(ព្រុចសែល)៖ សហភាពអឺរ៉ុបនឹងដំណើរការសំណុំរឿងចំនួនពីរប្រឆាំងនឹងប្រទេសចិននៅឯអង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅថ្ងៃពុធសប្តាហ៍នេះ បន្ទាប់ពីការពិភាក្សាដើម្បីដោះស្រាយបញ្ហាជាមួយប្រទេសជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួនមួយនេះមិនទទួលបានលទ្ធផល។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

លោក Valdis Dombroskis អនុប្រធានគណៈកម្មការអឺរ៉ុបទទួលបន្ទុកផ្នែកពាណិជ្ជកម្មបានប្រាប់ Bloomberg News ថា ករណីទាំងពីរនេះមានការទាក់ទងនឹងការរឹតបន្តឹងរបស់ប្រទេសចិនលើការនាំចេញរបស់ប្រទេសលីទុយអានី និងការអនុវត្តដោយបង្ខិតបង្ខំរបស់ទីក្រុងប៉េកាំងចំពោះអ្នកកាន់កាប់សិទ្ធិប៉ាតង់ក្នុងការប្រើប្រាស់សិទ្ធិរបស់ពួកគេដើម្បីការពារបច្ចេកវិទ្យាច្នៃប្រឌិតរបស់ពួកគេនៅចំពោះមុខតុលាការ។ លោកបានបន្ថែមថា ករណីទាំងពីរនេះមានសារៈសំខាន់ជាប្រព័ន្ធ។

លោក Valdis Dombroskis បានប្រាប់ Bloomberg News នៅក្នុងបទសម្ភាសមួយកាលពីថ្ងៃអង្គារថា៖ «បំណងដំបូងរបស់យើងគឺស្វែងរកដំណោះស្រាយដោយការចរចារតាមរយៈការពិគ្រោះយោបល់ ហើយយើងបានចំណាយពេលវេលាជាច្រើនក្នុងការចរចាទាំងនោះដើម្បីចៀសវាងការចាត់វិធានការបន្ទាប់។ ប៉ុន្តែការការពិភាក្សាទាំងនេះមិនបាននាំមកនូវលទ្ធផលគួរឱ្យពេញចិត្តដល់យើងទេ»

ការកើនឡើងជម្លោះពាណិជ្ជកម្មជាមួយប្រទេសចិនបានកើតឡើងនៅពេលដែលសហភាពអឺរ៉ុបកំពុងវាយតម្លៃឡើងវិញនូវទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសនេះ ដោយមើលឃើញប្រទេសចិនកាន់តែខ្លាំងឡើងថាជាដៃគូប្រកួតប្រជែង និងជាគូប្រជែងលើបញ្ហាជាច្រើនរាប់ចាប់ពីការបើកចំហទីផ្សាររហូតដល់បញ្ហាសិទ្ធិមនុស្ស។ ប៉ុន្តែសហភាពអឺរ៉ុបក៏បានព្យាយាមភ្ជាប់ខ្លួនឡើងវិញលើបញ្ហានយោបាយជាមួយទីក្រុងប៉េកាំងផងដែរ ហើយចង់ឱ្យរដ្ឋាភិបាលចិនដើរតួនាទីយ៉ាងសកម្មបន្ថែមទៀតក្នុងនាមជាអ្នកសម្រុះសម្រួលជាមួយរុស្ស៊ី បន្ទាប់ពីការលុកលុយរបស់ទីក្រុងម៉ូស្គូលើប្រទេសអ៊ុយក្រែន។

ទំនាក់ទំនងទ្វេភាគីស្ថិតក្នុងស្ថានភាពកាន់តែយ៉ាប់យ៉ឺនឡើងចាប់តាំងពីខែធ្នូឆ្នាំមុន បន្ទាប់ពីប្រទេសចិនបានដាក់វិធានការបង្ខិតបង្ខំប្រឆាំងនឹងការនាំចេញពីប្រទេសលីទុយអានី និងផលិតផលសហភាពអឺរ៉ុបផ្សេងទៀត ដែលរួមមានទាំងទំនិញជាគ្រឿងឧបករណ៍របស់ប្រទេសលីទុយអានី បន្ទាប់ពីកោះតៃវ៉ាន់បានបើកការិយាល័យពាណិជ្ជកម្មនៅក្នុងប្រទេសស្ថិតក្នុងតំបន់បាល់ទិកមួយនេះ។ ប្រភពដែលដឹងពីបញ្ហានេះបានប្រាប់ទីភ្នាក់ងារព័ត៌មាន Bloomberg ថា ក្រុមហ៊ុនមកពីប្រទេសស៊ុយអែត និងអាល្លឺម៉ង់ក៏រងផលប៉ះពាល់ផងដែរ។

ជាលទ្ធផល ការនាំចេញរបស់ប្រទេសលីទុយអានីទៅកាន់ប្រទេសចិនបានធ្លាក់ចុះ ៨០% ចាប់ពីខែមករាដល់ខែតុលា បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ អង្គការ WTO ត្រូវបានគេរំពឹងថានឹងបង្កើតក្រុមការងារមួយដើម្បីដោះស្រាយជម្លោះនេះនៅដើមឆ្នាំ២០២៣ ហើយសាលក្រមណាមួយអាចត្រូវចំណាយពេលរហូតដល់ ១ឆ្នាំកន្លះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕