(វ៉ាស៊ីនតោន)៖ តម្លៃទំនិញប្រើប្រាស់នៅសហរដ្ឋអាមេរិកបានកើនឡើង ៧,១% កាលពីខែមុនធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១ ដោយកំណើននេះបន្តធ្លាក់ចុះរយៈពេលជាច្រើនខែពីអត្រាខ្ពស់បំផុតក្នុងរយៈពេល ៤០ឆ្នាំដែលបានកើតមាននៅរដូវក្តៅឆ្នាំនេះ។ នេះបើយោងតាមសារព័ត៌មាន ABC News។

សេដ្ឋវិទូបានព្យាករថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) កើនឡើង ៧,២% ក្នុងខែវិច្ឆិកាដូចគ្នានេះ។

បើគិតជាមូលដ្ឋានប្រចាំខែវិញ សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់នេះក៏បានធ្លាក់ចុះយ៉ាងខ្លាំងផងដែរ។ តម្លៃទំនិញបានកើនឡើង ០,១% ក្នុងខែវិច្ឆិកា ដោយថយចុះពី ០,៤% ក្នុងខែតុលា។

សារព័ត៌មាន ABC News បានរាយការណ៍ថា កត្តាចូលរួមចំណែកខ្លាំងចំពោះកំណើនតម្លៃប្រចាំខែនេះរួមមានការចំណាយលើការស្នាក់នៅ ដែលបានកើនឡើង ០,៦% នៅក្នុងខែវិច្ឆិកា។ តម្លៃអាហារក៏បានហក់ឡើងផងដែរក្នុងខែវិច្ឆិកានេះដោយកើនឡើង ០,៥%។ ប៉ុន្តែតម្លៃបានធ្លាក់ចុះសម្រាប់ទំនិញជាច្រើនមុខរួមទាំងប្រេងសាំង រថយន្តជជុះ និងរថយន្តដឹកទំនិញ និងសេវាវេជ្ជសាស្រ្ត។

ថ្លែងនៅឯសេតវិមានកាលពីថ្ងៃអង្គារ លោកប្រធានាធិបតី Joe Biden បាននិយាយថា របាយការណ៍អតិផរណាគឺជា «ព័ត៌មានដ៏គួរឱ្យស្វាគមន៍» មួយ។

លោកមានប្រសាសន៍ថា៖ «នៅក្នុងពិភពលោកដែលអតិផរណាកំពុងកើនឡើងដល់កម្រិតពីរខ្ទង់នៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំៗជាច្រើនជុំវិញពិភពលោក អតិផរណាកំពុងធ្លាក់ចុះនៅអាមេរិក។ បើខ្ញុំមិនច្រឡំទេ តម្លៃទំនិញនៅតែខ្ពស់ខ្លាំង។ យើងមានការងារជាច្រើនទៀតដែលត្រូវធ្វើ។ ប៉ុន្តែអ្វីៗកំពុងតែប្រសើរឡើង កំពុងឆ្ពោះទៅរកទិសដៅត្រឹមត្រូវ»

ការថមថយកំណើនអតិផរណានេះបានកើតឡើងបន្ទាប់ពីមានការដំឡើងអត្រាការប្រាក់ដ៏ខ្លាំងក្លាពីធនាគារកណ្តាលអាមេរិកក្នុងគោលបំណងធ្វើឱ្យតម្លៃទំនិញធ្លាក់ចុះដល់កម្រិតធម្មតាវិញ។ នេះបើយោងតាមសារព័ត៌មាន ABC News៕