(សេអ៊ូល)៖ លោក Yoon Suk-yeol ប្រធានាធិបតីកូរ៉េខាងត្បូងបានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលនឹងបន្ធូរបន្ថយបទប្បញ្ញត្តិទីផ្សារអចលនទ្រព្យឱ្យបានលឿនជាងមុន ដើម្បីរក្សាស្ថិរភាពទីផ្សារក្នុងគ្រាដែលមានការកើនឡើងអត្រាការប្រាក់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សម្ដីលោក Yoon ដែលបានថ្លែងក្នុងអំឡុងកិច្ចប្រជុំតាមទូរទស្សន៍មួយដើម្បីពិនិត្យមើលគោលបំណងគោលនយោបាយរបស់រដ្ឋាភិបាលកូរ៉េថា៖ «ខណៈពេលដែលតម្លៃផ្ទះកំពុងស្ថិតក្នុងនិន្នាការធ្លាក់ចុះដោយសារតែអត្រាការប្រាក់ខ្ពស់ (រដ្ឋាភិបាល) នឹងលុបចោលបទប្បញ្ញត្តិខាងផ្នែកតម្រូវការក្នុងល្បឿនកាន់តែលឿនសម្រាប់ស្ថិរភាពទីផ្សារ»

បន្ទាប់ពីការថ្លែងសុន្ទរកថាទៅកាន់ប្រជាពលរដ្ឋសាមញ្ញចំនួន ១០០នាក់ លោក Kim Joo-hyun ប្រធានផ្នែកនិយតករហិរញ្ញវត្ថុបាននិយាយថា រដ្ឋាភិបាលកំពុងរៀបចំផែនការដើម្បីអនុញ្ញាតឱ្យផ្តល់ប្រាក់កម្ចីទិញផ្ទះបន្ថែមសម្រាប់អ្នកដែលបើកដំណើរការអាជីវកម្មជួល និងអ្នកដែលមានផ្ទះច្រើន។

លោក Kim បានមានប្រសាសន៍ថា៖ «វាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ទីផ្សារអចលនទ្រព្យក្នុងការសម្រេចបានការថមថយសេដ្ឋកិច្ចប្រកបដោយស្ថិរភាពមកវិញ (soft-landing)។ (រដ្ឋាភិបាល) គ្រោងនឹងលុបចោលបទប្បញ្ញត្តិកម្ចីម្តងមួយៗ»។

ទីផ្សារអចលនទ្រព្យរបស់ប្រទេសកូរ៉េខាងត្បូងកំពុងទទួលរងនូវការធ្លាក់ថ្លៃខ្លាំងបំផុតក្នុងរយៈពេលយ៉ាងហោចណាស់ពីរទសវត្សរ៍ក្នុងឆ្នាំនេះ ក្នុងគ្រាដែលមានវដ្តនៃការដំឡើងអត្រាការប្រាក់ដ៏ខ្លាំងក្លាបំផុតរបស់ធនាគារកណ្តាលកូរ៉េ។

ធនាគារកណ្តាលកូរ៉េបានដំឡើងអត្រាការប្រាក់គោលនយោបាយរបស់ខ្លួនចំនួន ២៧៥ពិន្ទុមូលដ្ឋាន ឬស្មើនឹង ២,៧៥ភាគរយ ដែលធ្វើឱ្យអត្រាការប្រាក់កើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលមួយទសវត្សរ៍ ៣,២៥ភាគរយគិតចាប់តាំងពីខែសីហាឆ្នាំមុន ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយអតិផរណាដែលកំពុងកើនឡើង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕