(រីយ៉ាដ)៖ រដ្ឋមន្ត្រីក្រសួងថាមពលប្រទេសអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Abdulaziz bin Salman បានមានព្រះបន្ទូលនៅសប្តាហ៍នេះក្នុងអំឡុងដំណើរទស្សនកិច្ចរបស់មេដឹកនាំចិនទៅកាន់ព្រះរាជាណាចក្រមួយនេះថា អារ៉ាប៊ីសាអូឌីតនឹងនៅតែជាដៃគូថាមពលដ៏គួរឱ្យទុកចិត្ត និងពឹងពាក់បានសម្រាប់ប្រទេសចិន។ នេះបើយោងតាមទីភ្នាក់ងាព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងាព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សារព័ត៌មានក្នុងស្រុករបស់អារ៉ាប៊ីសាអូឌីតថា ព្រះអង្គម្ចាស់ Abdulaziz បានមានព្រះបន្ទោលថា កិច្ចសហប្រតិបត្តិការរវាងប្រទេសចិន ដែលជាអ្នកប្រើប្រាស់ថាមពលដ៏ធំបំផុតរបស់ពិភពលោក និងព្រះរាជាណាចក្រ ដែលជាប្រទេសនាំចេញប្រេងកំពូលរបស់ពិភពលោក បានជួយរក្សាស្ថិរភាពទីផ្សារប្រេងពិភពលោក។

ទីភ្នាក់ងារព័ត៌មានរដ្ឋអារ៉ាប៊ីសាអូឌីត SPA បានដកស្រង់សម្តីរបស់ព្រះអង្គម្ចាស់ថា៖ «នៅក្នុងវិស័យនេះ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតនឹងនៅតែជាដៃគូដ៏គួរឱ្យទុកចិត្ត និងពឹងពាក់បានសម្រាប់ប្រទេសចិន»

ព្រះអង្គបានមានព្រះបន្ទោលថា អារ៉ាប៊ីសាអូឌីត និងចិននឹងស្វែងរកការជំរុញកិច្ចសហប្រតិបត្តិការក្នុងខ្សែចង្វាក់ផ្គត់ផ្គង់ថាមពលដោយបង្កើតមជ្ឈមណ្ឌលក្នុងតំបន់នៅក្នុងរដ្ឋឈូងសមុទ្រអារ៉ាប់សម្រាប់រោងចក្ររបស់ប្រទេសចិន៕