(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តាមវិស័យមួយ ដែលរួមបញ្ចូលកម្ចីផ្អែកលើគោលនយោបាយចំនួន ៥0 លានដុល្លារ និងការវិនិយោគគម្រោងចំនួន២៣លានដុល្លារ ដើម្បីគាំទ្រអន្តរកម្មថាមពលរបស់ប្រទេសកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ចេញផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។

កម្មវិធីអភិវឌ្ឍន៍តាមវិស័យសម្រាប់អន្តរកម្មថាមពលនេះ រួមមានកញ្ចប់កំណែទម្រង់គោលនយោបាយដ៏ទូលំទូលាយដំបូងរបស់ ADB សម្រាប់វិស័យថាមពលនៅកម្ពុជា ដែលនឹងត្រូវបានផ្តល់ហិរញ្ញប្បទាន ដោយប្រាក់កម្ចីចំនួន ៤0 លានដុល្លារ ពីធនធានសម្បទានរបស់ADB និងប្រាក់កម្ចីចំនួន ១0 លានដុល្លារ ពីមូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន ដែលជាផ្នែកមួយនៃហិរញ្ញវត្ថុកាតាលីករបៃតងអាស៊ាន (ACGF)។

សម្រាប់ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធចំនួន ២៣ លានដុល្លារនោះ កម្មវិធីបង្កើនថាមពល កកើតឡើងវិញសម្រាប់កម្ពុជា របស់មូលនិធិវិនិយោគអាកាសធាតុ នឹងផ្តល់ប្រាក់កម្ចីចំនួន ៦ លានដុល្លារ និង ជំនួយចំនួន ៥ លានដុល្លារ ដែលជាហិរញ្ញប្បទានអាកាសធាតុ ហើយមូលនិធិអាកាសធាតុបៃតងនឹង បន្ថែមប្រាក់កម្ចីចំនួន១២ លានដុល្លារ តាមរយៈកម្មវិធីការស្តាឡើងវិញបៃតងនៃហិរញ្ញវត្ថុ កាតាលីករ បៃតងអាស៊ាន។ ថវិកាទាំងអស់នឹងត្រូវគ្រប់គ្រងដោយ ADB។

កម្មវិធីនេះគាំទ្ររបៀបវារៈ នៃអន្តរកម្មរថាមពលរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបង្កើនថាមពលកកើតឡើងវិញ និងប្រសិទ្ធភាពថាមពល និង ផ្លាស់ចេញពីឥន្ធនៈហ្វូស៊ីល។ វាបង្កើតការធ្វើផែនការនិងបទបញ្ញាតិ្តដោយប្រើទិន្នន័យសម្រាប់ប្រព័ន្ធថាមពល ដើម្បីបង្កើនភាពបត់បែននិងភាពធន់ និង ពង្រឹងការ វិនិយោគហេដ្ឋារចនាសម្ព័ន្ធថ្មីសម្រាប់ការធ្វើផែនការយុទ្ធសាស្រ្ត ព្រមទាំងបង្ហាញពីបច្ចេកវិទ្យានិងគំរូអាជីវកម្មថ្មីៗ។

លោក Pradeep Tharakan ប្រធានផ្នែកប្រតិបត្តិការថាមពលជាមួយវស័យសាធារណៈ សម្រាប់មហាអនុតំបន់មេគង្គរបស់ ADB មានប្រសាសន៍ថា «កម្មវិធីនេះរួមបញ្ចូលគ្នានូវកំណែទម្រង់គោលនយោបាយ និងការវិនិយោគគម្រោង ដែលនឹងគាំទ្រគ្នាទៅវិញទៅមក ដើម្បីទទួលបានផលជាអតិបរមា។ វាត្រូវបានរំពឹងថានឹងត្រួសត្រាយផ្លូវសម្រាប់ការវិនិយោគក្នុងវិស័យសាធារណៈ និង ឯកជនជាមួយបច្ចេកវិទ្យាថ្មីសំខាន់ៗដូចជាប្រសិទ្ធភាពថាមពល និងថ្មផ្ទុក។ វាក៏នឹងជួយកំណត់គោលដៅ ថាមពលស្អាតសម្រាប់ ប្រទេស និង រួមបញ្ចូលការអភិវឌ្ឍថាមពលនិងការធ្វើផែនការប្រើប្រាស់ថាមពល ដែលប្រសើរក្នុងវិស័យផ្សេងៗ រួមទាំងវិស័យហេដ្ឋារចនាសម្ព័ន្ធគន្លឹះ ឆ្លើយតបនឹងអាកាសធាតុផងដែរ»។

ការវិនិយោគគម្រោងក្រោមកម្មវិធីនេះ នឹងលើកកម្ពស់បច្ចេកវិទ្យាថ្មីៗ រួមទាំងការអភិវឌ្ឍប្រព័ន្ធថ្ម ផ្ទុកថាមពល ដែលភ្ជាប់នឹងបណ្តាញអគ្គិសនីដំបូងគេរបស់ប្រទេស ដែលនឹងផ្តល់លទ្ធភាពបន្ថែមឱ្យប្រភព កកើតឡើងវិញតភ្ជាប់ទៅក្នុងបណ្តាញអគ្គិសនី និង កែលម្អស្ថិរភាពបណ្តាញអគ្គិសនីសម្រាប់អ្នកប្រើប្រាស់។ ការវិនិយោគនេះ ក៏រួមបញ្ចូលនូវប្រព័ន្ធភ្លើងបំភ្លឺផ្លូវ ប្រកបដោយប្រសិទ្ធភាពក្នុងកម្រិតទីរួមខេត្ត នៅកំពត និងកែប ដែលនឹងនាំដល់ការសន្សំសំចៃ និងអត្ថប្រយោជន៍សម្រាប់វិស័យទេសចរណ៍ និងសុវត្ថិភាពសាធារណៈ។ តាមរយៈកំណែទម្រង់គោលនយោបាយ ការផលិតអគ្គិសនីកកើតឡើងវិញត្រឹម ២០២៧ ត្រូវបានរំពឹងថានឹងកើនឡើងយ៉ាងហោចណាស់ ២៥% ពីកម្រិតមូលដ្ឋាន ៤ ៦៧២ ជីហ្គាវ៉ាត់ម៉ោងក្នុងឆ្នាំ ២០២១។

កម្មវិធីនេះបង្កើតឡើងផ្អែកលើជោគជ័យសំខាន់ៗ ដែលបង្ហាញពីការផ្លាស់ប្តូរថាមពលកំពុងមាន សកម្មភាព។ ប្រព័ន្ធដែលភ្ជាប់បណ្តាញថាមពលពន្លឺព្រះអាទិត្យដំបូងគេបង្អស់របស់ប្រទេសត្រូវបានជំរុញ ដោយវិស័យឯកជន និង ផ្តល់ហិរញ្ញប្បទានដោយ ADB ក្នុងឆ្នាំ ២០១៦។

ដោយមានការគាំទ្របន្ថែមពី ADB ក្នុងឆ្នាំ ២០១៨ រាជរដ្ឋាភិបាលបានរៀបចំផែនការមេថាមពលពន្លឺព្រះអាទិត្យ និងដាក់ឱ្យដំណើរការ សួនថាមពលពន្លឺព្រះអាទិត្យដំបូងបង្អស់របស់ប្រទេសកម្ពុជាដែលមានសមត្ថភាព ១០០មេហ្គាវ៉ាត់ ក្នុងឆ្នាំ២០១៩ ក្រោមវិធីសាស្រ្តភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន ដែលនាំឱ្យតម្លៃថាមពលពន្លឺព្រះ អាទិត្យ មានកម្រិតទាបបំផុតនៅក្នុងតំបន់នាពេលនោះ។ កាលពីដើមឆ្នាំនេះ រាជរដ្ឋាភិបាលបានផ្តួចផ្តើម បង្កើតកម្មវិធីលទ្ធកម្មថាមពលពន្លឺព្រះអាទិត្យ ២ ជីហ្គាវ៉ាត់ ជាមួយនឹងថ្មផ្ទុក ដែលត្រូវបានគាំទ្រដោយ ADB ផងដែរ៕