(ភ្នំពេញ)៖ លោក ឈួន ដារ៉ា រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងលោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៥ ឆ្នាំនេះ នឹងជួយជំរុញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគកាន់តែល្អប្រសើរ រវាងកម្ពុជាជាមួយអន្តរជាតិ។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីសម្ពោធពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៥ ឆ្នាំ២០២២ នាមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (អគារពិព័រណ៍) នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២នេះ។ ពិព័រណ៍នេះ ធ្វើឡើងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់១៨ ខែធ្នូ ២០២២។

លោក ឈួន ដារ៉ា បានឲ្យដឹងថា ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៥ ឆ្នាំនេះ រៀបចំឡើងក្រោមប្រធានបទ «ការវិលត្រឡប់មកធ្វើធុរកិច្ចឡើងវិញ» ជាព្រឹត្តិការណ៍ពាណិជ្ជកម្មកម្រិតអន្តរជាតិដ៏សំខាន់របស់ប្រទេសកម្ពុជា បានចាប់ដំណើរការឡើងវិញ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩។

បន្ថែមពីនោះទៀត លោកបានគូសបញ្ជាក់ថា ព្រឹត្តិការណ៍នេះ នឹងជួយជំរុញសកម្មភាពពាណិជ្ជកម្ម, បង្កើតឱកាសទីផ្សារ, តភ្ជាប់ទំនាក់ ទំនងសេដ្ឋកិច្ច និងវិនិយោគកាន់តែល្អ ប្រសើររវាងកម្ពុជា ជាមួយអន្តរជាតិ ព្រមទាំងបង្ហាញពីស្មារតី នៃការភ្ជាប់ទំនាក់ទំនងលើគ្រប់វិស័យឡើងវិញ។

មន្ដ្រីជាន់ខ្ពស់រូបនេះ បានលើកឡើងថា បេសកកម្មរបស់យើងនៅពេលនេះ គឺត្រូវខិតខំរួមគ្នាកសាង និងស្ដារសហគមន៍នេះឡើងវិញ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ការផ្លាស់ប្តូរបច្ចេកវិទ្យា និងនវានុវត្តន៍ ក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងប្រទេសចូលរួមទាំងអស់។

លោក ឈួន ដារ៉ា ក៏បានឲ្យដឹងផងដែរថា វិបត្តិនៃជំងឺកូវីដ-១៩ បានបង្កផលប៉ះពាល់យ៉ាងខ្លាំង ដល់សេដ្ឋកិច្ចពិភពលោក និងរំខានដល់ខ្សែច្រវាក់ នៃការផ្គត់ផ្គង់ក្នុងតំបន់របស់យើង។ លោកក៏សង្ឃឹមជឿជាក់ថា យើងអាចប្រើប្រាស់យន្តការ កិច្ចសហប្រតិបត្តិការគ្នានេះ ជាឧបករណ៍សម្រាប់ជួយគ្នាទៅ វិញទៅដើម្បីស្តារសេដ្ឋកិច្ចជាតិឡើងវិញ។

ជាមួយគ្នានេះ លោកសង្ឃឹមថា តាមរយៈព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្រិតអន្តរជាតិនេះ ពាណិជ្ជករ សហគ្រិន វិនិយោគិន ធុរជន ទាំងក្នុង និងក្រៅប្រទេស នឹងបានជួបប្រាស្រ័យទាក់ទងគ្នា ដោយផ្ទាល់ឡើងវិញ ដើម្បីផ្លាស់ប្ដូរកិច្ចការធុរកិច្ច និងវិនិយោគ និងប្រើប្រាស់ឱកាស ឲ្យអស់លទ្ធភាពដើម្បីឲ្យបេសកកម្មមួយនេះ ទទួលបានជោគជ័យ និងលទ្ធផលជាផ្លែផ្កា។

លោក កៅ កោសល អគ្គនាយកជំរុញពាណិជ្ជកម្ម បានបញ្ជាក់ថា ពិព័រណ៍នេះ បានចាប់ដំណើរការជាថ្មី ដោយមានស្តង់សរុប ចំនួន២៦៨ស្តង់ ក្នុងនោះមានស្តង់ពីស្ថានទូតបរទេសប្រចាំនៅកម្ពុជា ស្តង់មកពីរាជធានី-ខេត្ត សភាពាណិជ្ជកម្មកម្ពុជា សហព័ន្ធស្រូវអង្ករ អង្គការ សមាគមអាជីវកម្ម ក្រុមហ៊ុន សហគ្រាសក្នុងស្រុក និងមកពីបរទេស ដែលមានក្រុមហ៊ុន សហគ្រាសសរុប ចំនួន១៨១ ក្រុមហ៊ុន។

លោក កៅ កោសល បានឲ្យដឹងទៀតថា ភ្ញៀវអន្តរជាតិដែលជាអ្នកតាំងពិព័រណ៍បានមកចូលរួមមានដូចជា៖ ប្រទេសចិន សហរដ្ឋអាមេរិក ឥណ្ឌា ជប៉ុន អ៊ីតាលី កូរ៉េខាងត្បូង តួគី សិង្ហបុរី វៀតណាម ឡាវ ឥណ្ឌូណេស៊ី ព្រះរាជាណាចក្រថៃឡង់ដ៍ និងមកពីសាធារណៈរដ្ឋឥស្លាមប៉ាគីស្ថាន។ ផលិតផលដែលមានដាក់តាំងក្នុងព្រឹត្តិការណ៍ពិព័រណ៍នេះ រួមមាន៖

* ផលិតផលកសិកម្ម បន្លែ ផ្លែឈើ និងការកែច្នៃកសិផល
* ផលិតផលម្ហូបអាហារ និងភេសជ្ជៈ
* យានយន្ត គ្រឿងយន្ត និងឧបករណ៍បម្រើការក្នុងឃ្លាំង
* ផលិតផលសូត្រ និងវត្ថុអនុស្សាវរីយ៍
* ផលិតផលសៀវភៅ និងការអាន
* ផលិតផលគ្រឿងអលង្ការ និងត្បូងថ្មមានតម្លៃ
* និងផលិតផលបន្ទាប់បន្សំផ្សេងៗទៀតដូចជា គ្រឿងសំអាង សម្ភារការិយាល័យ គម្រោងវិនិយោគ ផលិតផលសិប្បកម្ម និងទំនិញប្រើប្រាស់ទូទៅ។

សូមបញ្ជាក់ថា ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល ធ្វើឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយឲ្យបានទូលំទូលាយ ទាំងថ្នាក់ជាតិ និងអន្តរជាតិ ក្នុងការជំរុញសកម្មភាពពាណិជ្ជកម្ម, បង្កើតឱកាសទីផ្សារ, បង្ហាញពីបរិយាកាស ធុរកិច្ច, និងសក្ដានុពលវិនិយោគ ព្រមទាំងគោលនយោបាយគាំពារ របស់រាជរដ្ឋាភិបាល ចំពោះវិស័យឯកជន៕