(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារកម្ពុជា ដឹកនាំដោយលោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២នេះ បានបន្តចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយរដ្ឋបាលសារពើពន្ធនៃសាធារណរដ្ឋកូរ៉េខាងត្បូង ដែលដឹកនាំដោយលោក KIM CHANGKI អគ្គនាយក នៃរដ្ឋបាលសារពើពន្ធនៃសាធារណរដ្ឋកូរ៉េ ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត។

អនុស្សរណៈនៃការយោគយល់គ្នា (MOU) បានធ្វើឡើងនៅអគ្គនាយកដ្ឋានពន្ធដារ ដោយផ្តោតលើ៖ (១). កិច្ចសហប្រតិបត្តិការបន្ថែមលើការអនុវត្តកិច្ចព្រមព្រៀង (DTA), (២). ពង្រឹងការផ្លាស់ប្តូរព័ត៌មាន (EoI), (៣). ការផ្តល់វគ្គបណ្តុះបណ្តាលសម្រាប់មន្ត្រីពន្ធដារ GDT ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើង នូវការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងសមត្ថភាពនៃការគ្រប់គ្រងពន្ធដារ, (៤). ការរៀបចំសិក្ខាសាលាជាប្រចាំ ដោយអគ្គនាយកដ្ឋានពន្ធដារ ដើម្បីជួយឱ្យធុរជនកូរ៉េ ដែលប្រកបធុរកិច្ចនៅកម្ពុជា បង្កើនការយល់ដឹងអំពីកាតព្វកិច្ច និងអនុលោមភាពពន្ធ។

លោក គង់ វិបុល បានឱ្យដឹងថា អគ្គនាយកដ្ឋានពន្ធដារតែងតែផ្តល់កិច្ចសហការល្អជាមួយ សភាពាណិជ្ជកម្មកូរ៉េប្រចាំកម្ពុជា (KOTRA) តាមរយៈក្រុមការងារអគ្គនាយកដ្ឋានពន្ធដារ និងវិស័យឯកជន ដើម្បីពិភាក្សា និងដោះស្រាយនូវបញ្ហាប្រឈមនានា ដែលវិនិយោគិនកូរ៉េបាននិងកំពុងជួបប្រទះ។

លោក គង់ វិបុល បានបញ្ជាក់ទៀតថា ជោគជ័យនៃការប្រមូលចំណូលពន្ធជាបន្តបន្ទាប់ គឺបណ្តាលមកពីការខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ច ប្រកបដោយឆន្ទៈមោះមុត ភាពជឿជាក់ ស្មោះត្រង់ ក្លាហាន និងហ្មត់ចត់ ជាពិសេសក្រោមការដឹកនាំយ៉ាងម៉ឺងម៉ាត់ របស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានគ្រប់គ្រងស្ថានភាពកូវីដ-១៩ បានជោគជ័យ និងអនុវត្តនូវយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេស ហើយបានសង្គ្រោះប្រជាជនកម្ពុជា និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ បានទាន់ពេលវេលា ដែលជំរុញឱ្យប្រទេសកម្ពុជា អាចបើកដំណើរការប្រទេសឡើងវិញកាលពីខែវិច្ឆិកា ឆ្នាំ២០២១មុនគេ។

លោកបានបន្ថែមទៀតថា ​សមិទ្ធផលនៃការកែទម្រង់កើតចេញពីការខិតខំប្រឹងប្រែង ក្នុងការរៀនសូត្រជាបន្តបន្ទាប់ ជាពិសេសការសិក្សាឈ្វេងយល់ពីបទពិសោធន៍ របស់រដ្ឋបាលពន្ធដារ នៅតាមបណ្តាប្រទេសអភិវឌ្ឍន៍។ ជាក់ស្តែងតាមរយៈដំណើរទស្សនកិច្ចលើកទី១ ឆ្នាំ២០១៨ របស់អគ្គនាយកដ្ឋានពន្ធដារ រដ្ឋបាលសារពើពន្ធនៃសាធារណរដ្ឋកូរ៉េ បានចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ល្អៗជុំវិញការគ្រប់គ្រងការប្រមូលចំណូល ជំរុញឱ្យអគ្គនាយកដ្ឋានពន្ធដារ អាចយកបទពិសោធន៍ទាំងអស់នោះ មករៀបចំកែទម្រង់រដ្ឋបាលសារពើពន្ធ ជាពិសេសអភិវឌ្ឍផ្នែកប្រព័ន្ធ បច្ចេកវិទ្យាព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារដូចជាប្រព័ន្ធ E-VAT System, Reform on Tax Invoice (Invoice Rules), E-Commerce, GDT e-Tax Service System, និង Cash Receipt System។

លោក គង់ វិបុល បានបន្ថែមទៀតថា ការអភិវឌ្ឍ ប្រព័ន្ធបច្ចេកវិទ្យា​ព័ត៌មាន គឺជាគោលការណ៍ស្នូលនៃកំណែទម្រង់ និងទំនើបកម្មនៃអគ្គនាយកដ្ឋានពន្ធដារ ដើម្បីឈានទៅបង្កើតប្រព័ន្ធពន្ធដារដ៏រឹងមាំ និងបង្កភាពងាយស្រួលដល់អ្នកជាប់ពន្ធក្នុងការបង់ពន្ធ ប៉ុន្តែពិបាកក្នុងការគេចវេះពន្ធ។ ជាក់ស្តែងចាប់ពីឆ្នាំ២០១៤-២០២២ អគ្គនាយកដ្ឋានពន្ធដារ បានបង្កើតប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានបាន ៥២ប្រព័ន្ធ និង ១៩កម្មវិធី ព្រមទាំងបាននិងកំពុងធ្វើបច្ចុប្បន្នភាពលើប្រព័ន្ធ និងកម្មវិធីទាំងនោះជាបន្តបន្ទាប់។

ជាមួយគ្នានោះដែរ លោកអគ្គនាយកដ្ឋានពន្ធដារ ​បានបញ្ជាក់ឱ្យដឹងដែរថា កម្ពុជានិងសាធារណរដ្ឋកូរ៉េ ធ្លាប់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង DTA ដោយជោគជ័យនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ និងមានប្រសិទ្ធភាពចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២។ កិច្ចព្រមព្រៀងទ្វេភាគីនេះ បាននាំមកនូវផលប្រយោជន៍យ៉ាងច្រើនដល់អ្នកជាប់ពន្ធ និងអ្នកវិនិយោគនៃប្រទេសទាំងពីរ។ បច្ចុប្បន្នក្រុមហ៊ុនកូរ៉េចំនួន ១៩ នៅកម្ពុជា បាននិងកំពុងទទួលបានអត្ថប្រយោជន៍ពី DTA។ លើសពីនេះទៀតមានក្រុមហ៊ុនកូរ៉េជាច្រើនទៀត បន្តស្នើសុំអត្ថប្រយោជន៍ពី DTA សរុបមានចំនួន ៣៦សំណើ (គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២២)ផងដែរ។

នាឱកាសនោះដែរលោក KIM CHANGKI ក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផល ដែលអគ្គនាយកដ្ឋានពន្ធដារសម្រេចបាន ក្រោមការដឹកនាំរបស់លោក គង់ វិបុល តាមរយៈការអនុវត្តនូវកំណែទម្រង់ដ៏មុតស្រួច និងស៊ីជម្រៅ ដែលលទ្ធផលនៃបេសកកម្ម ក្នុងការគ្រប់គ្រងប្រមូលចំណូលពន្ធក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ តែងតែសម្រេចបានលើសផែនការច្បាប់ បានកំណត់ផងដែរ។ ជាមួយគ្នានោះដែររដ្ឋបាលសារពើពន្ធ នៃសាធារណរដ្ឋកូរ៉េ ក៏បានចែករំលែកនូវបទពិសោធន៍ ក្នុងនោះមានការធ្វើទំនើបកម្មពន្ធដារជាប្រចាំ ដែលពន្ធដារកូរ៉េបាន និងកំពុងអនុវត្តដោយជោគជ័យផងដែរ។

សូមបញ្ជាក់ដែរថា នាឱកាសនោះដែរ ភាគីទាំងពីរបានឯកភាពគ្នា ក្នុងការបំពេញដំណើរទស្សនកិច្ចសិក្សាជាផ្លូវការ របស់អគ្គនាយកដ្ឋានពន្ធដារ ទៅកាន់រដ្ឋបាលសារពើពន្ធនៃសាធារណរដ្ឋកូរ៉េ ក្នុងពេលអនាគតដ៏ខ្លី ដើម្បីសិក្សាដកស្រង់បទពិសោធន៍ និងរៀនសូត្របន្ថែមទៀតលើ (១). ពន្ធលើល្បែង Taxation of Gambling, (២). បច្ចេកវិទ្យា Blockchain, និង (៣). ពន្ធលើបរធនបាលកិច្ច Taxation on Trust ផងដែរ៕