(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបតែអនុម័តគម្រោងវិនិយោគថ្មីៗចំនួន៤ទៀត សរុបទុនវិនិយោគជាង ១៧០លានដុល្លារ និងអាចបង្កើតការងារបានជាច្រើនកន្លែង ក្នុងនោះមានគម្រោងវិនិយោគសណ្ឋាគារផ្កាយ៥ តម្លៃជាង១៦០លានដុល្លារ នៅក្រុងព្រះសីហនុ។

CDC បានបញ្ជាក់ឲ្យដឹងថា តាមសំណើសុំវិនិយោគសាងសង់ និងអាជីវកម្មសណ្ឋាគារផ្កាយ៥ ចំនួន៥៨២បន្ទប់ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងមណ្ឌលកម្សាន្តរបស់ក្រុមហ៊ុន MARITIME CITY CO., LTD គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុន។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបញ្ជាក់ថា គម្រោងវិនិយោគរបស់ក្រុមហ៊ុនខាងលើនេះ មានទីតាំងវិនិយោគស្ថិតនៅភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ១៦៤.៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន១.៤៥៥កន្លែង។

ដោយឡែក តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១៖ ONEPLUS NEW MATERIAL TECHNOLOGY CO., LTD គម្រោងបង្កើតរោងចក្រផលិតទុយោប្លាស្ទិក គ្រឿងតំណបំពង់ទីបជ័រគ្រប់ប្រភេទ និងគ្រឿងបន្ទាប់បន្សំ ដែលមានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគចំនួន ៥.៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ៧០កន្លែង។

២៖ JINLAI TEXTILES CO., LTD គម្រោងបង្កើតរោងចក្រផលិតភួយ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគចំនួន ១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ១០០កន្លែង។

៣៖ XINJINCAI PLASTIC (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតសម្ភារៈវេចខ្ចប់គ្រប់ប្រភេទ ធ្វើពីប្លាស្ទិក ស្កុត និងស្ទិកឃ័រ ដែលមានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគចំនួន១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ៨០កន្លែង៕