(ភ្នំពេញ)៖ ការវិនិយោគនៅកម្ពុជា បានបង្ហាញសញ្ញាល្អប្រសើរ នៅរយៈពេល១០ខែ ឆ្នាំ២០២២នេះ ក្នុងនោះទំហំទឹកប្រាក់វិនិយោគ ដោយវិស័យឯកជនមានជិត៣ពាន់លានដុល្លារ កើនឡើង១៣៦.៦ភាគរយ។ នេះបើយោងតាមរបាយការណ៍ស្ដីពី និន្នាការសេដ្ឋកិច្ច-សង្គម របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២នេះ។

តាមរបាយការណ៍បានបង្ហាញថា «រយៈពេល១០ខែ ឆ្នាំ២០២២ ស្ថានភាពវិនិយោគបានបង្ហាញពីភាពល្អប្រសើរ ជាក់ស្ដែងគម្រោងវិនិយោគឯកជន សរុបមានចំនួន ១១៦គម្រោង កើនឡើង២៤គម្រោង និងមានទុនវិនិយោគចំនួន ២ ៧៥៨លានដុល្លារ កើនឡើង១៣៦.៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១»។​

ភាពល្អប្រសើរនៃការវិនិយោគនេះ បានបង្កើនលទ្ធភាពកម្លាំងពលកម្មថ្មី ប្រមាណជាង១០៥ពាន់នាក់ កើនឡើង៤៣.៣ភាគរយ។ វិនិយោគទុនក្នុងស្រុក បន្តឈរនៅលេខរៀងទី១ ដែលបណ្តាក់ទុនវិនិយោគនៅកម្ពុជាច្រើនជាងគេ ​​មានចំណែ​ក​ប្រមាណជាង៥០% នៃទុនវិនិយោគសរុបនៅកម្ពុជា។

សេដ្ឋកិច្ចកម្ពុជារំពឹងថានឹងបន្តនិន្នាការកើនឡើង ក្នុងឆ្នាំ២០២២ បន្តគាំទ្រដោយភាពល្អប្រសើរនៃតម្រូវការសកល បើទោះបីរងការប៉ះទង្គិចពីការផ្ទុះឡើង សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនយ៉ាងណាក្តី ។

ការសម្រេចបាននូវអត្រាខ្ពស់នៃការចាក់វ៉ាក់សាំង និងការបើកប្រទេសឡើងវិញ បានអនុញ្ញាតឱ្យសកម្មភាព សេដ្ឋកិច្ចក្នុងស្រុកចាប់ផ្តើមវិលត្រលប់ ទៅរកប្រក្រតីភាពវិញ ឈរលើការងើបឡើងវិញនៃសេដ្ឋកិច្ច-សង្គមនាពេលបច្ចុប្បន្ន, ទស្សនវិស័យនៃសេដ្ឋកិច្ចកម្ពុជា នៅបន្តមានភាពល្អប្រសើរ ជាពិសេសស្ថានភាពផលិតកម្ម ឆ្លុះបញ្ចាំងតាមរយៈការបន្តកើនឡើង នៃការនាំចេញផលិតផលឧស្សាហកម្ម, ផលិតផលកាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរ។

បន្ថែមលើនេះ, រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្ត «ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវី៨-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ ដែលនឹងជួយស្តារ និងជំរុញវិស័យដែលជា
ចន្ទល់នៃសេដ្ឋកិច្ចឱ្យកាន់តែប្រសើរឡើង ក្នុងនោះរួមមានកាត់ដេរ, មិនមែនកាត់ដេរ, ទេសចរណ៍ និងកសិកម្ម»