(គូឡាឡាំពួ)៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសន្តិសុខស្បៀងម៉ាឡេស៊ីលោក Mohamad Sabu បានឱ្យដឹងនៅថ្ងៃអង្គារសប្តាហ៍នេះថា ប្រទេសម៉ាឡេស៊ីនឹងនាំចូលស៊ុតពីបរទេស ដែលជាវិធានការរយៈពេលខ្លីដើម្បីកាត់បន្ថយការខ្វះខាតការផ្គត់ផ្គង់ក្នុងស្រុក។ នេះបើយោងតាមកាសែត Channel News Asia។

កាសែត Channel News Asia បានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍មួយថា លោករដ្ឋមន្ត្រីបានឱ្យដឹងថា ក្រសួងបានដឹងពីតម្រូវការនៃការផ្គត់ផ្គង់ឱ្យមានស្ថិរភាព ព្រោះថាវាជាប្រភពប្រូតេអ៊ីនដ៏ពេញនិយមសម្រាប់ប្រជាជនម៉ាឡេស៊ី ដោយជាមធ្យមស៊ុតចំនួន ៩៦៨លានគ្រាប់ត្រូវបានទទួលទានក្នុងមួយខែ។

សេចក្តីថ្លែងការណ៍នេះបានឱ្យដឹងថា៖ «ក្នុងរយៈពេលខ្លី និងក្នុងស្ថានភាពបច្ចុប្បន្ន ក្រសួងបានកំណត់ប្រភពជាច្រើនពីខាងក្រៅ ដើម្បីធានាឱ្យមានការផ្គត់ផ្គង់ស៊ុតដែលត្រូវការនៅលើទីផ្សារ»។ ក្រសួងនឹងធានាថា ស៊ុតដែលនាំចូលមកគ្មានជំងឺ និងត្រូវតាមស្តង់ដារដែលបានកំណត់។ រាល់នីតិវិធីដែលកំណត់ដោយរដ្ឋាភិបាលត្រូវតែអនុវត្តតាមដោយគ្មានការសម្របសម្រួល»។

លោករដ្ឋមន្ត្រី Mohamad Sabu បានមានប្រសាសន៍ថា គំនិតផ្តួចផ្តើមនាំចូលពងមាន់នេះ មិនមែនដើម្បីដាក់សម្ពាធលើអ្នកនៅក្នុងឧស្សាហកម្មក្នុងស្រុកទេ ប៉ុន្តែដើម្បីធានាថា ការផ្គត់ផ្គង់ស៊ុតនៅក្នុងប្រទេសមិនមានការរំខាន ហើយសុខុមាលភាពរបស់ប្រជាពលរដ្ឋត្រូវបានយកចិត្តទុកដាក់។

លោកមានប្រសាសន៍ថា៖ «តម្រូវការនាំចូលពងមាន់ពីខាងក្រៅនឹងត្រូវពិនិត្យឡើងវិញនៅពេលដែលការផ្គត់ផ្គង់ពងមាន់មានស្ថិរភាព»