(ព្រុចសែល)៖ សហភាពអឺរ៉ុបកាលពីថ្ងៃសុក្របានយល់ព្រមកំណត់តម្លៃប្រេងឆៅរបស់រុស្ស៊ីនៅត្រឹម ៦០ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីមានការចរចារដ៏តានតឹងជាច្រើនថ្ងៃដើម្បីស្វែងរកកម្រិតសមស្របណាមួយ។ នេះបើយោងតាមសារព័ត៌មាន CNBC។

ការប្រកាសនេះធ្វើឡើងបន្ទាប់ពីក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G-7 បានព្រមព្រៀងគ្នាក្នុងខែកញ្ញា ដើម្បីដាក់កម្រិតលើប្រេងឆៅរបស់រុស្ស៊ី ដើម្បីទប់ស្កាត់ប្រាក់ចំណូលរបស់វិមានក្រឹមឡាំងពីការលក់ប្រេងនេះ។

ក្នុងគ្រាដែលពេលមានការវាយលុកក្នុងប្រទេសអ៊ុយក្រែន រុស្ស៊ីបានព្រមានថា ការកំណត់តម្លៃប្រេងអាចបង្កការបំផ្លិចបំផ្លាញដល់ទីផ្សារថាមពល និងជំរុញឱ្យតម្លៃទំនិញឡើងថ្លៃ។

សារព័ត៌មាន CNBC បានរាយការណ៍ដោយស្រង់ឯកសាររបស់សហភាពអឺរ៉ុបថា ការកំណត់តម្លៃនឹងត្រូវបានពិនិត្យជាទៀងទាត់ ដើម្បីតាមដានផលប៉ះពាល់ទីផ្សារដោយសារការកំណត់ថ្លៃនេះ ប៉ុន្តែវាគួរតែ «យ៉ាងហោចណាស់ ៥% ក្រោមតម្លៃទីផ្សារមធ្យម»។

ការចរចានេះទទួលបានការគាំទ្រពីប្រទេសប៉ូឡូញ ដោយមានរដ្ឋមន្ត្រីនានានៅទីក្រុងវ៉ាសូវីបានពិនិត្យពិច័យ ប៉ុន្តែបន្ទាប់មកបានយល់ព្រមចំពោះយន្តការកែតម្រូវ ៥% នេះ។ ការប្រកាសជាផ្លូវការត្រូវបានរំពឹងថានឹងធ្វើឡើងនៅថ្ងៃអាទិត្យ៕