(វ៉ាស៊ីនតោន)៖ រដ្ឋាភិបាលរបស់លោកប្រធានាធីបតីអាមេរិក Joe Biden គ្រោងនឹងដកក្រុមហ៊ុនចិនមួយចំនួនចេញពីបញ្ជីពាណិជ្ជកម្មទង់ក្រហម (flag trade list) ក្នុងគ្រាមានកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធពីទីក្រុងប៉េកាំង។

មន្ត្រីអាមេរិកម្នាក់បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រនៅសប្តាហ៍នេះថា ផែនការដកក្រុមហ៊ុនទាំងនោះចេញពីបញ្ជីឈ្មោះដែលគេហៅថាជាបញ្ជីគ្មានការផ្ទៀងផ្ទាត់នេះ ហើយត្រូវបានរំពឹងថានឹងធ្វើឡើងក្នុងពេលឆាប់ៗនេះ ត្រូវបានធ្វើឡើងដោយសារមានឆន្ទៈកាន់តែខ្លាំងពីរដ្ឋាភិបាលចិនក្នុងការអនុញ្ញាតឱ្យអាមេរិកចូលធ្វើអធិការកិច្ចដល់ទីតាំងផ្ទាល់។

ក្រសួងពាណិជ្ជកម្មអាមេរិកបានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីបញ្ហានេះនេះ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័រមិនអាចកំណត់ចំនួន ឬឈ្មោះរបស់ក្រុមហ៊ុនចិនដែលគ្រោងនឹងត្រូវបានដកចេញពីបញ្ជីនេះបានទេ។ ការសម្រេចចិត្តនេះបង្ហាញពីកម្រិតនៃកិច្ចសហប្រតិបត្តិការរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ដែលជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរលើពិភពលោក ដែលបានជាប់គាំងនៅក្នុងសង្គ្រាមពាណិជ្ជកម្ម និងបច្ចេកវិទ្យាដ៏ក្តៅគគុក។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ក្រុមហ៊ុននានាដែលត្រូវបានបញ្ចូលទៅក្នុងបញ្ជីគ្មានការផ្ទៀងផ្ទាត់នេះ គឺដោយសារសហរដ្ឋអាមេរិកមិនអាចចូលទៅធ្វើអធិការកិច្ចដល់ទីកន្លែងផ្ទាល់បានដើម្បីកំណត់ថាតើក្រុមហ៊ុនទាំងនោះអាចជឿទុកចិត្តបានឬអត់ក្នុងការទទួលបានការនាំចេញបច្ចេកវិទ្យារសើបពីសហរដ្ឋអាមេរិក។

ការធ្វើអធិការកិច្ចរបស់អាមេរិកទៅលើក្រុមហ៊ុនចិនទាមទារឱ្យមានការយល់ព្រមពីក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន។

ការដកក្រុមហ៊ុនចិនចេញពីបញ្ជីនេះមានន័យថា ក្រុមហ៊ុននាំចេញរបស់សហរដ្ឋអាមេរិកនឹងលែងត្រូវធ្វើការពិនិត្យដ៏ត្រឹមត្រូវ (due diligence) បន្ថែមទៀតហើយមុនពេលបញ្ជូនទំនិញទៅឱ្យប្រទេសចិន។

នៅសប្តាហន៍ផងដែរ លោក Biden បានបន្ថែមក្រុមហ៊ុនផលិតបន្ទះឈីបចិន YMTC និងក្រុមហ៊ុនធំៗចំនួន២១ ទៀតរបស់ចិននៅក្នុងឧស្សាហកម្មបន្ទះឈីបបញ្ញាសិប្បនិម្មិតទៅក្នុងបញ្ជីខ្មៅពាណិជ្ជកម្ម ដោយពង្រីកការបង្ក្រាបរបស់ខ្លួនលើឧស្សាហកម្មបន្ទះឈីបរបស់ប្រទេសចិន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕