(ភ្នំពេញ)៖ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) និងសមាគមពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ជប៉ុន (CJBI) បាន​ចុះអនុស្សរណៈយោគយល់ជាមួយ Yokohama Management school based on philosophy ​​ដើ​ម្បីរួមគ្នារវាងភាគីជប៉ុន និងកម្ពុជា ជំរុញការធ្វើធុរកិច្ចនៅកម្ពុជា ប្រកបដោយសីលធម៌ខ្ពស់ ដោយផ្អែកលើទស្សនវិជ្ជាធុរកិច្ច របស់លោក Inamori និងទស្សនវិជ្ជាអាជីវកម្មកម្ពុជា ដោយផ្អែកលើព្រះពុទ្ធសាសនា។

ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់ រវាងស្ថប័នមិនមែនរដ្ឋាភិបាលទាំងពីរនេះ​ នឹងជួយបង្កើតទំនាក់ទំនងការទូតរវាងប្រជាជន និងប្រជាជន​ ឱ្យមានការរីកចម្រើនបន្ថែមទៀតរវាងកម្ពុជា និងជប៉ុន តាមរយៈការផ្លាស់ប្តូរគំនិតក្នុងវិស័យធុរកិច្ច​ ​និងបម្រើជាមូលដ្ឋានគ្រឹះមួយនៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងជប៉ុន ខណៈដែលប្រទេសទាំងពីរនឹងប្រារព្ធខួបលើកទី៧០ នៃទំនាក់ទំនងការទូតនៅឆ្នាំ ២០២៣ ខាងមុខនេះ។

តាមរយៈការចុះហត្ថលេខា លើអនុស្សរណៈយោគយល់រវាង CJCC និង Yokohama Management school based on philosophy ​នឹងរួមបញ្ជូលទាំងការផ្តល់ថវិកាឧបត្ថម្ភ ពី Yokohama Management school based on philosophy ទៅដល់ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន CJCC ដើម្បីប្រើប្រាស់ក្នុងការបកប្រែសៀវភៅរបស់លោក Inamori ដែលមានចំណងជើងថា «Ikikata« («生き方» ជាភាសាជប៉ុន ឬ «A compass to fulfillment » ជាភាសាអង់គ្លេស) ពីភាសាជប៉ុនមកជាភាសាខ្មែរ និងបោះពុម្ពផ្សាយសៀវភៅ ដែលបានបកប្រែនោះនៅក្នុងប្រទេសកម្ពុជា។ ​

ថ្លែងក្នុងពិធីចុះអនុស្សារណៈនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២នេះ លោក Mikami Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា មានប្រសាសន៍ថា តាមរយៈការចុះ MOU នេះនឹងបង្កើនការយល់ដឹងពីគ្នាទៅវិញទៅមក រវាងអ្នកពាក់ព័ន្ធក្នុងការងារគ្រប់គ្រងអាជីវកម្មនៅប្រទេសកម្ពុជា និងប្រទេសជប៉ុន ព្រមទាំងជំរុញឱ្យទំនាក់ទំនងប្រទេសទាំងពីរ កាន់តែមានភាពរីកចម្រើនខ្លាំងថែមទៀត ក្នុងការប្រកបអាជីវកម្ម។

លោកបន្តថា ក្រុមហ៊ុនមិនត្រូវគិតតែពីផលប្រយោជន៍របស់ខ្លួននោះទេ តែក៏ត្រូវគិតគូរ និងផ្តល់សេចក្តីសុខដល់បុគ្គលិក ដើម្បីឱ្យពួកគេបំពេញការងារដោយរីករាយ ហើយជាមួយគ្នានេះ ការផ្តល់ផលប្រយោជន៍នៅតាមមូលដ្ឋាន ឬក្រុមគ្រួសាររបស់បុគ្គលិក គឺជាវិធីសាស្រ្តដ៏ល្អ។ សម្រាប់សៀវភៅទស្សនៈរបស់ Inamori នឹងបង្កប់នូវ​គោលគំនិតទាំងអស់នោះ។

លោកបន្តថា «កម្ពុជាគឺជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់នៅថ្ងៃខាងមុខ សង្ឃឹមថាក្រុមហ៊ុនដែលផ្តោតលើក្តីសុខរបស់បុគ្គលិកបែបនេះ នឹងកើនឡើងកាន់តែច្រើនថែមទៀត»

​បណ្ឌិត ម៉ី កល្យាណ ​ប្រធានក្រុមប្រឹក្សាភិបាលសមាគមពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ជប៉ុន (CJBI) បានថ្លែងថា ការចុះអនុវស្សារណៈរវាងស្ថាប័នទាំងបី នឹងជួយពង្រឹងទំនាក់ទំនងការទូតរវាងប្រជាជន និងប្រជាជនតាមរយៈការចុះ MOU នេះ នឹងបង្កើនការយល់ដឹងពីគ្នារវាងអ្នកពាក់ព័ន្ធ ក្នុងការងារគ្រប់គ្រងអាជីវកម្មនៅប្រទេសកម្ពុជា និងប្រទេសជប៉ុន ព្រមទាំងជំរុញឱ្យទំនាក់ទំនងប្រទេសទាំងពីរ កាន់តែមានភាពរីកចម្រើនខ្លាំងថែមទៀតរបស់កម្ពុជា និងជប៉ុនបន្ថែមទៀត។ ជាពិសេស MOU នេះ មានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ប្រទេសកម្ពុជា ដែលចង់លើកតម្កើងក្រមសីលធម៌ ឱ្យកាន់តែលឿន និងប្រសើរជាងមុន។

សៀវភៅរបស់លោក Inamori ​នឹងធ្វើការចេញផ្សាយជាភាសាខ្មែរនៅប៉ុន្មានខែក្រោយ ដើម្បីជំរុញការធ្វើការងារ និងការធ្វើជំនួញប្រកបដោយក្រមសីលធម៌ ​ខណៈកន្លងមកប្រទេសជាច្រើនដូចជា ប្រទេសចិន ប្រេស៊ីល សិង្ហបុរី វៀតណាម ថៃ ​ក៏មានការបកប្រែសៀវភៅរបស់លោកយ៉ាងច្រើនផងដែរ។

លោកមានប្រសាសន៍ទៀតថា «តាមទស្សនៈរបស់ខ្ញុំការរៀន និងការអនុវត្តក្រមសីលធម៌ឱ្យបានល្អ នៅក្នុងសង្គមរបស់យើង ពិបាកជាងការរៀន និងអនុវត្តផ្នែកបច្ចេកទេសទៅទៀត ហើយវាត្រូវការចំណាយពេលយូរ។ នៅក្នុងប្រទេសកម្ពុជាយើង ភាពរុងរឿងខាងផ្នែកសម្ភារៈមានភាពល្អប្រសើរណាស់ហើយ ក៏ប៉ុន្តែភាពរុងរឿងនៃផ្នែកសម្ភារៈ និងផ្នែកសីលធម៌ត្រូវតែដើរទន្ទឹមគ្នា ហើយត្រូវដើរជាមួយគ្នាទៀត។ ប្រទេសកម្ពុជាយើង ចាំត្រូវតែកែលម្អឱ្យបានរហ័សនូវក្រមសីលធម៌ ដោយផ្អែកលើប្រពៃណី សាសនារបស់យើង និងការរៀនពីបទពិសោធន៍ពីប្រទេសជប៉ុន ក៏ដូចជាប្រទេសផ្សេងទៀត»

គួរជម្រាបថា លោក Inamori Kazuo គឺជាអ្នកដឹកនាំធុរកិច្ច ដ៏ល្បីបំផុតមួយរូបក្នុងប្រទេសជប៉ុន ដែលបានបង្កើតក្រុមហ៊ុនសាជីវកម្ម Kyocera និង KDDI ហើយលោកក៏បានធ្វើឱ្យក្រុមហ៊ុនអាកាសចរ Japan Airline រស់រានឡើងវិញផងដែរ។ ទស្សនវិជ្ជាអាជីវកម្មរបស់លោក គឺផ្អែកទៅលើ «ការរស់នៅតាមរបៀបត្រឹមត្រូវ ក្នុងនាមជាមនុស្ស-Living in the right way as human being» ។ ​លោក Inamori បានទទួលមរណភាពនៅខែសីហា ឆ្នាំ ២០២២ ក្នុងជន្មាយុ៩០ឆ្នាំ​)។

ការបង្កើតឱកាសសិក្សា ការបកប្រែ និងការបោះពុម្ពសៀវភៅរបស់លោក Inamori នឹងផ្តល់អត្ថប្រយោជន៍ជាច្រើន សម្រាប់ធុរកិច្ចជននៅកម្ពុជា ក្នុងការលើកកម្ពស់ក្រមសីលធម៌អាជីវកម្មរបស់ពួកគេ។ ជាមួយនឹងឱកាសកាន់តែច្រើន ក្នុងការស្វែងយល់អំពីទស្សនវិជ្ជាធុរកិច្ចរបស់លោក Inamori ​ជឿជាក់ថាធុរកិច្ចជននៅកម្ពុជា អាចកសាងក្រមសីលធម៌អាជីវកម្មរបស់ពួកគេឱ្យកាន់តែមានប្រសិទ្ធភាព ប្រសិទ្ធផល និងរលូន រួមជាមួយការសិក្សាទស្សនវិជ្ជា និងសីលធម៌របស់ពួកគេដោយផ្អែកលើព្រះពុទ្ធសាសនា​៕