(គូឡាឡាំពួ)៖ នាយកប្រតិបត្តិក្រុមហ៊ុន Capital A លោក Tony Fernandes បានឱ្យដឹងថា ក្រុមហ៊ុននឹងច្របាច់បញ្ចូលគ្នានូវអាជីវកម្មក្រុមហ៊ុនអាកាសចរណ៍ផ្តល់សេវាតម្លៃទាប AirAsia របស់ខ្លួនជាមួយនឹងក្រុមហ៊ុនអាកាសចរណ៍ AirAsia X ដែលជាផ្នែកមួយនៃការរៀបចំរចនាសម្ព័ន្ធសាជីវកម្មឡើងវិញ ដើម្បីកាត់បន្ថយឋានៈរបស់ខ្លួនក្នុងនាមជាក្រុមហ៊ុនដែលជួបបញ្ហាហិរញ្ញវត្ថុ។

ក្រុមហ៊ុន Capital A របស់ប្រទេសម៉ាឡេស៊ីដែលដឹកនាំដោយលោក Fernandes នឹងរក្សាអាជីវកម្មសេវាកម្មឌីជីថល ភស្តុភារ និងអាកាសចរណ៍ ខណៈដែលក្រុមហ៊ុន AirAsia X នឹងត្រូវប្តូរឈ្មោះជាក្រុមហ៊ុន AirAsia Aviation ហើយត្រូវបានដឹកនាំដោយនាយកប្រតិបត្តិយូរឆ្នាំរបស់ក្រុមហ៊ុនគឺលោក Bo Lingam ស្ថិតក្រោមផែនការនេះ។ ក្រុមហ៊ុន Capital A សង្ឃឹមថានឹងដាក់ជូនផែនការនេះទៅកាន់ផ្សារហ៊ុន Bursa Malaysia Securities របស់ម៉ាឡេស៊ីសម្រាប់ការអនុម័តនៅក្នុងខែកុម្ភៈឆ្នាំក្រោយ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សម្ដីលោក Fernandes ថា អាជីវកម្មអាកាសចរណ៍របស់ក្រុមហ៊ុន AirAsia នឹងបង្កើនដើមទុន ដែលអាចធ្វើទៅបានតាមរយៈការចុះបញ្ជីនៅផ្សារហ៊ុនចំនួនពីរគឺនៅសហរដ្ឋអាមេរិក ឬនៅប្រទេសផ្សេងទៀតក្នុងទ្វីបអាស៊ី ហើយបន្តស្វែងរកឱកាសរីកចម្រើននានា ដូចជាការបង្កើតក្រុមហ៊ុនអាកាសចរណ៍ថ្មីនៅប្រទេសនានាដូចជាប្រទេសវៀតណាម និងកម្ពុជាជាដើម។

លោកបានបន្ថែមថា ក្រុមហ៊ុន Capital A អាចចុះបញ្ជីអាជីវកម្មសេវាកម្មអាកាសចរណ៍របស់ខ្លួន រួមទាំងសេវាការថែទាំនិងជួសជុលយន្តហោះ នៅក្នុងប្រទេសសិង្ហបុរី ជាទីកន្លែងដែលមានគូប្រជែងផ្សេងទៀតដូចជាក្រុមហ៊ុន Singapore Technologies Engineering និងក្រុមហ៊ុន SATS ជាដើម៕