(សិង្ហបុរី)៖ តម្លៃប្រេងឆៅបានកើនឡើងជាង ១ភាគរយនៅថ្ងៃចន្ទសប្តាហ៍នេះ ខណៈបំពង់បង្ហូរប្រេងដ៏សំខាន់ដែលផ្គត់ផ្គង់ប្រេងទៅកាន់សហរដ្ឋអាមេរិកនៅតែបិទ ស្របពេលដែលប្រធានាធិបតីរុស្ស៊ី គំរាមកាត់បន្ថយការផលិតជាការសងសឹកទៅនឹងការកំណត់តម្លៃប្រេងរុស្ស៊ីរបស់លោកខាងលិច។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា តម្លៃប្រេងក្នុងកិច្ចសន្យាអនាគតសម្រាប់ប្រងឆៅប្រភេទ Brent បានកើនឡើង ៤១សេន ឬ ០,៥ភាគរយដល់ ៧៦,៥១ដុល្លារក្នុងមួយបារ៉ែល។ ប្រេងឆៅរបស់អាមេរិក West Texas Intermediate មានតម្លៃ ៧១,៥៥ដុល្លារក្នុងមួយបារ៉ែល កើនឡើង ៥៣សេន ឬ ០,៨ភាគរយ។

ការឡើងថ្លៃនៅថ្ងៃចន្ទសម្រាប់ប្រេងឆៅប្រភេទ Brent និង WTI នេះបានកើតមានឡើងបន្ទាប់ពីប្រេងឆៅទាំងពីរប្រភេទនេះបានធ្លាក់ចុះថ្លៃកាលពីសប្តាហ៍មុនដល់កម្រិតទាបបំផុតគិតចាប់តាំងពីខែធ្នូ ឆ្នាំ២០២១មក ក្នុងគ្រាដែលមានការព្រួយបារម្ភថា ការដើរថយក្រោយនៃសេដ្ឋកិច្ចសកលដែលអាចកើតមានណាមួយ នឹងប៉ះពាល់ដល់តម្រូវការប្រេង។

លោក Edward Moya អ្នកវិភាគទីផ្សារជាន់ខ្ពស់របស់ក្រុមហ៊ុន OANDA បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា៖ «ប្រេងឆៅឡើងថ្លៃដោយសារបំពង់បង្ហូរប្រេង Keystone នៅតែបិទដំណើរការ ការគ្រប់គ្រងជំងឺកូវីដរបស់ចិនត្រូវបានបន្ធូរបន្ថយ និងដោយសារក្តីបារម្ភដែលរុស្ស៊ីអាចកាត់បន្ថយទិន្នផល»។

កាលពីថ្ងៃអាទិត្យ ក្រុមហ៊ុន TC Energy របស់ប្រទេសកាណាដាបានឱ្យដឹងថា ខ្លួនមិនទាន់បានកំណត់ពីមូលហេតុនៃការលេចធ្លាយបំពង់បង្ហូរប្រេង Keystone កាលពីសប្តាហ៍មុននៅសហរដ្ឋអាមេរិកនៅឡើយទេ។ ក្រុមហ៊ុនមិនបានផ្តល់ពេលវេលាកំណត់ថាតើនៅពេលណាដែលបំពង់បង្ហូរប្រេងនឹងដំណើរការឡើងវិញនោះទេ។

បំពង់បង្ហូរប្រេង Keystone បង្ហូរប្រេងចំនួន ៦២២ ០០០បារ៉ែលក្នុងមួយថ្ងៃពីប្រទេសកាណាដាទៅកាន់សហរដ្ឋអាមេរិក ដែលជាសរសេរឈាមដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុនចម្រាញ់ប្រេងនៅរដ្ឋនានារបស់អាមេរិកស្ថិតនៅតំបន់ Midwest និង Gulf Coast។

ប្រទេសចិន ដែលជាប្រទេសនាំចូលប្រេងឆៅដ៏ធំបំផុតក្នុងពិភពលោក បានបន្តបន្ធូរបន្ថយគោលនយោបាយកូវីដសូន្យដ៏តឹងរឹងរបស់ខ្លួន ទោះបីជាផ្លូវនានាក្នុងរដ្ឋធានីប៉េកាំងនៅតែស្ងប់ស្ងាត់ ហើយអាជីវកម្មជាច្រើននៅតែបិទទ្វារកាលពីចុងសប្តាហ៍មុននៅឡើយក៏ដោយ ខណៈដែលពលរដ្ឋចិននិយាយថា ការវិលត្រឡប់មករកភាពធម្មតាវិញត្រូវការពេលយូរ។

លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ីបាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសរុស្ស៊ីដែលជាប្រទេសនាំចេញថាមពលដ៏ធំបំផុតក្នុងពិភពលោក អាចកាត់បន្ថយការផលិតប្រេងឆៅ ហើយនឹងមិនលក់ប្រេងទៅឱ្យប្រទេសណាដែលអនុវត្តគោលនយោបាយកំណត់តម្លៃប្រេងឆៅលើប្រេងរបស់រុស្ស៊ីឡើយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕