(ភ្នំពេញ)៖ ក្នុងរយៈពេល១១ ឆ្នាំ២០២២នេះ កម្ពុជាបាននាំចេញទំនិញសំខាន់ៗទៅកាន់ទីផ្សារអន្តរជាតិ ក្នុងតម្លៃជាង២០ពាន់លានដុល្លារអាមេរិក កើនឡើង ១៨.១%។ នេះយោងតាមរបាយការណ៍របស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

ទិន្នន័យនេះ បានបង្ហាញថា ចាប់ពីខែមករា ដល់ខែវិច្ចិកា ឆ្នាំ២០២២ កម្ពុជាបាននាំចេញទំនិញ ទៅកាន់ទីផ្សារគោលដៅសំខាន់ៗ តម្លៃ ២០ ៤៥៧ លានដុល្លារ កើនឡើង ១៨.១% និងនាំចូលមកវិញក្នុងតម្លៃ ២៧ ៧៤៧ លានដុល្លារ កើនឡើង៩.២% ដែលធ្វើឱ្យកម្ពុជា សម្រេចបាននូវទំហំពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិ ក្នុងតម្លៃជាង ៤៨ ២០៤ លានដុល្លារ កើនឡើង១២.៨%។

អាមេរិកគឺជាទីផ្សារចម្បងដែលកម្ពុជាបាននាំចេញទំនិញច្រើនជាងគេ ក្នុងតម្លៃ ជាង៨ពាន់លានដុល្លារ បន្ទាប់គឺប្រទេសវៀតណាម ចិន អាល្លឺម៉ង់ ជប៉ុន កាណាដា អង់គ្លេស ថៃ បែលហ្ស៊ិក ហូឡង់ អូស្ត្រាលី អេស្ប៉ាញ បារាំង ឥណ្ឌា អ៊ីតាលី កូរ៉េខាងត្បូង ម៉ិកស៊ិក ហុងកុង តៃវ៉ាន់ ម៉ាឡេស៊ី និងទីផ្សារមួយចំនួនទៀត។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញដែរថា ក្នុងរយៈពេល១១ខែនេះ កម្ពុជាបាននាំចេញសម្លៀកបំពាក់ជាង៨ពាន់លានដុល្លារ ម៉ាស៊ីន និងឧបករណ៍អគ្គិសនីជិត១៧០០លានដុល្លារ គ្រាប់ធម្មជាតិ ជាង១ពាន់លានដុល្លារ ស្បែកជើង ជាង ១៥០០លានដុល្លារ រួមនឹងទំនិញសំខាន់ៗមួយចំនួនទៀត។

លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងកាលពីពេលថ្មីៗនេះថា ដោយសារភាពរឹងមាំនៃវិស័យផលិតកម្ម​ ការនាំចេញនឹងជំរុញឱ្យកំណើនសេដ្ឋកិច្ចកម្ពុជា អាចនឹងសម្រេចបានក្នុងរង្វង់ប្រមាណ ៥% ក្នុងឆ្នាំ២០២២នេះ និងប្រមាណ ៦% ក្នុងឆ្នាំ២០២៣ ខាងមុខ ដែលមានកម្រិតប្រហាក់ប្រហែលគ្នាទៅនឹងការព្យាករណ៍របស់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗ ដូចជា៖ IMF, WB, និង ADB ផងដែរ។ ​

លោកបន្តថា ក្នុងឱកាសដែលពិភពលោក កំពុងផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច និងការផ្លាស់ប្តូរទីតាំងវិនិយោគ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំធ្វើការងារជាច្រើន ដើម្បីចាប់ឱកាសនេះទាញយកវិនិយោគិនពីក្រៅប្រទេស​ ក្នុងការមកបោះទីតាំងវិនិយោគនៅកម្ពុជា ដើម្បីផលិតទំនិញនាំចេញ តាមរយៈ កែទម្រង់ហេដ្ឋារចនាសម្ព័ន្ធ ឡូជីស្ទីក បណ្តុះបណ្តាលធនធានមនុស្សលើផ្នែកអគ្គិសនី ឌីជីថល បរិយាកាសវិនិយោគ និងច្បាប់វិនិយោគជាដើម៕