(ភ្នំពេញ)៖ លោក កៅ កោសល អគ្គនាយកនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៦​ ខែធ្នូ ឆ្នាំ២០២២នេះ​ បានជំរុញឲ្យអ្នកផលិត និងអ្នកនាំចេញទាំងអស់​ ត្រូវពង្រឹងគុណភាព និងពង្រឹងសេវាផលិតផល ដើម្បីឲ្យអ្នកប្រើប្រាស់ មានទំនុកចិត្ដលើផលិតរបស់ខ្មែរ។

ការជំរុញបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក កៅ កោសល អញ្ជើញចូលរួម ក្នុងសិក្ខាសាលាស្ដីពី «ការពង្រឹងគុណភាព ផលិតផលខ្មែរ និងសេវាកម្ម ដើម្បីជំរុញការនាំចេញ» ដែលរៀបចំដោយ នាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ អគ្គនាយកដ្ឋានជំរុញពាណិជ្ជក​ម្ម នៃក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២នេះ។

សិក្ខាសាលាស្ដីពី «ការពង្រឹងគុណភាព ផលិតផលខ្មែរ និងសេវាកម្ម ដើម្បីជំរុញការនាំចេញ» នេះ មានការអញ្ជើញចូលរួម ពីមន្រ្តីជំនាញអន្តរក្រសួង តំណាងក្រុមហ៊ុន សហគ្រាស និងតំណាងផ្សារទំនើបជាដើម សរុបប្រមាណ១០០នាក់ នាសណ្ឋាគារ កាំបូឌីយ៉ាណា រាជធានីភ្នំពេញ។

លោក កៅ កោសល បានបញ្ជាក់ថា «អ្នកផលិត និងអ្នកនាំចេញទាំងអស់ ត្រូវពង្រឹងគុណភាព និងពង្រឹងសេវាលើផលិតផលខ្មែរ ឲ្យមានគុណភាពខ្ពស់ ការវេចខ្ចប់បានត្រឹមត្រូវ លក់ក្នុងតម្លៃសមស្រប ដើម្បីអាចជំរុញ ដល់ការនាំចេញផលិតផលខ្មែរ ទៅកាន់ទីផ្សារនៅក្រៅប្រទេស»

បន្ថែមពីនោះទៀត លោក កៅ កោសល បានឲ្យដឹងថា គោលបំណងសំខាន់ នៃសិក្ខាសាលានេះ គឺដើម្បីចង់បំផុសចលនាមហាជន ពិសេសប្រជាជនកម្ពុជា ឲ្យងាកមកគាំទ្រការប្រើប្រាស់ផលិតផលខ្មែរ ឲ្យបានច្រើន។

បើតាមអគ្គនាយក នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម សិក្ខាសាលានេះ គឺធ្វើអមជាមួយព្រឹត្តិការណ៍ ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៥ សម្រាប់ប្រជាពលរដ្ឋខ្មែរជាទូទៅ ឲ្យបានឃើញ និងស្គាល់ផលិតផលរបស់ខ្មែរ ឲ្យកាន់តែទូលំទូលាយ។

លោក ហ៊ឹង ចក់ អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ បានឲ្យដឹងថា ក្រសួងពាណិជ្ជកម្ម បាននិងកំពុងរៀបចំ គោលនយោបាយ និងយុទ្ធសាស្រ្តចរចាបើកទីផ្សារ ដើម្បីទាញយកឲ្យបាន នូវកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី ជាមួយប្រទេសធំៗ និងតំបន់ចំនួន៨ នៅទូទាំងពិភពលោក រួមមាន៖ ចិន, កូរ៉េខាងត្បូង, ជប៉ុន, អង់គ្លេស, អាម៉េរិក, ឥណ្ឌា, ម៉ុងហ្គោលី និងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ាន (EAEU)។

អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ បានឲ្យដឹងទៀតថា សហភាពសេដ្ឋកិច្ចអឺរ៉ាស៊ាន គឺមានសមាជិកចំនួន៥ផ្សេងទៀត ដូចជា៖ ប្រទេសអាមេនី, បេឡារុស, កាហ្សាក់ស្ថាន, កៀហ្ស៊ីស៊ីស្ថាន និងសហព័ន្ធរុស្ស៉ី។

គូសបញ្ជាក់ដែរថា ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល ធ្វើឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយឲ្យបានទូលំទូលាយ ទាំងថ្នាក់ជាតិ និងអន្តរជាតិ ក្នុងការជំរុញសកម្មភាពពាណិជ្ជកម្ម, បង្កើតឱកាសទីផ្សារ, បង្ហាញពីបរិយាកាស ធុរកិច្ច, និងសក្ដានុពលវិនិយោគ ព្រមទាំងគោលនយោបាយគាំពារ របស់រាជរដ្ឋាភិបាល ចំពោះវិស័យឯកជន។

ភ្ញៀវអន្តរជាតិដែលជាអ្នកតាំងពិព័រណ៍ បានមកចូលរួមមានដូចជា៖ ប្រទេសចិន សហរដ្ឋអាមេរិក ឥណ្ឌា ជប៉ុន អ៊ីតាលី កូរ៉េខាងត្បូង តួគី សិង្ហបុរី វៀតណាម ឡាវ ឥណ្ឌូណេស៊ី ព្រះរាជាណាចក្រថៃឡង់ដ៍ និងមកពីសាធារណៈរដ្ឋឥស្លាមប៉ាគីស្ថាន។ ផលិតផលដែលមានដាក់តាំង ក្នុងព្រឹត្តិការណ៍ពិព័រណ៍នេះ រួមមាន៖

* ផលិតផលកសិកម្ម បន្លែ ផ្លែឈើ និងការកែច្នៃកសិផល
* ផលិតផលម្ហូបអាហារ និងភេសជ្ជៈ
* យានយន្ត គ្រឿងយន្ត និងឧបករណ៍បម្រើការក្នុងឃ្លាំង
* ផលិតផលសូត្រ និងវត្ថុអនុស្សាវរីយ៍
* ផលិតផលសៀវភៅ និងការអាន
* ផលិតផលគ្រឿងអលង្ការ និងត្បូងថ្មមានតម្លៃ
* និងផលិតផលបន្ទាប់បន្សំផ្សេងៗទៀតដូចជា គ្រឿងសំអាង សម្ភារការិយាល័យ គម្រោងវិនិយោគ ផលិតផលសិប្បកម្ម និងទំនិញប្រើប្រាស់ទូទៅ។

ពិព័រណ៍នេះ ធ្វើឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៨ ខែធ្នូ ឆ្នាំ២០២២ ដោយមានស្តង់សរុប ចំនួន២៦៨ស្តង់ ក្នុងនោះមានស្តង់ពីស្ថានទូតបរទេសប្រចាំនៅកម្ពុជា ស្តង់មកពីរាជធានី-ខេត្ត សភាពាណិជ្ជកម្មកម្ពុជា សហព័ន្ធស្រូវអង្ករ អង្គការ សមាគមអាជីវកម្ម ក្រុមហ៊ុន សហគ្រាសក្នុងស្រុក និងមកពីបរទេស ដែលមានក្រុមហ៊ុន សហគ្រាសសរុប ចំនួន១៨១ ក្រុមហ៊ុន៕