(ក្រុងឡុងដ៍)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនគឺ Alibaba Group Holding Ltd មិនអាចទិញការរចនាបន្ទះឈីប (chip design) ទំនើបបំផុតមួយចំនួនបានទេ បន្ទាប់ពីក្រុមហ៊ុនបច្ចេកវិទ្យាបន្ទះឈីបអង់គ្លេស Arm Ltd ដែលគ្រប់គ្រងដោយក្រុមហ៊ុន SoftBank ឱ្យដឹងថា អាមេរិកនិងអង់គ្លេសនឹងមិនអនុម័តអាជ្ញាប័ណ្ណនាំចេញបច្ចេកវិទ្យាទៅកាន់ប្រទេសចិនឡើយ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សេចក្តីរាយការណ៍របស់សារព័ត៌មាន Financial Times ដែលចេញផ្សាយកាលពីថ្ងៃពុធថា នេះជាលើកទីមួយហើយដែលក្រុមហ៊ុន Arm បានសម្រេចចិត្តថា ខ្លួនមិនអាចនាំចេញការរចនាបន្ទះឈីបដ៏ទំនើបបំផុតរបស់ខ្លួនទៅកាន់ប្រទេសចិន។

សេចក្តីរាយការណ៍នេះបានបន្ថែមថា ក្រុមហ៊ុនបច្ចេកវិទ្យាបន្ទះឈីបរបស់ចក្រភពអង់គ្លេសមួយនេះបានសន្និដ្ឋានថា សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសនឹងមិនយល់ព្រមលើការលក់ការរចនាបន្ទះឈីបស៊េរី Neoverse V ចុងក្រោយបំផុតរបស់ខ្លួននោះទេ ដោយសារតែសមត្ថភាពដំណើរការរបស់បន្ទះឈីបនេះខ្ពស់ពេក។

ក្រុមហ៊ុន Alibaba និងក្រុមហ៊ុន Arm មិនបានឆ្លើយតបភ្លាមៗទៅនឹងសំណើសុំការអត្ថាធិប្បាយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រឡើយ។

ការវិវឌ្ឍនេះកើតឡើងពីរខែបន្ទាប់ពីសហរដ្ឋអាមេរិកបានចេញវិធានាការត្រួតពិនិត្យការនាំចេញដ៏ទូលំទូលាយមួយ រួមទាំងវិធានការផាត់ប្រទេសចិនចេញពីផលិតផលស៊ីមីកុងដាក់ទ័រ (semiconductor) មួយចំនួនដែលផលិតនៅគ្រប់ទីកន្លែងក្នុងពិភពលោក ដោយពង្រីកវិសាលភាពរបស់ខ្លួនយ៉ាងទូលំទូលាយដើម្បីពន្យឺតការជឿនលឿនផ្នែកបច្ចេកវិទ្យា និងយោធារបស់ទីក្រុងប៉េកាំង។

ក្រុមហ៊ុន Arm បានដាក់ដំណើរការបច្ចេកវិទ្យាបន្ទះឈីបមណ្ឌលទិន្នន័យជំនាន់ក្រោយរបស់ខ្លួនដែលមានឈ្មោះថា Neoverse V2 កាលពីដើមឆ្នាំនេះ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងយ៉ាងខ្លាំងនៃទិន្នន័យពីបច្ចេកវិទ្យា 5G និងឧបករណ៍ដែលអាចភ្ជាប់អ៊ីនធឺណិតបាន។

យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ កាលពីឆ្នាំមុន ក្រុមហ៊ុន Arm បានបញ្ចេញការរចនាស្នូលថ្មីៗជាច្រើនរួមទាំង Neoverse N2 និង Neoverse V1 និង V2 ដែល Neoverse V2 គឺជាស្នូលដែលដំណើរការខ្ពស់បំផុតបើគិតមកដល់បច្ចុប្បន្ន។

ក្រុមហ៊ុនចិនត្រូវបានរារាំងពីការទិញ Neoverse V2 និង V1 ដោយសារតែវិធានការត្រួតពិនិត្យការនាំចេញរបស់សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសដែលត្រូវបានភ្ជាប់ទៅនឹងបច្ចេកវិទ្យាដែលបានចុះបញ្ជីស្ថិតក្រោមកិច្ចព្រមព្រៀង Wassenaar ពោលគឺជាកិច្ចព្រមព្រៀងដែលដាក់កម្រិតដល់ការប្រើប្រាស់បច្ចេកវិទ្យាទ្វេដង (dual-use) ពោលគឺសម្រាប់ទាំងគោលបំណងសន្តិភាព និងយោធា៕