(អាក្រា)៖ ប្រទេសហ្គាណាកំពុងពិភាក្សាជាមួយក្រុមហ៊ុនប្រេង Emirates National Oil Co. សម្រាប់ការរៀបចំការដោះដូរមួយដែលនឹងអនុញ្ញាតឱ្យប្រទេសនៅអាហ្វ្រិកខាងលិចមួយនេះអាចទិញប្រេងឥន្ធនៈដោយប្រើប្រាស់មាសជំនួសលុយ។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សំដីលោក Kabiru Mahama ទីប្រឹក្សាសេដ្ឋកិច្ចរបស់អនុប្រធានាធិបតីរបស់ប្រទេសហ្កាណាលោក Mahamudu Bawumia ថា រដ្ឋាភិបាលហ្កាណាបានឈានដល់កិច្ចព្រមព្រៀង «បណ្តោះអាសន្ន» មួយជាមួយក្រុមហ៊ុនប្រេងដែលមានមូលដ្ឋាននៅទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម។

ហ្គាណាដែលជាប្រទេសផលិតមាសធំជាងគេទីពីររបស់ទ្វីបអាហ្រ្វិក កាលពីសប្តាហ៍មុនបានបញ្ជាឱ្យក្រុមហ៊ុនរុករករ៉ែធំៗលក់លោហៈធាតុមានតម្លៃនេះចំនួន ២០% នៃមាសដែលពួកគេចម្រាញ់ទៅឱ្យធនាគារកណ្តាលចាប់ពីថ្ងៃទី១ ខែមករាទៅ ខណៈដែលធនាគារកណ្តាលនេះបង្កើនទុនបម្រុងមាសដុំដើម្បីប្រើប្រាស់ក្នុងការនាំចូលប្រេងឥន្ធនៈ និងកាត់បន្ថយតម្រូវការប្រាក់ដុល្លារ បន្ទាប់ពីរូបិយប័ណ្ណរបស់ខ្លួនបានធ្លាក់ចុះថ្លៃ ៥៧% នៅឆ្នាំនេះ។

លោក Mahama បានថ្លែងនៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទមួយកាលពីថ្ងៃសុក្រសប្តាហ៍មុនថា៖ «យើងបើកចំហចំពោះក្រុមហ៊ុនពាណិជ្ជកម្មប្រេងអន្តរជាតិណាមួយដែលចាប់អារម្មណ៍។ ចាប់ពីខែតុលា ឆ្នាំក្រោយទៅ តម្រូវការផលិតផលប្រេងទាំងអស់របស់យើងនឹងត្រូវបានដោះដូរជាមួយនឹងមាស»

ប្រទេសហ្កាណាកំពុងតស៊ូធ្វើឱ្យសេដ្ឋកិច្ចរបស់ខ្លួនមានស្ថិរភាព និងមើលឃើញថា ប្រព័ន្ធដោះដូរទំនិញជាមធ្យោបាយមួយដើម្បីទប់ស្កាត់ការធ្លាក់ថ្លៃប្រាក់សេឌី (Cedi) ដែលជារូបិប័ណ្ណដែលធ្លាក់ថ្លៃខ្លាំងបំផុតមួយក្នុងពិភពលោកដែលត្រូវបានតាមដានដោយ Bloomberg។ ការចុះថ្លៃរបស់ប្រាក់សេឌីកំពុងជំរុញឱ្យអតិផរណាកើនឡើង និងបំផ្លាញទុនបម្រុងរូបិយប័ណ្ណ បរទេសរបស់ប្រទេសហ្កាណា។ នេះបើយោងតាមទីភ្នាក់ងារ Bloomberg៕