(ភ្នំពេញ)៖ គិតត្រឹមខែកញ្ញា ឆ្នាំ២០២២ ទុនបម្រុងអន្តរជាតិរបស់កម្ពុជា មានចំនួន១៧.៧ប៊ីលានដុល្លារអាមេរិក ថយចុះប្រមាណ ១០.៣% ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន។

បើទោះបីទុនបម្រុងអន្តរជាតិរបស់កម្ពុជាថយចុះបន្តិចក្តី អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន បានអះអាងថា «ទុនបម្រុងអន្តរជាតិរបស់កម្ពុជា ស្ថិតក្នុងកម្រិតមួយរឹងមាំ ដែលអាចបង្ការហានិភ័យសេដ្ឋកិច្ចជាយថាហេតុ»

លោកពន្យល់ថា តាមការសង្កេតជាទូទៅប្រទេសមួយ ត្រូវរក្សារទុនបម្រុងអន្តរជាតិ ក្នុងទំហំយ៉ាងតិចធានាបានសម្រាប់រយៈពេល ៣ខែ នៃទំហំទឹកប្រាក់នាំចូលទំនិញសរុប (https://www.imf.org/en/News/Articles/2015/09/28/04/53/sopol040711b)។ ទន្ទឹមនេះ ទុនបម្រុងអន្តរជាតិរបស់កម្ពុជា បានកើនឡើងជារៀងរាល់ឆ្នាំ រហូតដល់ជាង២០ ប៊ីលានដុល្លារអាមេរិក នៅចុងឆ្នាំ២០២០ និងបានប្រែប្រួលបន្តិចបន្តួចនៅឆ្នាំ២០២១-២០២២នេះ ដោយសារបញ្ហាសេដ្ឋកិច្ចសាកល។

លោកបន្តថា ជាក់ស្តែងគិតត្រឹមខែកញ្ញា ឆ្នាំ២០២២ ទុនបម្រុងអន្តរជាតិរបស់កម្ពុជា បានថយចុះប្រមាណ ១០.៣% ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន ដែលបណ្តាលមកពីការកើនឡើងនៃអត្រាការប្រាក់ ធ្វើឲ្យប្រែប្រួលតម្លៃក្នុងទីផ្សារមូលបត្រ ការថយថ្លៃមាស និងការថយថ្លៃរូបិយប័ណ្ណសំខាន់ៗ ធៀបនឹងប្រាក់ដុល្លារអាមេរិក។

លោកសង្កត់ធ្ងន់ថា «ទោះជាយ៉ាងនេះក្តី ទុនបម្រុងអន្តរជាតិរបស់កម្ពុជា នៅពេលបច្ចុប្បន្នធានាបានការនាំចូលទំនិញប្រើប្រាស់ប្រមាណជាង ៨ខែ។ ក្នុងន័យនេះ ទុនបម្រុងអន្តរជាតិរបស់កម្ពុជា ស្ថិតក្នុងកម្រិតមួយរឹងមាំ ដែលអាចបង្ការហានិភ័យសេដ្ឋកិច្ចជាយថាហេតុ»

យោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ទុនបម្រុងអន្តរជាតិនៃប្រទេសមួយ សំដៅលើទ្រព្យសម្បត្តិ ដែលទទួលស្គាល់ជាអន្តរជាតិ ដែលប្រទេសមួយមាន និងត្រូវបានគ្រប់គ្រងដោយអាជ្ញាធររូបិយវត្ថុ សម្រាប់ប្រើក្នុងករណីចាំបាច់ដូចជា៖ ការផ្តល់ហិរញ្ញប្បទានដល់ជញ្ជីងទូទាត់ ប្រសិនបើមានតម្រូវការ, ការធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ ដើម្បីគ្រប់គ្រងការប្រែប្រួលអត្រាប្តូរប្រាក់ និងការរក្សាជំនឿទុកចិត្តលើរូបិយវត្ថុ និងសេដ្ឋកិច្ចជាតិ។

ទុនបម្រុងអន្តរជាតិអាចមានទម្រង់ជាមាស និងរូបិយប័ណ្ណនានាដែល IMF ទទួលស្គាល់ជាអន្តរជាតិដូចជា៖ ប្រាក់ដុល្លារអាមេរិក ប្រាក់អឺរ៉ូ ផោនអង់គ្លេស យេនជប៉ុន និងយ៉ន់ចិន។ IMF តែងតែផ្តល់អនុសាសន៍ ឱ្យប្រទេសសមាជិករក្សាកម្រិតទុនបម្រុងអន្តរជាតិ ឱ្យបានគ្រប់គ្រាន់ ដើម្បីកំណត់កម្រិតគ្រប់គ្រាន់នេះ IMF តែងតែប្រៀបធៀបទំហំទុនបម្រុងអន្តរជាតិ ទៅនឹងចំនួនខែនៃការនាំចូលទំនិញ និងសេវានៅគ្រាខាងមុខ។

ចំពោះប្រទេសកំពុងអភិវឌ្ឍន៍ដូចកម្ពុជា កម្រិតគ្រប់គ្រាន់អប្បបរមានៃទនបម្រុងអន្តរជាតិ ដែលគួរមាន៣ខែនៃការនាំចូលទំនិញ និងសេវានៅគ្រាខាងមុខ។ មូលហេតុដែល IMF និយមធ្វើការប្រៀបធៀបទុនបម្រុងអន្តរជាតិ ទៅនឹងការនាំចូលដោយសារតែការនាំចូល ជាតម្រូវការលើទំនិញ និងសេវាបរទេស ដែលប្រទេសមួយចាំបាច់ត្រូវការ ដើម្បីផ្គត់ផ្គង់ដល់សេដ្ឋកិច្ចឱ្យបានគ្រប់គ្រាន់ បន្ថែមលើការផលិតក្នុងស្រុក។

កម្រិតខ្ពស់នៃទុនបម្រុងអន្តរជាតិ ធៀបនឹងការនាំចូល បង្ហាញពីលទ្ធភាពខ្ពស់ដែលប្រទេសមួយអាចនាំចូលបាន និងធានាបាននូវដំណើរការល្អនៃសេដ្ឋកិច្ច។ ចំពោះកម្ពុជាទុនបម្រុងអន្តរជាតិ បានកើនឡើងជាលំដាប់ ជាក់ស្តែង ទុនបម្រុងអន្តរជាតិរបស់កម្ពុជា នៅពេលបច្ចុប្បន្នធានា បានការនាំចូលទំនិញប្រើប្រាស់ប្រមាណជាង៨ខែ លើសពីកម្រិតតម្រូវរបស់ IMF រហូតដល់៥ខែឯណោះ៕