(ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា អង្គរអ៊ែរ (Cambodia Angkor Air) និងក្រុមហ៊ុន E-GetS បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងសហប្រតិបត្តិការរួមគ្នា ដើម្បីឲ្យអតិថិជនទិញសំបុត្រ ដែលមានតម្លៃសមរម្យ និងងាយស្រួលជាងមុន ដែលអាចឲ្យពួកគេរីករាយ ទទួលបានភាពងាយស្រួល នៃការប្រើប្រាស់បច្ចេកវិទ្យាទំនើប តាមស្តង់ដារថ្មី ដើម្បីទទួលបានផលប្រយោជន៍រួម។

ថ្លែងក្នុងពិធីចុះហត្ថលេខា នៅថ្ងៃទី១០​ ខែធ្នូ​ ឆ្នាំ២០២២ លោក តឹករ៉េត សំរេច រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន កម្ពុជា អង្គរអ៊ែរ បានឲ្យដឹងថា កិច្ចសហប្រតិបត្ដិការ រវាងក្រុមហ៊ុនទាំងពីរនេះ នឹងបង្កើននូវអត្ថប្រយោជន៍ សម្រាប់ភាគីទាំងសងខាង ដែលនឹងទាក់ទាញអ្នកដំណើរបានច្រើន ជាពិសេសអតិថិជន ដែលរស់នៅក្នុងប្រទេសកម្ពុជា។

លោក តឹករ៉េត សំរេច បានបញ្ជាក់ថា តាមរយៈកិច្ចសហប្រតិបត្ដិការនេះ នឹងផ្ដល់ភាពងាយស្រួល ក្នុងការទិញសំបុត្រយន្ដហោះ តាមរយៈអ៊ីនធឺណិត ដោយគ្រាន់តែប្រើកម្មវិធីរបស់ E-GetS ហើយអតិថិជន នឹងអាចកំណត់ទីតាំង និងស្វែងរកទិសដៅហោះហើរ បានយ៉ាងឆាប់រហ័ស និងងាយស្រួល ក្នុងការធ្វើដំណើរ។

បើតាមសេចក្ដីប្រកាសព័ត៌មាន ពេលអនាគត Cambodia Angkor Air និង E-GetS ​នឹងធ្វើការរួមគ្នា ដើម្បីផ្ដល់ជូននូវការលក់សំបុត្រយន្ដហោះ ដែលមានការបញ្ចុះតម្លៃមិនធ្លាប់មានពីមុនមក និងយុទ្ធនាការផ្សព្វផ្សាយជារួម ទៅលើជើងហោះហើរថ្មី ដូចជា ភ្នំពេញ-សៀមរាប, ភ្នំពេញ-ក្វាងចូវ និងជើងហោះហើរទៅប្រទេសចិនជាច្រើនទៀត។

ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា អង្គរអ៊ែរ បាននឹងកំពុងដំណើរការផ្លូវហោះហើរក្នុងស្រុកចំនួន៣ដូចជា៖ រាជធានីភ្នំពេញ សៀមរាប ព្រះសីហនុ និងផ្លូវហោះហើរអន្តរជាតិ ដែលរួមមានគោលដៅ ប្រទេសវៀតណាមដូចជា៖ ហាណូយ ហូជីមិញ និងដាណាំង និងប្រទេសចិន ដែលមានរហូតដល់ជាង១០ទីក្រុងដូចជា៖ ប៉េកាំង ក្វាងចូវ សៀងហៃ ហាំងចូវ ណាននីង ហៃគូ ម៉ាកាវ -ល-។

លើសពីនេះ តាមរយៈទំនាក់ទំនងដៃគូរពាណិជ្ជកម្ម ក៏បានបន្ថែមបណ្តាញផ្លូវហោះហើរ ទៅកាន់ចក្រភពអង់គ្លេស ហុងកុង អូស្ត្រាលី ជាមួយក្រុមហ៊ុនអាកាសចរណ៍វៀតណាម CAAir បារាំង និងទីក្រុងល្បីៗផ្សេងទៀត។

សូមជម្រាបថា Cambodia Angkor Air ជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេ ក្នុងប្រទេសកម្ពុជា និងតែមួយគត់រហូតមកដល់ពេលនេះ ដែលទទួលបានវិញ្ញាបនបត្រសុវត្ថិភាព ពីសមាគមន៍ដឹកជញ្ជូន ផ្លូវអាកាសអន្ដរជាតិ (IOSA) និងជាសមជិកផ្លូវការ របស់អង្គការនេះ ដែលធ្វើឲ្យក្រុមហ៊ុនទទួលការជឿទុកចិត្ដពីអ្នកដំណើរ ដោយសារការយកចិត្ដទុកដាក់សុវត្ថិភាពជាចម្បង។

ក្នុងបច្ចុប្បន្នភាព រយៈពេលក្រោយកូវីដនេះ Cambodia Angkor Air គឺជាក្រមហ៊ុនអាកាសចរណ៍តែមួយគត់ ដែលមានប្រតិបត្ដិការជើងហោះហើរក្នុងស្រុក ដោយមានជើងហោះហើរ ២ជើងក្នុងមួយថ្ងៃ ពីភ្នំពេញទៅសៀមរាប និងជើងហោះហើរប្រចាំថ្ងៃ ពីសៀមរាបទៅក្រុងព្រះសីហនុ។

ជាងនេះទៅទៀត ក្រុមហ៊ុនបង្កើនជើងហោះហើរយ៉ាងឆាប់ ទៅកាន់ប្រទេសវៀតណាម (ហាណូយ ហូជីមិញ ដាណាំង) និងប្រទេសចិន (ក្វាងចូវ ណាននីង ឆិងចូវ សៀងហៃ)។

ក្រុមហ៊ុន ក៏មានគម្រោងធ្វើកិច្ចសហប្រតិបត្ដិការរួមគ្នា នៃគម្រោង Henan-Cambodia-The ASEAN «Air Silk Road» និងជួយប្រែក្លាយទីក្រុងឆិងចូវ ជាមួយនឹងរាជធានីភ្នំពេញ ទៅជាទីក្រុងកណ្ដាល នៃការហោះហើរអន្ដរជាតិ៕