(ប៉េកាំង)៖ ធនាគារកណ្តាលរបស់ប្រទេសចិនបានឱ្យដឹងនៅសប្តាហ៍នេះថា ខ្លួនបានបន្ថែមមាសចំនួន ៣២តោនដែលមានតម្លៃប្រហែល ១,៨ពាន់លានដុល្លារទៅក្នុងទុនបម្រុងរបស់ខ្លួនដែលជាកំណើនលើកដំបូងគិតចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៩មក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ការបន្ថែមមាននេះនាំឱ្យការកាន់កាប់មាសសរុបរបស់ប្រទេសចិនគិតត្រឹមនៅចុងខែវិច្ឆិកាមានចំនួន ១ ៩៨០តោនដែលមានតម្លៃប្រហែល ១១២ពាន់លានដុល្លារ។

យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ ប្រទេសចិនមានទុនបម្រុងជាមាសផ្លូវការច្រើនជាងគេទី៦ នៅក្នុងពិភពលោកបន្ទាប់ពីប្រទេសនានារួមមានរុស្ស៊ី អាល្លឺម៉ង់ និងសហរដ្ឋអាមេរិក ដែលប្រទេសមានទុនបម្រុងជាមាសច្រើនជាងគេបំផុតមានចំនួន ៨ ១៣៣,៥តោន។

កន្លងមក ប្រទេសចិនបានរាយការណ៍ថា មិនមានការប្រែប្រួលបរិមាណមាសបម្រុងរបស់ខ្លួនអស់រយៈពេលជាច្រើនឆ្នាំមុនពេលបង្ហាញពីការបន្ថែមស្តុកថ្មីនេះ ហើយពេលខ្លះមានសេចក្តីរាយការណ៍ថាមានការកើនឡើងប្រចាំខែជាលំដាប់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕