(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា បើទោះបីជាអត្រាការប្រាក់នៅលើផ្សារកើនឡើងក្តី ធនាគារសហគ្រាសធុនតូច និងមធ្យម (SME Bank) ដែលជាធនាគាររបស់រដ្ឋ នឹងនៅតែបន្តរក្សាអត្រាការប្រាក់សមរម្យដដែល ដើម្បីជួយដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពី«ផ្សព្វផ្សាយ ជាសាធារណៈអំពីសមិទ្ធផល នៃការអនុវត្តគម្រោងសហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម និងពិធីប្រគល់លិខិតថ្លែងអំណរគុណ ជូនគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម លោកបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលធនាគារ SME មានប្រសាសន៍ថា បើទោះបីជាការអនុវត្តគោលនយោបាយ រឹតបន្តឹងរូបិយវត្ថុរបស់សហរដ្ឋអាមេរិក ដែលនឹងធ្វើឱ្យថ្លៃដើមនៃកម្ចី នៅលើទីផ្សារខ្ពស់ជាងមុនក្តី ក្នុងរយៈពេលខាងមុខ SME Bank នៅតែបន្តទិសដៅគោលនយោបាយរបស់ខ្លួន ក្នុងការផ្តល់ហិរញ្ញប្បទាន ជាមួយនឹងអត្រាការប្រាក់សមរម្យ ទៅសហគ្រាសធុនតូច និងមធ្យម ដើម្បីបន្ធូរបន្ថយផល ប៉ះពាល់អវិជ្ជមាន រយៈពេលវែងនៃវិបត្តិជំងឺកូវីដ-១៩ និងគាំទ្រដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន។

លោកបានគូសបញ្ជាក់យ៉ាងដូច្នេះថា «ធនាគារសហគ្រាសធុនតូច និងមធ្យម និងរក្សានូវការផ្ដល់កម្ចីក្នុងអត្រាការប្រាក់សមរម្យ ដូចដែលមានចែងក្នុង យុទ្ធសាស្ត្រធុរកិច្ច របស់ធនាគារសហគ្រាសធុនតូច និងមធ្យម គឺ ផ្ដល់កម្ចីជាមួយនឹងអត្រាការប្រាក់ចន្លោះពី ៥.៨៨% និង ៦.៨៨% ក្នុងមួយឆ្នាំសម្រាប់វិស័យអាទិភាព និងផ្ដល់កម្ចីជាមួយនឹងអត្រាការប្រាក់ថេរត្រឹម ៧.៥% សម្រាប់វិស័យធម្មតា។ ផ្ដល់កម្ចីជាមួយអត្រាការប្រាក់សម្បទានបំផុត ពោលត្រឹម ៥.៥% សម្រាប់សហគ្រាសធុនតូច និងមធ្យមដែលមានម្ចាស់ជាស្ត្រី ប្រសិនបើសហគ្រាសទាំងនោះចុះបញ្ជីត្រឹមត្រូវ និងស្ថិតក្នុងវិស័យអាទិភាព»

ទន្ទឹមគ្នានេះ លោកបានឱ្យដឹងទៀតថា ធនាគារសហគ្រាសធុនតូច និងមធ្យម មានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការជំរុញការផ្តល់កម្ចីជាប្រាក់រៀល ដើម្បីលើកកម្ពស់រូបិយបណ្ណក្នុងស្រុក។ ក្នុងន័យនេះ ធនាគារនឹងផ្តល់កម្ចីជាប្រាក់រៀលក្នុង អត្រាការប្រាក់ទាបជាងកម្ចី ជាប្រាក់ដុល្លារអាមេរិក ០.២៥% សម្រាប់វិស័យធម្មតា និង រហូតដល់ ០.៥% សម្រាប់វិស័យអាទិភាព។

លោកបន្ថែមថា «ខ្ញុំសូមជម្រាបជូនថា ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា កំពុងស្ថិតក្នុងដំណើរការនៃការបង្កើតផលិតផលកម្ចីថ្មីៗ ដែលមិនសូវពឹងផ្អែកខ្លាំងលើទ្រព្យបញ្ចាំ»

លោក សុខ វឿន ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងថា បច្ចុប្បន្ននេះ អត្រាការប្រាក់នៅលើទីផ្សារអន្តរជាតិ បានកើនខ្ពស់គួរឱ្យកត់សម្គាល់ ក៏ប៉ុន្តែសម្រាប់កម្ចីដែលផ្តល់ឱ្យតាមរយៈគម្រោងធនាគារ SME គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលជាដៃរបស់ធនាគារ SME នៅតែផ្តល់កម្ចីក្នុងអត្រាប្រាក់ ដែលបានកំណត់ ក្នុងកម្រិត៦%ឬ៦.៥% បើទោះបីមិនទទួលបានផលចំណេញក៏ដោយ ក៏សមាជិកទាំងអស់នៅតែបន្តគាំទ្រផងដែរ។

លោកលើកឡើងទៀតថា «សួរថាហេតុអ្វី បានជាមិនចំណេញហើយយើងនៅបន្តគាំទ្រ គឺយើងចង់ឱ្យ SME យើងដើរទៅមុខ ខណៈ SME យើងដើរទៅមុខវាផ្នែកមួយនៃសេដ្ឋកិច្ចក្នុងតំបន់ ដើម្បីជួយឱ្យសេដ្ឋកិច្ចយើងដើរ។ បើនិយាយពីដៃគូ យើងអត់ចំណេញទេ តែបើនិយាយពីសេដ្ឋកិច្ច យើងចំណេញច្រើន។ ជារួមទោះបីថា ក្នុងបរិបទនេះ ទោះការប្រាក់ឡើងខ្ពស់ក៏ដោយ យើងធ្វើទៅដោយរួចខ្លួនក៏ដោយ ក៏យើងនៅតែបន្តគាំទ្រ និងកៀកស្មារជាមួយកម្មវិធីនេះ»

តែយ៉ាងណា កន្លងមកមានការលើកឡើងថា ការដាក់ពាក្យកម្ចីស្នើសុំឥណទាន ពីគម្រោងហិរញ្ញប្បទាន ជួយដល់ SME នេះ គឺមានការលំបាក ដោយសារតែមានការទាមទារ ឯកសារស្មុគ្រស្មាញ ដាក់លក្ខខណ្ខច្រើន ឬទាមទារព្រទ្យបញ្ចាំជាដើម។

លោកបណ្ឌិត ផាន់ ផល្លា ទទួលស្គាល់ថា សហគ្រាសមួយចំនួនអាចនឹងពិបាក ក្នុងការទទួលបានឥណទាន ដោយសារតែលក្ខខណ្ឌតម្រូវផ្សេងៗ តែយ៉ាងនេះក្តីក្រសួងនឹងខិតខំសម្រួល តាមតែអាចធ្វើទៅបាន។

ជាមួយគ្នានេះ ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោក សុខ វឿន មានប្រសាសន៍ថា ជាទូទៅក្នុងការផ្តល់កម្ចី គ្រឹះស្ថានហិរញ្ញវត្ថុតែងតែ ពិនិត្យមើលលទ្ធភាពនៃការសងត្រឡប់របស់សហគ្រាស លំហូរហិរញ្ញវត្ថុ និងផែនការនៃការធ្វើអាជីវកម្មរបស់ពួកគេ ព្រោះគ្រឹះស្ថានហិរញ្ញវត្ថុ មិនអាចផ្តល់កម្ចីដល់សហគ្រាសណា ដែលមានផែនការអាជីវកម្មមិនច្បាស់លាស់ ឬមានភាពខ្សោយនោះទេ។ ប្រសិនបើអាជីកម្មណាមានលទ្ធភាព និងផែនការអាជីវកម្មល្អ គ្រឹះស្ថានហិរញ្ញវត្ថុ អាចនឹងមិនទាមទារទ្រព្យបញ្ចាំ ដោយគ្រាន់តែឱ្យសាជីវកម្មធានាឥណទានកម្ពុជាធ្វើការធានាប៉ុណ្ណោះ៕