(ប៉េកាំង)៖ ក្រសួងពាណិជ្ជកម្មចិនបានឱ្យដឹងថា ប្រទេសចិនបានប្តឹងសហរដ្ឋអាមេរិកទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ប្រឆាំងនឹងវិធានការគ្រប់គ្រងការនាំចេញបន្ទះឈីបរបស់របស់អាមេរិក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

សហរដ្ឋអាមេរិកបានអនុម័តបទប្បញ្ញត្តិដ៏ធំមួយកាលពីខែតុលាក្នុងគោលបំណងទប់ស្កាត់ឧស្សាហកម្មស៊ីមីកុងដាក់ទ័រ (semiconductor) របស់ប្រទេសចិន ដែលជំរុញឱ្យមានការប្តឹងផ្តល់ពីស្ថាប័នពាណិជ្ជកម្មកំពូលរបស់ប្រទេសចិន។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍មួយរបស់ក្រសួងពាណិជ្ជកម្មចិនដែលចេញផ្សាយដោយក្រុមការងារបេសកកម្មការទូតរបស់ខ្លួននៅទីក្រុងហ្សឺណែវថា៖ «ប្រទេសចិនចាត់វិធានការផ្លូវច្បាប់នៅក្នុងក្របខ័ណ្ឌរបស់អង្គការ WTO ជាមធ្យោបាយចាំបាច់មួយដើម្បីដោះស្រាយកង្វល់របស់យើង និងដើម្បីការពារផលប្រយោជន៍ស្របច្បាប់របស់យើង»

សេចក្តីថ្លែងការណ៍ដដែលនេះបានបន្ថែមថា ការទប់ស្កាត់របស់សហរដ្ឋអាមេរិក «បានគំរាមកំហែងដល់ស្ថិរភាពនៃខ្សែចង្វាក់ផ្គត់ផ្គង់ឧស្សាហកម្មសកល»

ការិយាល័យតំណាងពាណិជ្ជកម្មអាមេរិកមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រទេ។ អ្នកនាំពាក្យរបស់អង្គការ WTO បដិសេធមិនធ្វើអត្ថាធិប្បាយទេ។

សំណើសម្រាប់ការពិគ្រោះយោបល់នៅអង្គការ WTO គឺជាជំហានដំបូងមួយនៅក្នុងនីតិវិធីដោះស្រាយជម្លោះដ៏វែងឆ្ងាយនៅស្ថាប័នពាណិជ្ជកម្មពិភពលោក។ សហរដ្ឋអាមេរិកបានរារាំងការតែងតាំងស្ថាប័នដោះស្រាយជម្លោះកំពូលរបស់អង្គការ WTO ដែលទទួលបន្ទុកដោះស្រាយវិវាទពាណិជ្ជកម្ម ដែលមានន័យថា ជម្លោះមួយចំនួនមិនអាចដោះស្រាយបានទេ។

ការប្តឹងផ្តល់របស់ប្រទេសចិនលើការទប់ស្កាត់ការនាំចេញបន្ទះឈីបរបស់សហរដ្ឋអាមេរិកបានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីអង្គការ WTO បានចេញសេចក្តីសម្រេចមួយប្រឆាំងនឹងទីក្រុងវ៉ាស៊ីនតោននៅក្នុងបណ្តឹងដាច់ដោយឡែកមួយអំពីពន្ធលោហៈដែលត្រូវបានប្តឹងដោយប្រទេសចិនក្នុងចំណោមអ្នកប្តឹងផ្សេងទៀត។ សហរដ្ឋអាមេរិក ដែលជាអ្នករិះគន់ជាទៀងទាត់លើដំណើរការមជ្ឈត្តកម្មរបស់អង្គការ WTO បានច្រានចោលការសេចក្តីសម្រេចរបស់អង្គការ WTO មួយនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕