(ព្រុចសែល)៖ មេដឹកនាំសហភាពអឺរ៉ុប (EU) បានជួបជាមួយសមភាគីរបស់ខ្លួនមកពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍សម្រាប់កិច្ចប្រជុំកំពូលមួយនៅទីក្រុងព្រុចសែលនៅថ្ងៃពុធសប្តាហ៍នេះ ដោយសម្លឹងឆ្ពោះទៅរកការពង្រឹងទំនាក់ទំនងនឹងគ្នាក្នុងគ្រាមានសង្គ្រាមនៅអ៊ុយក្រែន និងការប្រឈមពីប្រទេសចិន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។

អឺរ៉ុបមានបំណងជំរុញពាណិជ្ជកម្មជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលជាតំបន់មួយដែលប្រមូលផ្តុំដោយប្រទេសមានសេដ្ឋកិច្ចលូតលាស់លឿនបំផុតមួយចំនួនរបស់ពិភពលោក។

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ដោយដកស្រង់សម្ដីរបស់ប្រធានាធិបតីបារាំងលោក Emmanuel macron ថា៖ «អឺរ៉ុបចាំបាច់ត្រូវតភ្ជាប់ឡើងវិញជាមួយអាស៊ានដែលជាតំបន់មួយក្នុងចំណោមតំបន់ដែលមានថាមពលខ្លាំងបំផុតក្នុងពិភពលោក»

សហភាពអឺរ៉ុបបាននិងកំពុងជំរុញផ្នែកការទូតដើម្បីជំរុញពិភពលោកឱ្យប្រឆាំងនឹងទីក្រុងមូស្គូ ខណៈដែលការលុកលុយរបស់រុស្ស៊ីបានបង្កមានផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច និងនយោបាយជុំវិញពិភពលោក។

ប៉ុន្តែប្រទេសទាំង១០ របស់អាស៊ានបានបែកបាក់គ្នាក្នុងការឆ្លើយតបទៅនឹងសង្គ្រាមរបស់វិមានក្រឹមឡាំងលើប្រទេសអ៊ុយក្រែន ដោយប្រទេសខ្លះប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី និងខ្លះទៀតរក្សាភាពអព្យាក្រឹត។

ខណៈដែលអឺរ៉ុបដាក់សម្ពាធឱ្យមានការឆ្លើយតបកាន់តែតឹងរ៉ឹងចំពោះរុស្ស៊ី មានប្រទេសមហាអំណាចពិភពលោកមួយទៀតកំពុងបង្កភាពអាប់អួរក្នុងកិច្ចប្រជុំកំពូលនេះ។

ការទាមទាររបស់ចិនទៅលើសមុទ្រចិនខាងត្បូងបានបង្កឱ្យមានប៉ះទង្គិចគ្នាជាមួយប្រទេសជិតខាងមួយចំនួនរបស់ខ្លួន និងបង្កឱ្យមានការភ័យខ្លាចនៅអឺរ៉ុបជុំវិញលំហូរពាណិជ្ជកម្មតាមរយៈផ្លូវពាណិជ្ជកម្មពិភពលោកដ៏សំខាន់មួយនេះ។

ប៉ុន្តែប្រទេសចិននៅតែជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតសម្រាប់អាស៊ាន ហើយប្រទេសជាច្រើននៅក្នុងតំបន់មានការប្រុងប្រយ័ត្នក្នុងការងាកចេញឆ្ងាយពីប្រទេសជិតខាងដ៏ធំរបស់ពួកគេមួយនេះ។

យោងតាមទីភ្នាក់ងារព័ត៌មាន AFP សហភាពអឺរ៉ុបមានបំណងចង់ក្លាយខ្លួនជាដៃគូដែលអាចទុកចិត្តបានសម្រាប់សេដ្ឋកិច្ចប្រកបដោយថាមពលនៅអាស៊ីអាគ្នេយ៍ ក្នុងគ្រាដែលមានការប្រកួតប្រជែងកាន់តែខ្លាំងឡើងរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន។

សហភាពអឺរ៉ុប និងអាស៊ាន គឺជាដៃគូពាណិជ្ជកម្មធំទី៣ របស់គ្នាទៅវិញទៅមក ហើយអឺរ៉ុបមើលឃើញថា តំបន់នេះជាប្រភពសំខាន់សម្រាប់វត្ថុធាតុដើម និងចង់បង្កើនលទ្ធភាពចូលទៅកាន់ទីផ្សារដែលកំពុងរីកចម្រើននានារបស់ខ្លួននៅក្នុងតំបន់នេះ។

បណ្តាប្រទេសសហភាពអឺរ៉ុបកំពុងជំរុញឆ្ពោះទៅរកការធ្វើពិពិធកម្មខ្សែចង្វាក់ផ្គត់ផ្គង់សំខាន់ៗឱ្យងាកឆ្ងាយពីប្រទេសចិន ខណៈដែលសង្រ្គាមនៅអ៊ុយក្រែនបានបង្ហាញពីភាពងាយរងគ្រោះរបស់អឺរ៉ុប។

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា សហភាពអឺរ៉ុបគ្រោងនឹងបង្ហាញការវិនិយោគដែលអាចមានតម្លៃ ១០ពាន់លានអឺរ៉ូ (១០,៦ពាន់លានដុល្លារ) សម្រាប់តំបន់អាស៊ានស្ថិតក្រោមយុទ្ធសាស្រ្ត Global Gateway របស់ខ្លួនដែលបានបង្កើតឡើងដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ប្រទេសចិន។

អាស៊ាន និងសហភាពអឺរ៉ុបបានផ្អាកការជំរុញរបស់ខ្លួនក្នុងការសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មរួមគ្នាមួយកាលពីជាងមួយទសវត្សរ៍មុន ហើយទីក្រុងព្រុចសែលបានផ្តោតលើកិច្ចព្រមព្រៀងដ៏ទាក់ទាញជាមួយសមាជិកនីមួយៗរបស់អាស៊ាន។

រហូតមកដល់ពេលនេះ កិច្ចព្រមព្រៀងជាមួយប្រទេសវៀតណាម និងសិង្ហបុរីកំពុងអនុវត្ត ប៉ុន្តែសហភាពអឺរ៉ុបមានបំណងពន្លឿនការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសឥណ្ឌូណេស៊ីដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេនៅអាស៊ាន ហើយនឹងបន្តការចរចាជាមួយម៉ាឡេស៊ី ហ្វីលីពីន និងថៃ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP៕