

ធនាគារកណ្តាលរបស់ប្រទេសស្រីលង្កាបានប៉ាន់ប្រមាណថា សេដ្ឋកិច្ចអាចធ្លាក់ចុះប្រហែល ៨ ភាគរយនៅឆ្នាំ២០២២នេះ។

យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ រដ្ឋាភិបាលស្រីលង្កាបានឱ្យដឹងថា កត្តាជាច្រើនរួមមានអតិផរណាខ្ពស់ ការដាច់ចរន្តអគ្គិសនី អត្រាការប្រាក់ខ្ពស់ កង្វះការនាំចូល និងកង្វះប្រេងឥន្ធនៈ និងជីបានជះឥទ្ធិពលដល់កំណើនសេដ្ឋកិច្ចក្នុងត្រីមាសចុងក្រោយ។

រដ្ឋាភិបាលបានឱ្យដឹងថា៖ «ការថយចុះតម្រូវការទំនិញ និងសេវាកម្មសំខាន់ៗ និងមិនសំខាន់ ដោយសារការថយចុះប្រាក់ចំណូលពិតរបស់ប្រជាជន បាននាំឱ្យសេដ្ឋកិច្ចដើរឆ្ពោះទៅរកការធ្លាក់ចុះនេះ»