(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្ដ្រីអមនាយករដ្ឋមន្ដ្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានអំពាវនាវដល់អ្នកជាប់ពន្ធតូចទាំងអស់ ប្រើប្រាស់កម្មវិធីរបស់ពន្ធដារ «GDT Tax Prefiling» ដោយមានភាពងាយស្រួលបំផុត សម្រាប់បង់ពន្ធ។

ការលើកឡើងរបស់លោក គង់ វិបុល ធ្វើឡើងក្នុងកម្មវិធីវិបស្សនាស្ដីពី វឌ្ឍនភាពនៃប្រព័ន្ធគ្រប់គ្រងទិន្នន័យ សម្រាប់ផ្ដល់សេវាតាមអនឡាញ (e-Tax Services) របស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២។

លោករដ្ឋមន្ត្រីបញ្ជាក់ថា សម្រាប់អ្នកជាប់ពន្ធតូច សូមប្រើប្រាស់កម្មវិធីនេះ «GDT Tax Prefiling» មានភាពងាយស្រួល ជាងការបំពេញដោយដៃ សុវត្ថិភាព ចំណេញពេលវេលា។

លោក គង់ វិបុល បានបញ្ជាក់ថា «ខ្ញុំសូមអំពាវនាវដល់បងប្អូនអ្នកជាប់ពន្ធតូច ដែលមិនមែននៅក្នុងពន្ធមធ្យម ឬក៏ពន្ធធំដែលត្រូវកាន់កាប់បញ្ជីគណនីតាមស្ដង់ដារ សូមប្រើប្រាស់កម្មវិធីរបស់ពន្ធដារ GDT Tax Prefiling ដើម្បីបង់ពន្ធតាមរយៈកម្មវិធីនេះ គឺមានភាពងាយស្រួលជាងបំពេញដោយដៃ»

សូមជម្រាបថា ចាប់ពីឆ្នាំ ២០១៤-២០២២ អគ្គនាយកដ្ឋានពន្ធដារបានបង្កើតប្រព័ន្ធ បច្ចេកវិទ្យាព័ត៌មានបានចំនួន ៥២ ប្រព័ន្ធ និង១៩ កម្មវិធី ព្រមទាំងបាន និងកំពុងធ្វើបច្ចុប្បន្នភាព លើប្រព័ន្ធនិងកម្មវិធីទាំងនោះជាបន្តបន្ទាប់។ ការអភិវឌ្ឍ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន គឺជាគោលការណ៍ស្នូលនៃកំណែទម្រង់និងទំនើបកម្មនៃអគ្គនាយកដ្ឋានពន្ធដារ ដើម្បីឈានទៅបង្កើតប្រព័ន្ធពន្ធដារដ៏រឹងមាំ និងបង្កភាពងាយស្រួល ដល់អ្នកជាប់ពន្ធក្នុងការបង់ពន្ធ ប៉ុន្តែពិបាកក្នុងការ គេចវេះពន្ធ។

យោងតាមទិន្នន័យនៃការប្រើប្រាស់ E-filing ប្រមាណ 97% នៃអ្នកជាប់ពន្ធដែលបានធ្វើការប្រកាសពន្ធតាម ប្រព័ន្ធអនឡាញ ដូច្នោះអគ្គនាយកដ្ឋានពន្ធដារនឹងបញ្ចប់ការដាក់ឯកសារលិខិតប្រកាសពន្ធតាម e-upload ចាប់ពី ខែមករា ឆ្នាំ២០២៣ នេះតទៅ។ ម៉្យាងទៀត អគ្គនាយកដ្ឋានពន្ធដារក៏បានអភិវឌ្ឍ TOI E-Filing រួចរាល់ ហើយគ្រោងនឹងដាក់ឱ្យអនុវត្តសម្រាប់ការដាក់លិខិត ប្រកាសបង់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំខាងមុខ៕