(បាងកក)៖ សេដ្ឋកិច្ចរបស់ប្រទេសថៃត្រូវបានរំពឹងថានឹងកើនឡើងពី ៣-៤% នៅឆ្នាំក្រោយ ដែលគាំទ្រដោយឧស្សាហកម្មទេសចរណ៍ និងលទ្ធផលនៃកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (Apec)។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ដោយដកស្រង់សំដីរបស់លោក Sanan Angubolkul ប្រធានសភាពាណិជ្ជកម្មថៃខណៈថ្លែងនៅក្នុងសិក្ខាសាលាមួយកាលពីថ្ងៃសៅរ៍ថា លោកបានចាត់ទុកឆ្នាំនេះថាជាបញ្ហាប្រឈមសម្រាប់សេដ្ឋកិច្ច ខណៈដែលប្រទេសថៃប្រឈមនឹងវិបត្តិដែលនាំមកដោយជំងឺរាតត្បាតកូវីដ-១៩ និងជម្លោះរុស្ស៊ី-អ៊ុយក្រែន ដែលបានប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច។

ទោះជាយ៉ាងណា លោក Sanan មានទំនុកចិត្តថា ផលិតផលក្នុងស្រុកសរុប (GDP) នឹងកើនឡើងពី ៣-៤% ខណៈពេលដែលកំណើននៃការនាំចេញនឹងកើនឡើងដល់ ៣-៥% បន្ទាប់ពីមានព័ត៌មានថា ប្រទេសចិននឹងបើកចំហរប្រទេសរបស់ខ្លួនឡើងវិញនៅពាក់កណ្តាលឆ្នាំក្រោយ។

កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា ការបើកដំណើរការឡើងវិញរបស់ប្រទេសចិននឹងបណ្តាលឱ្យមានការកើនឡើងភ្ញៀវទេសចរបរទេសនៅក្នុងប្រទេសថៃ ដែលកើនឡើងទ្វេដងពីឆ្នាំនេះរហូតដល់ ២០លាននាក់។ កត្តានេះនឹងជំរុញចំណូលពីវិស័យទេសចរណ៍ និងជួយសេដ្ឋកិច្ចនៅមូលដ្ឋាន។

សាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ (UTCC) បានប៉ាន់ប្រមាណថា លទ្ធផលនៃកិច្ចប្រជុំកំពូល APEC ដ៏ជោគជ័យនឹងទាក់ទាញការវិនិយោគបរទេសមកប្រទេសថៃប្រហែល ៦០០ ពាន់លានបាត ដូចជាគម្រោងផ្លូវដែកថៃ-ចិនតម្លៃ ១០០ពាន់លានបាត និងគម្រោងស្តុកប្រេងដែលមានតម្លៃ ១០០ពាន់លានបាតរបស់ប្រទេសអារ៉ាប៊ីសាអូឌីតជាដើម៕