(ភ្នំពេញ)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំក្រុមការងារចុះពិនិត្យ តាមដានស្ថានភាពការប្រមូលទិញស្រូវ និងកិនអង្ករ នៅតាមរោងម៉ាស៊ីនចំនួន២៩ ក្នុងខេត្តចំនួន៥ រួមមានពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងកំពង់ធំ។

ការចុះពិនិត្យស្ថានភាពការប្រមូលទិញស្រូវ និងកិនអង្ករនៅតាមរោងម៉ាស៊ីន ក្នុងខេត្តសក្តានុពលនេះ បានចាប់ផ្តើមចាប់តាំងពីថ្ងៃទី៩ ដល់ ១២ ខែធ្នូ ឆ្នាំ២០២២។

ក្នុងពេលជួបជាមួយនឹងម្ចាស់រោងម៉ាស៊ីនកិនស្រូវទាំងអស់ លោកបណ្ឌិត កៅ ថាច បានបន្តជំរុញ និងលើកទឹកចឹត្តដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវ សូមបន្តជួយប្រមូលទិញស្រូវ ពីកសិករឲ្យអស់តាមលទ្ធភាព និងអោយតំលៃសមស្របតាមទីផ្សារផងដែរ។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២នេះ លោកបណ្ឌិត កៅ ថាច បានបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីចុះពិនិត្យជាក់ស្តែងពីស្ថានភាពការប្រមូលទិញស្រូវ របស់រោងម៉ាស៊ីនកិនឃើញថា តម្លៃស្រូវផ្ការំដួលដែលជួបបញ្ហាធ្លាក់ថ្លៃ កាលពីដើមរដូវប្រមូលផលនោះ ពេលនេះដល់ចុងរដូវស្ថិតនៅតម្លៃល្អ ដែលតម្លៃជាង១០បាត ដែលស្មើនឹង ១១៥០រៀលក្នុង១គីឡូក្រាម។

លោកបន្តថា មកដល់ពេលនេះ ក៏ចាប់ផ្តើមដល់ពេលប្រមូលផលស្រូវសែនក្រអូបផងដែរ ដែលតម្លៃក្នុងក្នុងស្ថានភាពល្អជាង ៩បាតក្នុង១គីឡូក្រាម។ ដោយឡែកសម្រាប់ប្រភេទស្រូវ អ៉ីអ៊ែរ OM 5451 ក៏តម្លៃល្អដែរ ដែលឡើងដល់ ៩៨០រៀលក្នុង១គីឡូក្រាម ដែលតម្លៃនេះមិនធ្លាប់មានទេពីមុនមក។

លោកបានបញ្ជាក់ថា «ជារួមតម្លៃស្រូវរបស់បងប្អូន ប្រជាកសិករយើងនៅពេលនេះ គឺល្អណាស់ ទាំងស្រូវផ្ការំដួល ស្រូវសែនក្រអូប និងស្រូវអ៉ីអ៊ែរ»

សូមជម្រាបថា កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងពេលដែលស្រូវ របស់បងប្អូនប្រជាកសិករ នៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ជួបបញ្ហាធ្លាក់ថ្លៃ, រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាសេនាធិការ បានគិតគូរយ៉ាងយកចិត្តទុកដាក់ខ្ពស់ និងបានសម្រេចផ្តល់ថវិកាបន្ថែមចំនួន ១០លានដុល្លារអាមេរិក លើមូលនិធិសម្រាប់ទិញស្រូវចំនួន ៨៣លានដុល្លារអាមេរិក តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សម្រាប់គាំទ្រដល់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុនកែច្នៃនាំចេញអង្ករ ក្នុងការប្រមូលទិញស្រូវ ពីប្រជាកសិករតាមតម្លៃសមស្រប ជៀសវៀងការទិញទម្លាក់ថ្លៃពីឈ្មួញខិលខូចមួយចំនួន៕