(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ឲ្យដឹងថា រាល់ការកំណត់ពន្ធឡើងវិញ បើសិនជាមានក្រុមហ៊ុនណាមិនពេញចិត្ដលើការកំណត់ពន្ធឡើងវិញ សូមមកដាក់ពាក្យតវ៉ា នៅអគ្គនាយកដ្ឋានពន្ធដារ ក្នុងរយៈពេលកំណត់៣០ថ្ងៃ គិតចាប់ពីថ្ងៃទទួលលិខិតជូនដំណឹងស្ដីពីការកំណត់ពន្ធឡើងវិញ។

លោកបានបន្ថែមទថា ក្នុងករណីដែលក្រុមហ៊ុនដាក់ពាក្យតវ៉ា លើការកំណត់ពន្ធឡើងវិញក្នុងរយៈពេល ៣០ ថ្ងៃ នោះប្រាក់ពន្ធដែលត្រូវបានកំណត់ឡើងវិញពុំទាន់បានត្រូវកត់ត្រាជាបំណុលពន្ធឡើយ។

លោកបន្ថែមទៀតថា អ្នកជាប់ពន្ធខ្លះបានដាក់លិខិតតវ៉ាតែមួយសន្លឹកមក ដោយមិនភ្ជាប់សក្ខីកម្ម (ភស្ដុតាង) ឬបញ្ជាក់មូលហេតុច្បាស់លាស់ ដើម្បីដោះបន្ទុកអ្វីនោះឡើយ គឺគ្រាន់តែដាក់ពាក្យមកតវ៉ាដើម្បីពន្យារពេល ដែលខ្លះពន្យារពេលបង់ពន្ធពី ៦ខែ ទៅ១ឆ្នាំ ឬលើសពីនេះ ដោយមិនបានមកដោះស្រាយអ្វីទាំងអស់។ អគ្គនាយកដ្ឋានពន្ធដារ មិនអាចទុកកិច្ចការងារចោលយូរដូច្នេះទេ។

លោកបានថ្លែងថា «សូមចូលរួមគោរពច្បាប់ទាំងអស់គ្នា។ ច្បាប់កំណត់ឱ្យអ្នកជាប់ពន្ធមានពេល ៣០ថ្ងៃ ដើម្បីដាក់ពាក្យស្នើសុំតវ៉ាមក និងដាក់សក្ខីកម្ម ហើយបើដាក់តែក្រដាសមួយសន្លឹកទេ យើងខ្ញុំអាចមិនទទួលស្គាល់ថា ការតវ៉ានេះគ្រប់លក្ខណៈនៃការតវ៉ានោះទេ»

ជាមួយគ្នានេះ ប្រសិនបើក្រុមហ៊ុនគិតថា មន្ត្រីសវនករធ្វើខុស លោកប្រាប់ថាអាចប្ដឹងមកអង្គភាពគ្រប់គ្រងអ្នកជាប់ពន្ធ ឬមកអគ្គនាយកផ្ទាល់ក៏បាន។ លោកនឹងពិនិត្យមើល និងមានគណៈកម្មការវិន័យ បើសិនជារកឃើញថា មានកំហុស នឹងមានការដាក់ពិន័យ និងទោសទណ្ឌ តាមច្បាប់ជាធរមាន។

លោកសង្កត់ធ្ងន់ថា ប្រសិនជាសវនករធ្វើខុស ប្ដឹងមកអង្គភាព និងប្ដឹងមកអគ្គនាយកដ្ឋានពន្ធដារ អត់មានអ្នកដោះស្រាយ គឺអាចប្ដឹងទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឬទៅកាន់ស្ថាប័នមានសមត្ថកិច្ចផ្សេងទៀតតាមករណីជាក់ស្ដែង ដូចជា អង្គភាពប្រឆាំងអំពើពុករលួយ ជាដើម។ អគ្គនាយកដ្ឋានពន្ធដារបើកចំហរជូនអ្នកជាប់ពន្ធនិងសាធារណជនជានិច្ច៕