(ហ្សាការតា)៖ ប្រទេសឥណ្ឌូនេស៊ីកំពុងរៀបចំដាក់បង្ហាញព័ត៌មានលម្អិតបន្ថែមទៀតអំពីគម្រោងទិដ្ឋាការស្នាក់នៅរយៈពេលវែងរបស់ខ្លួន ដើម្បីទាក់ទាញមូលធនបរទេស និងវិនិយោគិនអចលនទ្រព្យ រួមទាំងអ្នកមកពីប្រទេសចិនដីគោក និងទីក្រុងហុងកុង ខណៈដែលសេដ្ឋកិច្ចដ៏ធំបំផុតរបស់អាស៊ីអាគ្នេយ៍នេះបានងើបឡើងវិញពីការធ្លាក់ចុះដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ។

កាសែត South China Morning Post បានរាយការណ៍ថា រហូតមកដល់ពេលនេះ ក្រុមមន្ត្រីនៅទីក្រុងហ្សាការតាបានបង្ហាញលក្ខខណ្ឌតម្រូវអប្បបរមាក្នុងការដាក់ប្រាក់តម្កល់នៅក្នុងធនាគារចំនួន ១៣០ ០០០ដុល្លារ និងលើកលែងពន្ធលើប្រាក់ចំណូលពីបរទេស ដើម្បីប្រកួតប្រជែងនឹងវិធានការលើកទឹកចិត្តផ្សេងៗនៅក្នុងគម្រោងស្រដៀងគ្នានេះដែរដែលផ្តល់ដោយប្រទេសជិតខាងក្នុងតំបន់ដូចជាម៉ាឡេស៊ី និងថៃ។

គ្រោងការណ៍នេះអាចជំរុញតម្លៃអចលនទ្រព្យក្នុងស្រុក ក៏ដូចជាធ្វើឱ្យទេសចរណ៍រស់ឡើងវិញនៅក្នុងកោះដ៏ពេញនិយមរបស់ខ្លួននានាដូចជាកោះបាលីជាដើម។ ការស្ទង់មតិរបស់ធនាគារកណ្តាលឥណ្ឌូនេស៊ីក្នុងខែសីហាបានបង្ហាញថា ការស្ទុះងើបឡើងវិញនៅពាក់កណ្តាលឆ្នាំក្នុងទីផ្សារលំនៅដ្ឋានបឋមបានបាត់បង់សន្ទុះ ខណៈដែលសេដ្ឋកិច្ចទំហំ ១,២ពាន់ពាន់លានដុល្លាររបស់ប្រទេសនេះបានកើនឡើងក្នុងអត្រាប្រចាំឆ្នាំ ៥,៧% កាលពីត្រីមាសមុន។

លោក Kashif Ansari សហស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Juwai IQI ដែលជាវេបផតថលអចលនទ្រព្យបានប្រាប់កាសែត South China Morning Post ថា៖ «គម្រោងទិដ្ឋាការនេះអាចទទួលបានជោគជ័យយ៉ាងខ្លាំងជាមួយអ្នកមកពីប្រទេសចិនដីគោក និងទីក្រុងហុងកុង ដែលប្រាថ្នាចង់បានរបៀបរស់នៅដ៏គួរឱ្យទាក់ទាញ និងការចំណាយលើការរស់នៅទាប»។ លោកបានបន្ថែមថា វាអាចជោគជ័យខ្លាំងជាងកម្មវិធីក្នុងប្រទេសម៉ាឡេស៊ី។

កាសែត South China Morning Post បានរាយការណ៍ដោយដកស្រង់ទិន្នន័យពីក្រុមហ៊ុន Juwai IQI ថា កម្មវិធី “ផ្ទះទីពីរ” របស់ប្រទេសម៉ាឡេស៊ី ទាមទារឱ្យមានទ្រព្យសម្បត្តិដាក់ក្នុងធនាគារអប្បបរមាចំនួន ១,៥លានរីងហ្គីត (៣៣៤ ០០០ដុល្លារ) និងយ៉ាងហោចណាស់ត្រូវមានប្រាក់ចំណូលក្រៅប្រទេសប្រចាំខែ ៤០ ០០០រីងហ្គីត។ កម្មវិធីនេះបានទាក់ទាញជនបរទេសជាង ៤២ ០០០នាក់ ដែលមួយភាគបីនៃអ្នកទាំងនោះមកពីប្រទេសចិនដីគោក និងទៅក្រុងហុងកុង។

ប្រទេសថៃបានចាប់ផ្តើមទទួលយកពាក្យសុំនៅក្នុងខែកញ្ញាសម្រាប់គម្រោងការស្នាក់នៅរយៈពេលវែងរបស់ខ្លួន ដែលផ្តល់ជូនការស្នាក់នៅក្នុងស្រុករយៈពេល ១០ឆ្នាំ។ ប្រទេសនេះព្យាយាមស្វែងរកការបញ្ចូលដើមទុនចំនួន ២៧ពាន់លានដុល្លារតាមរយៈការចែចូវជនបរទេសដែលមានទ្រព្យសម្បត្តិ ឬមានទេពកោសល្យក្នុងរយៈពេល ៥ឆ្នាំខាងមុខ៕