(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយមូលនិធិអភិវឌ្ឍន៍មូលធននៃអង្គការសហប្រជាជាតិ (UNCDF) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «នីតិវិធីគ្រប់គ្រងប្រតិបត្តិការរួម សម្រាប់គម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន» ឬ ហៅកាត់ថា « នីតិវិធី SOP for PPP Projects» នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា​ ដើម្បីភាគីពាក់ព័ន្ធឱ្យបានយល់ដឹងកាន់តែស៊ីជម្រៅ អំពីក្របខ័ណ្ឌគ្រប់គ្រងគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន។

សិក្ខាសាលានេះ បានរៀបចំឡើងក្រោមអធិបតីភាព លោកបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល, តំណាងដៃគូអភិវឌ្ឍន៍, ស្ថាប័នហិរញ្ញវត្ថុ, ក្រុមហ៊ុនទីប្រឹក្សាក្នុងវិស័យវិនិយោគសាធារណៈ, ក្រុមហ៊ុនមេធាវី, ក្រុមហ៊ុនធានារ៉ាប់រង, ក្រុមហ៊ុនជាតិ និងអន្តរជាតិ និងវិស័យឯកជន សរុបប្រមាណ ២០០នាក់។

បណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច បានថ្លែងថា សិក្ខាសាលានេះ ត្រូវបានធ្វើឡើង បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលបានអនុម័តដាក់ឱ្យអនុវត្តនីតិវិធី SOP for PPP Projects តាមរយៈអនុក្រឹត្យលេខ១៧៤ អនក្រ.បក ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវនីតិវិធី SOP for PPP Projects ជូនភាគីពាក់ព័ន្ធឱ្យបានយល់ដឹងកាន់តែស៊ីជម្រៅអំពីក្របខ័ណ្ឌគ្រប់គ្រងគម្រោង PPP ជាពិសេសលើកកម្ពស់ការអនុវត្តគម្រោងឱ្យអនុលោមជាមួយនឹងច្បាប់ និងនីតិវិធី SOP នៅគ្រប់ដំណាក់កាលនៃវដ្តគម្រោង។

លោកបន្តថា ​នីតិវិធី SOP នេះ ត្រូវបានគិតគូរឡើងនៅក្នុងបរិការណ៍សំខាន់ចំនួន៤៖ ទី១-ការថយចុះហិរញ្ញប្បទានឥតសំណងលើសកលលោក និងការបាត់បង់ជាបណ្តើរៗ នូវឥណទានសម្បទានកម្រិតខ្ពស់របស់កម្ពុជា, ទី២-កម្ពុជា និងពិភពលោកបានកំពុងជួបប្រទះនូវបញ្ហាប្រឈមថ្មីៗ រួមមានភាពតានតឹងផ្នែកភូមិសាស្រ្តនយោបាយ និងការអូសបន្លាយនៃសង្រ្គាមរុស្សី-អ៊ុយក្រែន បន្ថែមលើផលប៉ះពាល់ដោយវិបត្តិជំងឺកូវីដ-១៩ កន្លងមក, ទី៣-ការខិតខំបញ្ចៀសកម្ពុជាកុំឱ្យធ្លាក់ផុងទៅក្នុង «អន្ទាក់នៃថ្លៃ» ដែលអាចកើតឡើង តាមរយៈការចុះកិច្ចសន្យារយៈពេលវែង ជាមួយវិស័យឯកជន ដោយត្រូវមានការត្រួតពិនិត្យ គម្រោងឱ្យបានត្រឹមត្រូវ និងម៉ត់ចត់ និងទី៤-ភាពចាំបាច់ក្នុងការបង្កើនការចូលរួម ពីដៃគូឯកជនក្នុងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋកម្ពុជាឱ្យកាន់តែប្រសើរ។

លោក​បានមានប្រសាសន៍បន្ថែមថា នីតិវិធី SOP នេះនឹងរួមចំណែកបង្កើតក្របខ័ណ្ឌគ្រប់គ្រងគម្រោង PPP កាន់តែរឹងមាំ ដោយបានកំណត់អំពីយន្តការស្ថាប័នមានសមត្ថកិច្ច, នីតិវិធី និងជំហានលម្អិត ដូចជាការធ្វើអត្តសញ្ញាណកម្ម និងជ្រើសរើសគម្រោង, ការសិក្សា និងវាយតម្លៃ, ការជ្រើសរើសដៃគូឯកជន និងទីប្រឹក្សា, ការរៀបចំកិច្ចសន្យា និងយន្តការគាំទ្រហិរញ្ញវត្ថុ, ការលើកទឹកចិត្តវិនិយោគសម្រាប់គម្រោង PPP, និងការតាមដានការអនុវត្តគម្រោង។ ដូចនេះ​ ការសម្រេចដាក់ឱ្យអនុវត្តនីតិវិធី SOP នេះរបស់រាជរដ្ឋាភិបាលនាពេលនេះ គឺម្ខាងដើម្បីគាំទ្រដល់ច្បាប់ស្តីពី PPP និងម្ខាងទៀតដើម្បីគ្រប់គ្រងការរៀបចំអភិវឌ្ឍ និងអនុវត្តគម្រោង PPP ឱ្យកាន់តែពេញលេញ និងមានប្រសិទ្ធភាព។

​លោកបន្តថា នីតិវិធី SOP នេះត្រូវបានរៀបចំយ៉ាងលម្អិត និងបានគិតគូរ ផ្អែកលើបរិការណ៍កម្ពុជានិងឧត្តមានុវត្តន៍អន្តរជាតិ ហើយត្រូវបានបែងចែកជា ០៣ ភាគ រួមមាន៖ភាគ១ ស្តីពីគោលនយោបាយ និងនីតិវិធី (Policies and Procedures), ភាគ២ ស្តីពីគោលការណ៍ណែនាំ (Guidelines) និងភាគ៣ ស្តីពីនីតិវិធីគ្រប់គ្រងលទ្ធកម្មគម្រោង (Procurement Manual) ហើយបានដាក់ឆ្លងការដាក់ពិគ្រោះយោបល់ជាមួយក្រសួង-ស្ថាប័ន និងដៃគូពាក់ព័ន្ធ ព្រមទាំងត្រូវបានកែសម្រួលជាច្រើនលើកច្រើនសារ។ ការដាក់ឱ្យអនុវត្តនីតិវិធី SOP នេះ ជាសមិទ្ធិផលមួយទៀតរបស់រាជរដ្ឋាភិបាល ដែលត្រូវបានសាទរ និងវាយតម្លៃខ្ពស់ពីសំណាក់ដៃគូពាក់ព័ន្ធ រួមមាន ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) , ធនាគារពិភពលោក (World Bank), មូលនិធិអភិវឌ្ឍន៍មូលធននៃអង្គការសហប្រជាជាតិ (UNCDF), និងក្រុមការងារ P4I នៃរដ្ឋាភិបាលអូស្រ្តាលី ជាដើម។

លោកបាន​ឱ្យដឹងផងដែរថា ​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏នឹងរៀបចំអនុវត្តផែនការអភិវឌ្ឍន៍សមត្ថភាពស្ថាប័ន និងធនធានមនុស្សលើការគ្រប់គ្រងយន្តការ PPPនាពេលខាងមុខផងដែរ​៕