(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្ដ្រីអមនាយករដ្ឋមន្ដ្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងថា ការចូលរួមក្នុងកម្មវិធីវិក្ក័យបត្រនាំសំណាង «GDT Lucky Draw» របស់ប្រជាពលរដ្ឋ មិនត្រឹមតែទទួលបាន ការចាប់ឆ្នោតផ្សងសំណាងប៉ុណ្ណោះទេ ប៉ុន្ដែបានជួយដល់ជាតិ និងអគ្គនាយកដ្ឋានពន្ធដារ តាមរយៈការផ្ដល់ព័ត៌មាននានា បន្ទាប់ពី Upload វិក្ក័យបត្រ។

ការលើកឡើងរបស់លោក គង់ វិបុល ធ្វើឡើងក្នុងកម្មវិធីវិបស្សនាស្ដីពី វឌ្ឍនភាពនៃប្រព័ន្ធគ្រប់គ្រងទិន្នន័យ សម្រាប់ផ្ដល់សេវាតាមអនឡាញ (e-Tax Services) របស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២។

លោក គង់ វិបុល បានថ្លែងថា «ការប្រើប្រាស់វិក័្កយបត្រនាំសំណាង របស់បងប្អូនប្រជាពលរដ្ឋមិនត្រឹមតែទទួលបាន ការផ្សងសំណាងចាប់រង្វាន់ប៉ុណ្ណោះទេ តែជាផ្នែកមួយក្នុងការប្រមូលពន្ធជំនួសពន្ធដារ និងជួយដល់ជាតិថែមទៀត តាមរយៈការ Upload វិក័្កយបត្រនេះ ចូលក្នុងកម្មវិធីអេបរបស់អគ្គនាយកដ្ឋានពន្ធដារ ប្រៀបដូចជាការផ្ដល់ព័ត៌មានផ្សេងៗ ដល់អគ្គនាយកដ្ឋានពន្ធដារ»។

លោកបានបញ្ជាក់ថា ការប្រើប្រាស់វិក័្កយបត្រនាំសំណាងរបស់បងប្អូនប្រជាពលរដ្ឋ នឹងអាចមានឱកាសឈ្នះរង្វាន់ដូចជា រថយន្ដ ទូរទូស្សន៍, ម៉ូតូ និងទូរស័ព្ទដៃជាដើម ការប្រើប្រាស់របស់បងប្អូន ជាការរួមចំណែកជួយដល់ជាតិ ជួយដល់ពន្ធដារ ក្នុងការពង្រឹងអភិបាលកិច្ចល្អ ពង្រឹងតម្លាភាព តាមរយៈទទួលបានថវិកាបង់ពន្ធ ដល់ជាតិក្នុងការកសាង សាងសង អភិវឌ្ឍន៍នានា។

លោកបានបន្ថែមថា ចំពោះការចាប់ឆ្នោតផ្សងសំណាង នៃកម្មវិធីវិក័្កយបត្រនាំសំណាង នឹងគ្រោងចាប់ឆ្នោតនៅខែមករា ឆ្នាំ២០២៣ទៅ ដោយឡែកចំពោះវិក័្កយបត្រមិនថា បងប្អូនចំណាយមានតិច ឬច្រើននោះ ទិញទំនិញក្នុងហាងនានា មិនថាហាងតូច ឬធំ នៅក្នុងប្រទេសកម្ពុជា គឺមានសិទ្ធិក្នុងផ្ញើវិក្ក័យបត្រ ចូលរួមក្នុងកម្មវិធីវិក្ក័យបត្រនាំសំណាង ដើម្បីផ្សងសំណាងទាំងអស់គ្នាបាន។

ដោយឡែក សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលបានវិក្ក័យបត្រពីបណ្ដាហាងនានា មានឈ្មោះត្រឹមត្រូវ តែមិនបានចុះបញ្ជីពន្ធដារ ក៏បងប្អូនប្រជាពលរដ្ឋ នៅតែអាចផ្ញើចូលក្នុងកម្មវិធីវិក្កយបត្រនាំសំណាងរបស់ពន្ធដារ និងទទួលបានការចាប់ឆ្នោតផ្សងសំណាងបានដូចគ្នា។

សូមជម្រាបថា កម្មវិធី «វិក្កយបត្រនាំសំណាង- GDT Lucky Draw» នេះ បានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ក្នុងគោលបំណងនៃការកៀងគរព័ត៌មាន ក៏ដូចជាការពង្រឹងនូវអនុលោមភាពថែមទៀត ដែលបានចែងរួចរាល់ ក្នុងយុទ្ធសាស្រ្ដកៀងគរចំណូល។ កម្មវិធីវិក្កយបត្រនាំសំណាងនេះ នឹងរួមចំណែកជួយប្រមូលពន្ធ ឲ្យអស់ពីសក្ដានុពល។

ការចាប់ឆ្នោតយករង្វាន់មានរយៈពេល៦ខែម្ដងរង្វាន់រួមមាន៖ រថយន្ដ Mazda ២គ្រឿង, ម៉ូតូ HONDA ១០គ្រឿង, ទូរស័ព្ទដៃ iPhone ចំនួន១០រង្វាន់ និងទូរទស្សន៍ចំនួន២០រង្វាន់៕