(កូឡុំបូ)៖ ធនាគារពិភពលោក (WB) បានឱ្យដឹងនៅថ្ងៃអង្គារថា ខ្លួនបានអនុម័តសំណើរបស់ប្រទេសស្រីលង្កាដែលរងគ្រោះដោយវិបត្តិដើម្បីទទួលបានហិរញ្ញប្បទានសម្បទានពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) ដើម្បីជួយរក្សាស្ថិរភាពសេដ្ឋកិច្ចរបស់ខ្លួន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ការកើនឡើងអតិផរណា ការធ្លាក់ចុះតម្លៃរូបិយប័ណ្ណ និងការថយចុះទុនម្រុងរូបិយប័ណ្ណបរទេស បានធ្វើឱ្យប្រទេសដីកោះដែលមានប្រជាជនចំនួន ២២លាននាក់មួយនេះជួបការលំបាកក្នុងការចំណាយសម្រាប់ការនាំចូលសម្ភារសំខាន់ៗដូចជា អាហារ ប្រេងឥន្ធនៈ និងថ្នាំពេទ្យ។

តាមរយៈសមាគម IDA ប្រទេសស្រីលង្កានឹងទទួលបានហិរញ្ញប្បទានសម្បទាន ជំនួយបច្ចេកទេស និងការណែនាំអំពីគោលនយោបាយពីធនាគារពិភពលោក ដើម្បីអនុវត្តកំណែទម្រង់ឆ្ពោះទៅរកការស្តារសេដ្ឋកិច្ចឡើងវិញ។

ធនាគារពិភពលោកបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការទទួលបានហិរញ្ញប្បទានសម្បទានរបស់សមាគម IDA ក៏នឹងកាត់បន្ថយសម្ពាធសេវាបំណុលផងដែរ ដោយសារវាផ្តល់លក្ខខណ្ឌអំណោយផលបន្ថែមទៀត។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕