(ភ្នំពេញ)៖ លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) បានបង្ហាញពីមហិច្ឆិកា ក្នុងការអភិវឌ្ឍទីផ្សារភាគហ៊ុននៅកម្ពុជា ឱ្យមានការរីកចម្រើនទៅមុខដូចប្រទេសជិតខាង ពោលគឺបង្កើនទំហំជួញដូរប្រចាំថ្ងៃ ឱ្យបានជាមធ្យម ១០០លានដុល្លារនៅឆ្នាំ២០៣០។

ការលើកឡើងយ៉ាងដូច្នេះរបស់លោកអគ្គនាយក ធ្វើឡើងក្នុងឱកាសចូលរួមជាអធិបតីភាព ក្នុងពិធីចុះហត្ថាលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក និងក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី នាពេលថ្មីៗនេះ។

លោកអះអាងថា ការដែលហ៊ានបង្ហាញសុទិដ្ឋិនិយមបែបនេះ ដោយសារផលិតផលថ្មីៗ នៅក្នុងទីផ្សារភាគហ៊ុនកម្ពុជា បានកើនឡើងជាបន្តបន្ទាប់ ស្របជាមួយនឹងសន្ទុះវិនិយោគិនទាំងខ្មែរ និងបរទេស បានចាប់អារម្មណ៍ចូលរួមនៅក្នុងទីផ្សារកាន់តែច្រើន។ ទន្ទឹមគ្នានេះ ទំហំជួញដូរ ក្នុងរយៈពេល៣ឆ្នាំចុងក្រោយ បានបង្ហាញសញ្ញញដ៏ល្អប្រសើរ ​ដែលបានកើនឡើងទ្វេមួយជាពីរ ជារៀងរាល់ឆ្នាំ។ CSX នឹងខិតខំធ្វើការងារ ដើម្បីជំរុញទំហំជួញដូរឱ្យបានកើនឡើងទ្វេមួយជាពីររៀងរាល់ឆ្នាំរហូតឆ្នាំ២០៣០ ដែលលោករំពឹងថា នៅ៧ឆ្នាំក្រោយការជួញដូរ នឹងឈានដល់១០០លានដុល្លារ។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២នេះ​ លោក ហុង សុហួរ បញ្ជាក់ថា ក្នុងការសម្រេចបាននូវគោលដៅនេះ CSX រួមនឹងភាគីពាក់ព័ន្ធនឹងបង្កើនការស្វែងរកក្រុមហ៊ុនល្អៗ មកចុះបញ្ជីក្នុងការមូលបត្រ និងចំនួនវិនិយោគិនឱ្យបានខ្ទង់រាប់សែននាក់ ​ព្រមទាំងអភិវឌ្ឍបន្ថែមនូវប្រព័ន្ធបច្ចេកវិទ្យានៃការទិញលក់ឱ្យកាន់តែប្រសើរឡើង។

​លោកបន្តថា នាពេលថ្មីៗនេះ ក្រុមហ៊ុនធំៗរបស់ឧកញ៉ាល្បីៗមួយចំនួននៅកម្ពុជា ក៏បាន​ត្រៀមខ្លួនឈានជើងចូលក្នុងទីផ្សារផងដែរ ​ព្រមជាមួយនឹងការចាប់អារម្មណ៍ពីក្រុមហ៊ុន ដែលមានភាគហ៊ុនពីបរទេស។ ជាមួយគ្នា វិស័យមូលបត្រកម្ពុជាបាននិងបង្កើត ​ផលិតផលថ្មីៗដូចជាមូលនិធិវិនិយោគ ក្នុងវិស័យអចលនទ្រព្យ ដែលគ្រោងនឹងដាក់ដំណើរការក្នុងទីផ្សារនៅឆ្នាំ២០២៣ខាងមុខ​។ តាមរយៈកំណើននៃការចុះបញ្ជីរបស់ក្រុមហ៊ុន និងផលិតផលថ្មីនេះ នឹងទាក់ទាញបានវិនិយោគគិនកាន់តែច្រើនឱ្យចូលមកជួញដូរមូលបត្រនៅក្នុងទីផ្សារ កាន់តែទូលាយ​។

លោកគូសបញ្ជាក់បន្ថែមថា «​បើធៀបជាមួយទីផ្សារខាងក្រៅវិញ វាដូចជាទីផ្សាររបស់យើង​​ មានផលិតផលដាក់តាំងលក់ នៅលើទីផ្សារកាន់តែច្រើនសន្ធឹកសន្ធាប់។ យើងរំពឹងថា នឹងមានចាប់អារម្មណ៍ របស់សាធារណជនកាន់តែច្រើន។ បច្ចុប្បន្នយើងមានអ្នកបើកគណនីជួញដូររួចប្រមាណជាង ៣ម៉ឺន ហើយយើងសង្កេតឃើញថា ទំនោរអ្នកចាប់អារម្មណ៍​មានសន្ទុះកាន់តែកើនឡើងជាលំដាប់។ យើងឃើញថាការចាប់អារម្មណ៍ពីគ្រប់មជ្ឈដ្ឋាន ដោយពីមុនមានតែក្មេងៗទេ ដែលរៀនជំនាញពាក់ព័ន្ធទើបចាប់អារម្មណ៍ ប៉ុន្តែឥលូវ​ថាមជ្ឈដ្ឋានផ្សេងទៀត ដែលជាម្ចាស់អាជីវកម្ម អ្នកធ្វើការ ជួនកាលមេផ្ទះ ក៏ចាប់អារម្មណ៍នឹងរឿងសេរីភាពហិរញ្ញវត្ថុនេះ ហើយបានចាប់ផ្តើមចូលរួមវគ្គបណ្តុះបណ្តាល ដើម្បីរៀនសូត្រ និងចូលរួមនៅក្នុងទីផ្សារផងដែរ»

​ជាមួយគ្នានេះ វិនិយោគិនបរទេសក៏បង្ហាញការចាប់អារម្មណ៍ច្រើនដែរ។ ជាក់ស្តែងនៅក្នុងពិធី​ចុះហត្ថាលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក និងក្រុមហ៊ុន អេស៊ីលីដា កាលពីថ្ងៃទី១៣ ខែធ្នូ វិនិយោគិនជាច្រើន បានបង្ហាញពីលទ្ធភាពក្នុងការកៀរគរវិនិយោគិនមកពីបរទេស ជាពិសេសមកពីចិន តៃវ៉ាន់ និងហុងកុងជាដើម ដែលប្រភពទុនដ៏ធំ នឹងអាចជួយរុញទីផ្សារមូលបត្របានមួយកម្រិតធំ។ តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា​នេះ ​នឹងជួយលើកកម្ពស់ការយល់ដឹងពីការវិនិយោគ និងជំរុញឱ្យមានការកើនឡើងនៃទំហំជួញដូរមូលបត្រ នៅលើផ្សារមូលបត្រកម្ពុជា ក៏ដូចជា ទាក់ទាញវិនិយោគិនសក្តានុពលក្នុងស្រុក និងក្រៅស្រុក មកវិនិយោគនៅក្នុង ផ្សារមូលបត្រកម្ពុជា។

លោកលើកឡើងទៀតថា នៅ៧ឆ្នាំក្រោយ បើទោះបីជាទំហំជួញដូរមិនបានដល់ ១០០លានដុល្លារ ក៏អាចក្បែរក្នុងរង្វង់ប្រហាក់ប្រហែលនឹងតួលេខនេះដែរ។

បើតាមអគ្គនាយក CSX រូបនេះ ១០ខែដំបូង ក្នុងឆ្នាំ២០២២នេះ ទំហំជួញដូរភាគហ៊ុនប្រចាំថ្ងៃមានជាង ៥០ម៉ឺនដុល្លារ ក្នុងនោះ​ការជួញដូរដោយវិនិយោគិនជាជនខ្មែរ មានចំនួនប្រមាណ៧៦% និងវិនិយោគិនបរទេសចំនួន២៤%។

លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា ​បានឱ្យដឹងកាលពីពេលថ្មីៗនេះថា នៅចុងត្រីមាសទី៣ ឆ្នាំ២០២២ និយ័តករមូលបត្រកម្ពុជាបានផ្តល់លេខអត្តសញ្ញាណវិនិយោគិនសរុបចំនួន ៣៣​ ១៨២ គណនី ក្នុងនោះវិនិយោគិនជារូបវន្តបុគ្គលមានចំនួន ៩៩.៥២ % និងវិនិយោគិនសញ្ជាតិខ្មែរមានចំនួន ៨៦.២៣%​។

​បច្ចុប្បន្នផ្សារមូលបត្រកម្ពុជា មានក្រុមហ៊ុនចុះបញ្ជី​ចំនួន ១៦ ក្រុមហ៊ុន ក្នុងនោះមានក្រុមហ៊ុនចុះបញ្ជីផ្នែកមូលបត្រកម្មសិទ្ធិចំនួន ៩ ក្រុមហ៊ុន និងក្រុមហ៊ុនចុះបញ្ជី​បំណុលចំនួន ៧ ក្រុមហ៊ុន៕