(ភ្នំពេញ)៖ លោក វង្សី វិស្សុត រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃចន្ទ ទី១២ ខែធ្នូ ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់តាមប្រព័ន្ធវីដេអូជាមួយវិទ្យាស្ថាននគររូបនីយកម្ម និងឌីសាញសិនជិន (UPDIS) ដើម្បីពិនិត្យធ្វើបច្ចុប្បន្នភាព និងពិភាក្សាលើខ្លឹមសារសំខាន់ៗជាយុទ្ធសាស្រ្ត និងកំណត់ទិសដៅ គោលនយោបាយអាទិភាព នៃសេចក្តីព្រាងរបាយការណ៍ផែនការមេ និងសេចក្តីព្រាងរបាយការណ៍ផ្នែកពាក់ព័ន្ធទាំង១២ នៅក្នុងដំណាក់កាលទី២ នៃការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង តាមរយៈការប្រែក្លាយខេត្តព្រះសីហនុជាប៉ូលនៃការអភិវឌ្ឍថ្មីមួយ និងជាទីក្រុងឆ្លាតវៃ មានការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងជាទីក្រុងបៃតង ព្រមទាំងជាមជ្ឍមណ្ឌលពាណិជ្ជកម្ម សេវាកម្ម និងឡូជីស្ទីកដ៏រស់រវើក ក្នុងតំបន់អាស៊ាន ដើម្បីភ្ជាប់ខេត្តព្រះសីហនុទៅនឹងខ្សែច្រវ៉ាក់ផលិតកម្ម និងការផ្គត់ផ្គង់ក្នុងតំបន់ និងពិភពលោក។

លោក វង្សី វិស្សុត មានប្រសាសន៍ថា គោលបំណងនៃកិច្ចប្រជុំពិគ្រោះយោបល់នេះ គឺដើម្បីពិនិត្យខ្លឹមសារនៃសេចក្តីព្រាងរបាយការណ៍ សម្រាប់ដំណាក់កាលទី២ នៃការរៀបចំផែនការមេ ដើម្បី (១).អាចធានាបានថា ផែនការមេ និងផែនការសកម្មភាពមានសង្គតិភាពទៅនឹងផែនការអភិវឌ្ឍថ្នាក់ជាតិ, មានប្រទាក់ក្រឡា និងគ្រប់ជ្រុងជ្រោយ ព្រម ទាំងមានភាពជាក់ស្តែង និងអាចអនុវត្តបាន ប្រកបដោយប្រសិទ្ធភាព, (២). កំណត់បញ្ហាប្រឈម និងអាទិភាពគោលនយោបាយ លើទិសដៅអភិវឌ្ឍន៍សំខាន់ៗ ជាពិសេស វិស័យឧស្សាហកម្ម, វិស័យ ទេសចរណ៍, វិស័យហិរញ្ញវត្ថុ, ការកសាងហេរដ្ឋារចនាសម្ព័ន្ធគន្លឹះៗ និងការអភិវឌ្ឍធនធានមនុស្ស និង (៣). សង្កត់ធ្ងន់លើការគ្រប់គ្រងការប្រើប្រាស់ដីធ្លី, ការរៀបចំក្របខណ្ឌស្ថាប័ន, និងយន្តការហិរញ្ញប្បទាន ដែលសម្រាប់គាំទ្រ និងជំរុញការអនុវត្តផែនការមេនេះ ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ដែលនឹងមាន បច្ច័យ ធំធេងដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ក្នុងរយៈពេលវែង ក៏ដូចជាការលើកកម្ពស់ជីវភាពរបស់ប្រជាជន។

លោក វង្សី វិស្សុត មានប្រសាសន៍បន្តទៀតថា របាយកាណ៍ផែនការមេ និងរបាយការណ៍ផ្នែកពាក់ព័ន្ធទាំង១២នេះ បានឆ្លុះបញ្ចាំងពីផែនការសកម្មភាពក្នុងការអភិវឌ្ឍរយៈពេលខ្លី, មធ្យម និងវែង, បន្ស៊ីគ្នាទៅនឹងផែនការ យុទ្ធសាស្រ្ត និងផែនការអភិវឌ្ឍថ្នាក់ជាតិ និងមានភាពប្រទាក់ក្រឡានៃផែនការអភិវឌ្ឍតាមវិស័យ ដោយ គិតគូរទាំងស្ថានភាពម៉ាក្រូសេដ្ឋកិច្ច, និន្នាការនិងការផ្លាស់ប្តូរសកល, ការអភិវឌ្ឍឧស្សាហកម្ម, ទីផ្សារកំលាំងពលកម្ម, គំរូអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស, ហេដ្ឋារចនាសម្ព័ន្ធសាធារណៈសារវ័ន្តសម្រាប់ទីក្រុង (public utilities), មធ្យោបាយដឹកជញ្ជូន, ទេសចរណ៍ និងជីវចម្រុះ, ការរស់នៅ និងសុខមាលភាព, ការរចនាទីក្រុង, ការគ្រប់គ្រងការប្រើប្រាស់ដី, ការគ្រប់គ្រងខ្សែក្រវ៉ាត់បៃតង, និងក្របខ័ណ្ឌស្ថាប័ន, ដែលនឹងជួយប្រែក្លាយខេត្តព្រះសីហនុ ទៅជាប៉ូលសេដ្ឋកិច្ចដ៏រឹងមាំនារបស់ប្រទេសកម្ពុជានាពេលអនាគត ស្របតាមចក្ខុវិស័យកម្ពុជា ដើម្បីឈានទៅសម្រេចបានជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។

នៅក្នុងកិច្ចប្រជុំនេះ លោក វង្សី វិស្សុត បានផ្តល់អនុសាសន៍ដល់ក្រុមការងារនៃវិទ្យាស្ថាន UPDIS អោយធ្វើការគិតគូរបំពេញបន្ថែម លើចំនុចសំខាន់ៗមួយចំនួនដូចជា៖ (១). ផែនការមេត្រូវដាក់ចេញនូវផែនការ សកម្មភាពលម្អិតតាមដំណាក់កាល (Milestone) ដោយបញ្ជាក់ច្បាស់ពីប្រភេទឧស្សាហកម្ម, ហេដ្ឋារចនាសម្ព័ន្ធសាធារណៈសារវ័ន្តសម្រាប់ទីក្រុង (public utilities) ដែលត្រូវអភិវឌ្ឍក្នុងរយៈពេល០៥ឆ្នាំដំបូង និងឆ្នាំបន្តបន្ទាប់ទៀត, (២). រៀបចំផែនទីបង្ហាញផ្លូវសម្រាប់ អភិវឌ្ឍវិស័យ ទេស ចរណ៍ និងវិស័យឧស្សាហកម្មធុនស្រាល ដែលកំពុងដំណើរការនៅខេត្តព្រះសីហនុ, (៣). សិក្សា និងផ្តល់អនុសាសន៍សមស្រប និងទាន់ពេលវេលា លើការដោះស្រាយអាគារដែលមិនទាន់សាងសង់រួច ដើម្បី ទាក់ទាញការវិនិយោគ, បង្កើនចំណូលខេត្ត និងជួយជំរុញវិស័យសេដ្ឋកិច្ចសម្រាប់ខេត្តព្រះសីហនុទាំង មូល, (៤). សិក្សាស៊ីជម្រៅ បន្ថែមក្នុងការរៀបចំយន្តការ និងទិសដៅគោលនយោបាយក្នុងការគ្រប់គ្រងការប្រើប្រាស់ដី ដោយហេតុថា ដីធ្លីនៅខេត្តព្រះសីហនុភាគច្រើនជាដីឯកជន ដែលតម្រូវឱ្យមានយន្តការច្បាស់លាស់ក្នុងការកៀងគរការចូលរួម ពីម្ចាស់ដី,  (៥). សិក្សាស៊ីជម្រៅ បន្ថែមអំពីការរៀបចំក្របខ័ណ្ឌស្ថាប័ន ដើម្បីធានាអោយមានប្រសិទ្ធភាពក្នុងការ អនុវត្តផែនការមេ, (៦). ត្រូវគិតគូរបន្ថែមពីប្រភពថវិកាចម្រុះ សម្រាប់គាំទ្រដល់ការវិនិយោគ និងអនុវត្តផែការមេ រួមមាន៖ ថវិកាបដិភាគថ្នាក់ជាតិ, ថវិកាបដិភាគថ្នាក់ខេត្ត, កម្ចីពីធនាគារស្ថាប័នហិរញ្ញវត្ថុអន្តរជាតិនានា និងពីប្រទេសដៃគូ រួមទាំងតាមរយៈយន្តការភាពជាដៃគូរដ្ឋនិងឯកជន (PPP) និងការយកពន្ធលើដីធ្លី ។ល។

លោក វង្សី វិស្សុត បានថ្លែងអំណរគុណ និង វាយតម្លៃខ្ពស់ ចំពោះក្រុមការងារដឹកនាំដោយ វិទ្យាស្ថាន UPDIS ដែល បាន ខិតខំ រៀបចំសេចក្ដី ព្រាងរបាយការណ៍ផែនការមេ និងសេចក្តីព្រាងរបាយការណ៍ផ្នែកពាក់ព័ន្ធទាំង១២ នៃផែនការមេខេត្តព្រះសីហនុ និងបានណែនាំឱ្យក្រុមការងារធ្វើ ការកែសម្រួលខ្លឹមសារឯកសារទាំងនេះបន្ថែម ឱ្យកាន់តែមានលក្ខណៈល្អប្រសើរ សម្រាប់ដាក់ឆ្លងកិច្ចប្រជុំ គណៈកម្មាធិការសម្របសម្រួលអន្តរក្រសួង ដើម្បីអភិវឌ្ឍខេត្ដព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ពិនិត្យ និងសម្រេច នាពេលខាងមុខ។

គួរបញ្ជាក់ដែរថា វិទ្យាស្ថាន UPDIS គឺជាវិទ្យាស្ថាន ដែលធ្លាប់បានធ្វើការសិក្សា និងរៀបចំផែនការមេ អភិវឌ្ឍន៍តំបន់សិនជិន (Shenzhen) របស់ប្រទេសចិន៕