(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា រយៈពេល១០ខែ ឆ្នាំ២០២២ ការប្រមូលចំណូលថ្នាក់ជាតិ សម្រេចបាន ២១ ០២៨ ប៊ីលានរៀល ស្មើនឹងប្រមាណជាង ៥ពាន់លានដុល្លារ ខណៈការអនុវត្តចំណាយសរុបថ្នាក់ជាតិមាន ១៩ ៥៨៧ ប៊ីលានរៀល ស្នើនឹងប្រមាណ ៤.៨ពាន់លានដុល្លារ។

ការអនុវត្តថវិកាថ្នាក់ជាតិនេះ ធ្វើឲ្យមានអតិរេក (ចំណូលច្រើនជាងចំណាយ) សរុប១ ៤៤១ប៊ីលានរៀល ស្មើនឹងប្រមាណជាង ៣៥០លានដុល្លារ។

របាយការណ៍ស្ថិតិហិរញ្ញវត្ថុរាជរដ្ឋាភិបាល ប្រចាំខែតុលា ឆ្នាំ២០២២ របស់ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ថា «បន្ទាប់ពីខកខាននូវការសម្រេចបានអតិរេក ក្នុងរយៈពេលពីរឆ្នាំជាប់គ្នា (គឺ១០ខែដើម ឆ្នាំ២០២០ និងឆ្នាំ២០២១) ដោយសារវិបត្តិជំងឺកូវីដ-១៩, ការអនុវត្តថវិកាជាតិឆ្នាំ២០២២ ចាប់ផ្តើមសម្រេចបានអតិរេកមកវិញ តែស្ថិតក្នុងកម្រិតទាបជាង ឆ្នាំ២០១៩»

ការប្រមូលចំណូលចំណូលសម្រាប់ឆ្នាំ២០២២នេះ រំពឹងអាចសម្រេចបាន លើសផែនការដែលបានកំណត់ ក្នុងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២២។ បើធៀបនឹងរយៈពេលអនុវត្តដូចគ្នាឆ្នាំ២០២១ ការប្រមូលចំណូលសរុបថ្នាក់ជាតិ កើនឡើង ២១.៨៩% ក្នុងនោះចំណូលពន្ធកើនឡើង ២៧.៥៨% ចំណូលមិនមែនពន្ធកើនឡើង ២៦.៦១% តែផ្ទុយទៅវិញ ចំណូលពីអំណោយធ្លាក់ចុះ ៤៦.៨៧%។

ការកើនឡើងខ្ពស់នៃការប្រមូលចំណូលពន្ធ គឺគាំទ្រដោយចំណូលពន្ធលើប្រាក់ចំណូល និងប្រាក់ចំណេញ (រូបវន្តបុគ្គល និងនីតិបុគ្គល) និងចំណូលពន្ធលើទំនិញ និងសេវាប្រើប្រាស់ ដែលបានកើនឡើង ២៧.០៤% និង២៨.៧៦% រៀងគ្នា ខណៈដែលកំណើននៃការប្រមូលចំណូលមិនមែនពន្ធ គាំទ្រដោយចំណូលពីប្រៃសណីយ៍ និងទូរគមនាគមន៍ និងចំណូលពីការផ្តល់ទិដ្ឋាការ ដែលបានកើនឡើង ១៥០.០៧% និង៦៤.៤៣%។

ជាមួយគ្នានេះ ការអនុវត្តចំណាយ សរុបថ្នាក់ជាតិថយចុះ ៨.៩១% ក្នុងនោះ ចំណាយមូលធនថយចុះ ១៥.២០% (ចំណាយដោយហិរញ្ញប្បទានក្នុងស្រុក ថយចុះ ១២.៥១% និងចំណាយដោយហិរញ្ញប្បទានក្រៅស្រុក ថយចុះ ១៧.៩៥%) និងចំណាយចរន្ដ ថយចុះ ៥.៤៥%៕