(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២នេះ បានរៀបចំកម្មវិធីសិក្ខាសាលា ស្តីពី «ពន្ធលើប្រាក់ចំណូល និងការរៀបចំលិខិត ប្រកាសពន្ធលើប្រាក់ចំណូល និងការស៊ើបអង្កេតបទល្មើសពន្ធដារ» ក្រោមអធិបតីភាពរបស់លោក លីម ដឺលុច អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ តំណាងលោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។

ក្នុងកម្មវិធីសិក្ខាសាលា ស្តីពី «ពន្ធលើប្រាក់ចំណូល និងការរៀបចំលិខិត ប្រកាសពន្ធលើប្រាក់ចំណូល និងការស៊ើបអង្កេតបទល្មើសពន្ធដារ»នេះ ក៏មានការចូលរួមរបស់លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីនៃនាយកដ្ឋានថ្នាក់កណ្តាល សាខាខណ្ឌ ក៏ដូចជា លោក លោកស្រី អ្នកនាង កញ្ញាជាភ្នាក់ងារសេវាកម្មពន្ធដារ សរុបជាង ២៨៥ នាក់។

លោក លីម ដឺលុច បានផ្តល់សុន្ទរកថា ស្វាគមន៍យ៉ាងកក់ក្តៅយ៉ាងកក់ក្តៅចំពោះវត្តមានរបស់ លោក លោកស្រី អ្នកនាង កញ្ញាដែលបានចំណាយពេលវេលាដ៏មានតម្លៃ ក្នុងការចូលរួមកម្មវិធីសិក្ខា សាលានាឱកាសនេះ។

ស្របគ្នានេះផងដែរ លោក លីម ដឺលុច បានលើកឡើងពីវឌ្ឍនភាព នៃប្រព័ន្ធគ្រប់គ្រងទិន្នន័យរបស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងការគ្រប់គ្រងភ្នាក់ងារសេវាកម្ម ពន្ធដារឲ្យមានប្រសិទ្ធភាព ដើម្បីធានាបាននូវការផ្តល់សេវាពន្ធដារ ជូនអ្នកជាប់ពន្ធត្រឹមត្រូវ និងប្រកបដោយប្រសិទ្ធភាព។

ជាមួយគ្នានេះ លោកអគ្គនាយករង បានបន្ថែមផងដែរ បច្ចុប្បន្នអគ្គនាយកដ្ឋានពន្ធដារ បានអភិវឌ្ឍ និងបច្ចុប្បន្នភាពបន្ថែមលើប្រព័ន្ធ-កម្មវិធី របស់អគ្គនាយកដ្ឋានពន្ធដារ ដើម្បីជួយសម្រួល ដល់អ្នកជាប់ពន្ធ សហគ្រាស សាធារណជន ក្នុងការបំពេញកាតព្វកិច្ចពន្ធ ឲ្យបានត្រឹមត្រូវ ដូចជា ការធ្វើបច្ចុប្បន្នភាពបន្ថែមលើមុខងារកែតម្រូវលើលិខិតប្រកាសពន្ធប្រចាំខែ ប្រចាំឆ្នាំ កម្មវិធីវិក្កយបត្រនាំសំណាង (GDT Lucky Draw App) កម្មវិធីប្រកាសពន្ធលើអាជីវកម្មសម្រាប់អ្នកជាប់ពន្ធតូច (GDT Prefiling App)។

លោកអគ្គនាយករង ក៏បានសង្កត់ធ្ងន់ លើការបំពេញកាតព្វកិច្ចរបស់ភ្នាក់ងារសេវាកម្មពន្ធដារ ពង្រឹងចំណេះដឹងរបស់ខ្លួនទាំងផ្នែកច្បាប់បទបញ្ញត្តិថ្មីៗ និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានថ្មីៗ របស់អគ្គនាយកដ្ឋានពន្ធដារ ដើម្បីផ្តល់ចំណេះដឹង ផ្តល់ ការប្រឹក្សាយោបល់លើផ្នែកពន្ធដារ ដល់សហគ្រាស អ្នកជាប់ពន្ធទូទៅ។

គូសបញ្ជាក់ផងដែរថា កម្មវិធីសិក្ខាសាលានាថ្ងៃនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងផ្សព្វផ្សាយចំណេះដឹងពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការរៀបចំលិខិតប្រកាសពន្ធលើប្រាក់ចំណូល និងការស៊ើបអង្កេតបទល្មើសពន្ធដារ ដល់អ្នកចូលរួមទាំងអស់ ដើម្បីអាចយកទៅប្រើប្រាស់ក្នុងការអនុវត្តការងារប្រចាំថ្ងៃប្រកបដោយប្រសិទ្ធភាព។

ក្នុងកម្មវិធីសិក្ខាសាលានាព្រឹកនេះ មានការធ្វើបទបង្ហាញលើប្រធានបទ នីតិវិធីអនុវត្ត និងការរៀបចំដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូល ការស៊ើបអង្កេតបទល្មើសពន្ធដារ ដោយមន្រ្តីជំនាញនៃនាយកដ្ឋានថ្នាក់កណ្តាលនៃអគ្គនាយកដ្ឋាន ពន្ធដារ៕