(ឡុងដ៍)៖ ធនាគារ HSBC កំពុងកាត់បន្ថយ ១៥ភាគរយនៃអ្នកគ្រប់គ្រងប្រតិបត្តិការជាន់ខ្ពស់ចំនួន ២ ០០០នាក់របស់ខ្លួននៅទូទាំងពិភពលោក ខណៈពេលដែលធនាគារមួយនេះព្យាយាមធ្វើឱ្យការគ្រប់គ្រងរបស់ខ្លួនកាន់តែមានប្រសិទ្ធភាព និងកាត់បន្ថយការចំណាយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់ប្រភពចំនួបពីរដែលបានដឹងឮបញ្ហានេះថា ការកាត់បន្ថយការងារជាសាកលនៅធនាគារដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងឡុងដ៍នេះ នឹងកើតមាននៅទូទាំងអង្គភាពអាជីវកម្ម និងទីតាំងភូមិសាស្រ្តជាច្រើន ហើយបណ្តាលឱ្យបាត់បង់មុខតំណែងយ៉ាងហោចណាស់ ២០០កន្លែង ដែលភាគច្រើនជាតំណែងប្រធានផ្នែកប្រតិបត្តិការ (COO) ។

ប្រភពដដែលបានឱ្យដឹងថា ធនាគារ HSBC ដែលធ្លាប់ហៅខ្លួនឯងថាជាធនាគារក្នុងស្រុកលំដាប់ពិភពលោកនោះ មានប្រធានផ្នែកប្រតិបត្តិការជាច្រើន ដោយសារចង្វាក់ប្រតិបត្តិការអាជីវកម្ម និងប្រទេសនីមួយៗមាន COO ដាច់ដោយឡែកពីគ្នា។

ស្ថាប័នផ្តល់ប្រាក់កម្ចីមួយនេះបាននិងកំពុងកាត់បន្ថយអាជីវកម្មរបស់ខ្លួននៅទូទាំងពិភពលោកក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ដោយបានកាត់បន្ថយអាជីវកម្មនៅក្នុងតំបន់ជាច្រើន និងចាកចេញពីប្រទេសមួយចំនួនទាំងស្រុង នៅពេលដែលធនាគារនេះព្យាយាមបង្កើនប្រាក់ចំណូលសម្រាប់ម្ចាស់ភាគហ៊ុន។

ប្រភពមួយបានឱ្យដឹងថា ការកាត់បន្ថយចុងក្រោយបំផុតកំពុងដំណើរការរួចហើយ។

នាយកប្រតិបត្តិលោក Noel Quinn បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ធនាគារ HSBC បានកំណត់ផែនការកាត់បន្ថយការចំណាយបន្ថែមចំនួន ១,៧ពាន់លានដុល្លារដែលខ្លួននឹងធ្វើនៅឆ្នាំក្រោយ ខណៈដែលធនាគារនេះព្យាយាមសម្រេចបានគោលដៅរួមនៃការចំណាយដោយមិនឱ្យកើនឡើងលើសពី ២ភាគរយ ទោះបីជាមានសម្ពាធអតិផរណាក៏ដោយ។

ប្រភពដដែលបានបន្តថា មន្ត្រីហិរញ្ញវត្ថុដែលនឹងចូលមកកាន់តំណែងក្នុងពេលឆាប់ៗនេះគឺលោក Georges Elhedery បានចូលរួមក្នុងគម្រោងកាត់បន្ថយថ្នាក់គ្រប់គ្រងនេះ។

គំនិតផ្តួចផ្តើមកាត់បន្ថយបុគ្គលិកដែលមានឈ្មោះ Project Banyan នេះធ្វើឡើងតាមផែនការកាត់បន្ថយបុគ្គលិកដ៏ធំចុងក្រោយរបស់ធនាគារ HSBC ក្នុងឆ្នាំ២០២០ ដែលកំណត់គោលដៅកាត់បន្ថយការងាររហូតដល់ ៣៥ ០០០នាក់នៅទូទាំងពិភពលោកនៅគ្រប់កម្រិតបុគ្គលិកទាំងអស់។
ទីភ្នាក់ងារព័ត៌មានបានរាយការណ៍នាពេលថ្មីៗនេះថា ធនាគារ HSBC នឹងបិទសាខាចំនួន១១៤នៅក្នុងប្រទេសអង់គ្លេសចាប់ពីខែមេសា ឆ្នាំ២០២៣ទៅ ខណៈដែលធនាគារនេះកាត់បន្ថយបណ្តាញរបស់ខ្លួនដើម្បីព្យាយាមកាត់បន្ថយការចំណាយ៕