(ភ្នំពេញ)៖ អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានជូនដំណឹងដល់ម្ចាស់ម្ចាស់ចម្ការម្រេច សហគមន៍ម្រេច រោងចក្រកែច្នៃ និងវេចខ្ចប់ម្រេច ទាំងអស់ ដែលមានបំណងផលិត និងកែច្នៃវេចខ្ចប់ នាំចេញម្រេចទៅកាន់ទីផ្សារប្រទេសចិន រួសរាន់ទៅដាក់ស្នើសុំចុះបញ្ជីចម្ការ ​និងរោងចក្រ សម្រាប់នាំចេញម្រេចទៅកាន់ប្រទេសចិន នៅអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម។ នេះបើយោងតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២នេះ។

ក្រសួងកសិកម្មបានឱ្យដឹងថា បន្ទាប់ពីទទួលបាននូវពាក្យស្នើសុំ អគ្គនាយកដ្ឋានកសិកម្ម នឹងចាត់មន្រ្តីជំនាញ ចុះវាយតម្លៃស្របតាមនិតិវិធីបច្ចេកទេសដែលមានចែងក្នុងពិធីសារ។

អគ្គនាយកដ្ឋានកសិកម្ម គ្រោងនឹងបញ្ជូនឈ្មោះចម្ការ និងរោងចក្រកែច្នៃ និងវេចខ្ចប់ម្រេចទៅភាគីចិន នៅដើមខែមករា ឆ្នាំ២០២៣ខាងមុខ ដើម្បីភាគីចិនមកពិនិត្យ និងវាយតម្លៃបញ្ចប់មុននឹងឈានដល់ការនាំចេញម្រេចជាផ្លូវការ​។

សូមជម្រាបថា ពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញម្រេចពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិន ត្រូវបានចុះហត្ថលេខាដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទៅទី០៩ ខែវិច្ចិកា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ​៕