(ប៉ារីស)៖ ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានឱ្យដឹងកាលពីថ្ងៃអង្គារថា វិបត្តិថាមពលកំពុងជំរុញឱ្យមានការពន្លឿនការដាក់ដំណើរការថាមពលកកើតឡើងវិញ ដោយបង្កើនក្តីសង្ឃឹមសម្រាប់កិច្ចប្រឹងប្រែងដើម្បីសម្រេចឱ្យបានគោលដៅប្រកបដោយមហិច្ឆតាប្រឆាំងនឹងការឡើងកម្ដៅផែនដី។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ដោយដកស្រង់របាយការណ៍ដែលចេញផ្សាយដោយទីភ្នាក់ងារ IEA ថា កំណើនសមត្ថភាពថាមពលកកើតឡើងវិញសរុបនៅទូទាំងពិភពលោកអាចកើនឡើងជិតទ្វេដងក្នុងរយៈពេល ៥ឆ្នាំខាងមុខ ហើយយកឈ្នះថាមពលធ្យូងថ្មក្លាយជាប្រភពថាមពលអគ្គិសនីធំបំផុតនៅឆ្នាំ២០២៥។

កំណើនថាមពល ២ ៤០០ជីហ្គាវ៉ាត់នៅចន្លោះឆ្នាំ២០២២ ដល់ឆ្នាំ២០២៧ គឺស្ទើរតែខ្ពស់ជាងការព្យាកររបស់ IEA កាលពីឆ្នាំមុនចំនួន

មួយភាគបី នេះបើយោងតាមទីភ្នាក់ងារដែលមានមូលដ្ឋាននៅទីក្រុងប៉ារីសដែលផ្តល់ដំបូន្មានដល់ប្រទេសអភិវឌ្ឍន៍នានា។

ដោយសំដៅដល់គោលដៅដែលត្រូវបានកំណត់ក្នុងកិច្ចព្រមព្រៀងស្តីពីការប្រែប្រួលអាកាសធាតុទីក្រុងប៉ារីសឆ្នាំ២០១៥ ដើម្បីទប់ស្កាត់គ្រោះមហន្តរាយអាកាសធាតុ ទីភ្នាក់ងារ IEA បានឱ្យដឹងទៀតថា កំណើននេះនឹងជួយ «រក្សាលទ្ធភាពនៃការកំណត់ការឡើងកម្ដៅភពផែនដីឱ្យនៅត្រឹម ១,៥ (អង្សាសេ)»

ការលុកលុយរបស់អ៊ុយក្រែនដោយប្រទេសរុស្ស៊ីដែលជាប្រទេសនាំចេញប្រេង និងឧស្ម័នដ៏ធំមួយក្នុងពិភពឡោក បានបង្កឱ្យមានវិបត្តិថាមពល និងជំរុញឱ្យបណ្តាប្រទេសនៅអឺរ៉ុប ដែលពឹងផ្អែកខ្លាំងលើការនាំចូលថាមពលរបស់រុស្ស៊ីធ្វើពិពិធកម្មការផ្គត់ផ្គង់របស់ពួកគេ។

លោក Fatih Birol នាយកប្រតិបត្តិទីភ្នាក់ងារ IEA បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា៖ «ថាមពលកកើតឡើងវិញបានកំពុងកើនឡើងយ៉ាងឆាប់រហ័ស ប៉ុន្តែវិបត្តិថាមពលពិភពលោកបានជំរុញឱ្យពួកគេដើរចូលទៅក្នុងដំណាក់កាលថ្មីមិនធម្មតាមួយ ដែលជំរុញឱ្យមានកំណើនកាន់តែលឿន ខណៈដែលប្រទេសនានាស្វែងរកផលប្រយោជន៍ពីសន្តិសុខថាមពលរបស់ពួកគេ»

ទីភ្នាក់ងារ IEA បានឱ្យដឹងទៀតថា បរិមាណសមត្ថភាពថាមពលកកើតឡើងវិញដែលបានបន្ថែមនៅក្នុងទ្វីបអឺរ៉ុបចន្លោះពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៧ ត្រូវបានព្យាករថានឹងកើនឡើងទ្វេដងបើធៀបនឹងរយៈពេលប្រាំឆ្នាំមុន។

របាយការណ៍ដដែលនេះបានបន្តថា ប្រទេសចិនត្រូវបានរំពឹងថានឹងមានចំណែកស្ទើរតែពាក់កណ្តាលនៃការបន្ថែមសមត្ថភាពថាមពលកកើតឡើងវិញថ្មីនៅក្នុងពិភពលោកក្នុងរយៈពេល ៥ ឆ្នាំខាងមុខនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP៕