(សេអ៊ូល)៖ សមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ (KITA) បានឱ្យដឹងកាលពីថ្ងៃចន្ទថា ការនាំចេញរបស់កូរ៉េខាងត្បូងនៅឆ្នាំ២០២៣ ត្រូវបានរំពឹងថានឹងធ្លាក់ចុះជាលើកដំបូងចាប់តាំងពីឆ្នាំ២០២០មក ដោយសារការថយចុះតម្រូវការឧបករណ៍បច្ចេកវិទ្យាព័ត៌មានវិទ្យា (IT) ការធ្លាក់ចុះតម្លៃប្រេង និងការពន្យារពេលក្នុងការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់របាយការណ៍ស្តីពីចក្ខុវិស័យពាណិជ្ជកម្មដែលចេញផ្សាយដោយសមាគម KITA ថា ការនាំចេញរបស់កូរ៉េខាងត្បូងត្រូវបានរំពឹងថានឹងធ្លាក់ចុះ ៤ភាគរយនៅឆ្នាំ២០២៣ បន្ទាប់ពីកើនឡើង ៧,១ភាគរយក្នុងឆ្នាំ២០២២ ដល់ចំនួនខ្ពស់បំផុត ៦៩០ពាន់លានដុល្លារ ឬទំនងជាមានទំហំធំជាងគេទី៦ ក្នុងពិភពលោក។

ការធ្លាក់ចុះនេះនឹងក្លាយជាការធ្លាក់ចុះប្រចាំឆ្នាំលើកដំបូងចាប់តាំងពីឆ្នាំ២០២០ នៅពេលដែលការនាំចេញពីប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីបួនរបស់អាស៊ីមួយនេះបានធ្លាក់ចុះ ៥,៥ ភាគរយ ដោយសារជំងឺរាតត្បាតកូវីដ-១៩ បានរំខានដល់ខ្សែចង្វាក់ផ្គត់ផ្គង់ពិភពលោក។

សមាគម KITA បានឱ្យដឹងថា៖ «ជំងឺកូវីដ-១៩ ដែលកើតមានដោយមិនរំពឹងទុកចំពោះសេដ្ឋកិច្ចពិភពលោក និងវិបត្តិអ៊ុយក្រែនត្រូវបានរំពឹងថានឹងមានភាពធូរស្រាលនៅឆ្នាំក្រោយ យ៉ាងហោចណាស់ក៏ធូរស្រាលបន្តិចម្តងៗដែរ»

សមាគមនេះបានបន្ថែមថា៖ «ទោះជាយ៉ាងណាក៏ដោយ ទាំងការនាំចេញ និងការនាំចូលនឹងធ្លាក់ចុះដោយសារជម្លោះជាបន្តរវាងសហរដ្ឋអាមេរិក និងចិន និងឥទ្ធិពលពីលក្ខខណ្ឌខាងក្រៅដែលកើតមានកាន់តែអាក្រក់ឡើងក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ»

ទន្ទឹមនឹងនេះ សមគម KITA រំពឹងថា ការនាំចូលនឹងធ្លាក់ចុះក្នុងល្បឿនលឿនជាងមុន ៨ភាគរយនៅឆ្នាំ២០២៣ បន្ទាប់ពីទំនងជាកើនឡើង ១៩,៥ភាគរយនៅឆ្នាំ២០២២ ដែលរងផលប៉ះពាល់ដោយការធ្លាក់ចុះតម្លៃប្រេងបន្តិចម្តងៗ។

ជាលទ្ធផល ឱនភាពពាណិជ្ជកម្មប្រចាំឆ្នាំរបស់កូរ៉េខាងត្បូងនឹងរួមតូចមកនៅត្រឹម ១៣,៨ពាន់លានដុល្លារនៅឆ្នាំក្រោយ ពីឱនភាពចំនួន ៤៥ពាន់លានដុល្លារសម្រាប់រយៈពេលពេញមួយឆ្នាំ២០២២។ នេះបើយោងតាមសេចក្តីរាយការណ៍របស់រ៉យទ័រ៕