(បាងកក)៖ ប្រទេសថៃបានប្រារព្ធពិធីអបអរសាទរចំពោះការទទួលបានភ្ញៀវទេសចរអន្តរជាតិទី ១០លាននាក់របស់ខ្លួនក្នុងឆ្នាំ២០២២ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ខណៈវិស័យទេសចរណ៍កំពុងស្ទុះងើបឡើងវិញ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។

កាលពីថ្ងៃសៅរ៍ អ្នករាំរបាំប្រពៃណី និងអ្នកវាយស្គរនៅអាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិនាទីក្រុងបាងកក បានស្វាគមន៍អ្នកដំណើរដែលមកលើជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Saudi Arabian Airlines ដែលអាជ្ញាធរជឿថា ចំនួនភ្ញៀវទេសចរណ៍បានកើនឡើងដល់ ១០លាននាក់។

នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា បាននិយាយនៅក្នុងសុន្ទរកថានៅឯព្រលានយន្តហោះថា៖ «មេឃបើកចំហហើយ»។ លោកមានប្រសាសន៍ថា៖ «យើងចង់កសាងទំនុកចិត្តថា ប្រទេសថៃនៅតែជាគោលដៅទេសចរណ៍កំពូលមួយរបស់មនុស្សជុំវិញពិភពលោក»។

លោក Arkhom Termpittayapaisith រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃបានឱ្យដឹងនៅចុងសប្តាហ៍មុនថា ចំនួនអ្នកទស្សនាត្រូវបានរំពឹងថានឹងកើនឡើងនៅឆ្នាំក្រោយផងដែរ។

តួលេខរបស់រដ្ឋាភិបាលថៃបានបង្ហាញថា ប្រទេសថៃនឹងស្វាគមន៍ភ្ញៀវទេសចរប្រហែល ២៣ លាននាក់នៅឆ្នាំ២០២៣ ខណៈពេលដែលអ្នកវិភាគមួយចំនួនជឿថា ការស្ទុះងើបឡើងវិញពេញលេញនៃចំនួនភ្ញៀវទេសចរអាចកើតឡើងនៅឆ្នាំ២០២៤។
ប្រទេសថៃបានស្វាគមន៍ភ្ញៀវទេសចរប្រហែល ៤០លាននាក់ក្នុងឆ្នាំ២០១៩ ប៉ុន្តែបន្ទាប់មកជំងឺរាតត្បាតបានវាយប្រហារ និងការធ្វើដំណើរត្រូវបានកាត់បន្ថយ ខណៈដែលប្រទេសនានាបានរឹតបន្តឹងការគ្រប់គ្រងព្រំដែនដើម្បីទប់ស្កាត់មេរោគនេះ។

ជាមួយនឹងការបន្ធូរបន្ថយការរឹតបន្តឹងនៅទូទាំងពិភពលោក តួលេខនៃការធ្វើដំណើររបស់ប្រទេសថៃបានចាប់ផ្តើមស្ទុះងើបឡើងវិញយឺត ហើយរដ្ឋាភិបាលថៃរំពឹងថានឹងរកចំណូលបានជិត ១៦ពាន់លានដុល្លារនៅក្នុងវិស័យទេសចរណ៍នៅឆ្នាំនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP៕