(វ៉ាស៊ីនតោន)៖ លោក David Malpass ប្រធានធនាគារពិភពលោក (WB) នៅថ្ងៃសុក្រសប្តាហ៍នេះបានប្រាប់មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់របស់ប្រទេសចិនថា រដ្ឋាភិបាលក្រុងប៉េកាំងចាំបាច់ត្រូវធ្វើកិច្ចការបន្ថែមទៀតដើម្បីជួយបន្ធូរបន្ថយបន្ទុកបំណុលលើប្រទេសកំពុងកំពុងអភិវឌ្ឍន៍។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា លោក Malpass នៅក្នុងកិច្ចប្រជុំជាមួយនាយករដ្ឋមន្រ្តីចិនលោក Li Keqiang រដ្ឋមន្ត្រីហិរញ្ញវត្ថុលោក Liu Kun និងទេសាភិបាលធនាគារកណ្តាលចិនលោក Yi Gang បានស្នើឱ្យមន្ត្រីចិនចេញផ្សាយទិន្នន័យបន្ថែមទៀតអំពីឧបករណ៍បំណុលដើម្បីជួយពន្លឿនការរៀបចំបំណុលឡើងវិញសម្រាប់ប្រទេសក្រីក្រ។

ធនាគារពិភពលោកបានឱ្យដឹងថា៖ «លោក Malpass និងលោកនាយករដ្ឋមន្ត្រី Li បានធ្វើការពិភាក្សាលម្អិតអំពីបន្ទុកនៃកម្រិតបំណុលដែលគ្មាននិរន្តរភាពនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន»។ លោក Malpass បានថ្លែងថា ការកើនឡើងយ៉ាងឆាប់រហ័សនៃការទូទាត់សេវាបំណុលកំពុងចំណាយធនធានដែលមានកម្រិតពីប្រទេសកូនបំណុល ដោយកាត់បន្ថយការចំណាយលើវិស័យសុខាភិបាល ការអប់រំ ហេដ្ឋារចនាសម្ព័ន្ធ និងអាទិភាពអាកាសធាតុ។

លោក Malpass បានចូលរួមក្នុងកិច្ចប្រជុំជាមួយមន្ត្រីចិន និងស្ថាប័នផ្តល់ប្រាក់កម្ចីរដ្ឋនានានៅទីក្រុងហួងសានស្ថិតនៅភាគខាងកើតប្រទេសចិន រួមជាមួយនឹងអគ្គនាយកមូលនិធិរូបិយវត្ថុអន្តរជាតិលោកស្រី Kristalina Georgieva និងថ្នាក់ដឹកនាំស្ថាប័នអន្តរជាតិផ្សេងទៀត ដើម្បីពិភាក្សាអំពីបញ្ហាម៉ាក្រូសេដ្ឋកិច្ចជាច្រើន។

លោក Malpass នៅក្នុងកិច្ចប្រជុំកាលពីសប្តាហ៍មុននៅឯសន្និសិទ Reuters NEXT បានបង្ហាញថា ប្រទេសក្រីក្របំផុតនៅក្នុងពិភពលោកឥឡូវនេះជំពាក់ប្រាក់ចំនួន ៦២ពាន់លានដុល្លារនៅក្នុងសេវាកម្មបំណុលទ្វេភាគីប្រចាំឆ្នាំដែលកើនឡើង ៣៥ភាគរយធៀបនឹងឆ្នាំមុន។

លោក Malpass បានស្នើសុំឱ្យលោក Liu រដ្ឋមន្ត្រីហិរញ្ញវត្ថុចិនចូលរួមឱ្យបានសកម្មក្នុងការដោះស្រាយបញ្ហាបំណុលដែលគ្មាននិរន្តរភាព និងពន្លឿនដំណើរការរៀបចំបំណុលដែលកំពុងធ្វើឡើងរបស់ប្រទេសសំប៊ី។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕