(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលធនាគារ SME បានលើកទឹកចិត្តឱ្យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដែលដាក់សំណើកម្ចីពីធនាគារសហគ្រាសធុនតូច និងមធ្យម (SME Bank) ជាប្រភេទប្រាក់រៀល ដើម្បីទទួលបាននូវអាត្រាការប្រាក់ទាប ដែលអាចនឹងធ្វើឱ្យពួកគេទទួលបានផលចំណេញ។

ការលើកឡើងរបស់ លោក ផាន់ ផល្លា ស្របពេលដែលធនាគារសហគ្រាសធុនតូច និងមធ្យម មានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការជំរុញការផ្តល់កម្ចីជាប្រាក់រៀល ដើម្បីលើកកម្ពស់រូបិយបណ្ណក្នុងស្រុក ពោលគឺធនាគារនឹងផ្តល់កម្ចីជាប្រាក់រៀលក្នុង អត្រាការប្រាក់ទាបជាងកម្ចី ជាប្រាក់ដុល្លារអាមេរិក ០.២៥% សម្រាប់វិស័យធម្មតា និងរហូតដល់ ០.៥% សម្រាប់វិស័យអាទិភាព។ ក្នុងន័យនេះ សម្រាប់កម្ចីក្នុងវិស័យអទិភាព អត្រាការប្រាក់ត្រឹមតែ៥%ប៉ុណ្ណោះក្នុងមួយឆ្នាំ។

លោកបានគូសបញ្ជាក់បន្ថែមថា បើទោះបីអត្រាការប្រាក់ នៅលើទីផ្សារអន្តរជាតិ កើនឡើងក៏ដោយ ប៉ុន្តែធនាគារសហគ្រាសធុនតូច និងមធ្យម នឹងរក្សានូវការផ្ដល់កម្ចីក្នុងអត្រាការប្រាក់សមរម្យ ដូចដែលមានចែងក្នុងយុទ្ធសាស្ត្រធុរកិច្ច របស់ធនាគារសហគ្រាសធុនតូច និងមធ្យម គឺ ផ្ដល់កម្ចីជាមួយនឹងអត្រាការប្រាក់ចន្លោះពី ៥.៨៨% និង ៦.៨៨% ក្នុងមួយឆ្នាំសម្រាប់វិស័យអាទិភាព និងផ្ដល់កម្ចីជាមួយនឹងអត្រាការប្រាក់ថេរត្រឹម ៧.៥% សម្រាប់វិស័យធម្មតា។ ផ្ដល់កម្ចីជាមួយអត្រាការប្រាក់សម្បទានបំផុត ពោលត្រឹម ៥.៥% សម្រាប់សហគ្រាសធុនតូច និងមធ្យមដែលមានម្ចាស់ជាស្ត្រី ប្រសិនបើសហគ្រាសទាំងនោះចុះបញ្ជីត្រឹមត្រូវ និងស្ថិតក្នុងវិស័យអាទិភាព។

លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងថា ប្រសិនម្ចាស់អាជីវកម្ម ឬអ្នកផ្គត់ផ្គង់របស់គាត់ប្រើប្រាស់ប្រាក់រៀល ការប្រើប្រាស់កម្ចីជាប្រាក់រៀល នឹងផ្តល់ផលចំណេញដល់ពួកគាត់ច្រើនជាងប្រាក់ដុល្លារ ។ ប៉ុន្តែផ្ទុយទៅវិញប្រសិនបើការទិញលក់របស់គាត់ច្រើន ធ្វើឡើងជាប្រាក់ដុល្លារ នោះការប្រើប្រាស់ប្រាក់ដុល្លារ នឹងផ្តល់ផលចំណេញជាង។

តែទោះជាយ៉ាងណា លោកលើកទឹកចិត្តឱ្យប្រើប្រាស់ប្រាក់រៀល ព្រោះផ្តល់ផលចំណេញច្រើន ដល់សេដ្ឋកិច្ចជាតិ ព្រមទាំងជួយបង្កើននូវអធិបតេយ្យជាតិផងដែរ ពោលគឺការប្រើប្រាស់ប្រាក់រៀលកាន់តែច្រើន កម្ពុជានឹងមិនសូវពឹងផ្អែកខ្លាំង លើរូបីយបណ្ណបរទេសឡើយ។ ស្របពេលដែល វិស័យមីក្រូហិរញ្ញវត្ថុ ក៏បានផ្តល់ជូននូវអត្រាការប្រាក់ល្អ សម្រាប់ប្រាក់រៀល ជាងប្រាក់ដុល្លាផងដែរ។

លោកបន្ថែមថា «វិស័យមីក្រូហិរញ្ញវត្ថុ បាននិងកំពុងផ្តល់កម្ចីជាប្រាក់រៀលប្រមាណ ២០ភាគរយ នៃទំហំឥណទានសរុប ដោយសារអតិថិជនរបស់យើងជាច្រើន នៅតាមខេត្ត និងជនបទប្រើប្រាស់ប្រាក់រៀលច្រើន»

បើតាមលោក ផាន់ ផល្លា នាពេលបច្ចុប្បន្ននេះ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា កំពុងដំណើរការអនុវត្តគម្រោងហិរញ្ញប្បទាន និងផលិតផលមួយចំនួន ដូចជា ហិរញ្ញប្បទាននៃសហគ្រាសធុនតូច និងមធ្យមកម្ពុជា (CSS), ហិរញ្ញប្បទានសម្រាប់វិស័យឌីជីថល និងទំនើបកម្ម (CDAS), ហិរញ្ញប្បទានសម្រាប់សហគ្រិនស្រ្តីកម្ពុជា (CWES), ហិរញ្ញប្បទានស្តារសហគ្រាសធុនតូច និងមធ្យមកម្ពុជាឡើងវិញ (CRSS), ហិរញ្ញប្បទានគ្មានទ្រព្យធានា( Non -collateralized loan), គម្រោងសហហិរញ្ញប្បទានស្តារ វិស័យទេសចរណ៍ឡើងវិញ (TRCS) និង ឥណទានវិបារូបណ៍ (OD)៕